អន្តរជាតិ
ហុងកុងច្រានចោលរបាយការណ៍របស់អាម៉េរិកដែលរិះគន់ខ្លួនពីការបិទសិទ្ធសេរីភាពពលរដ្ឋ
01, Apr 2023 , 11:29 pm        
រូបភាព
ទីក្រុងហុងកុងនៅថ្ងៃទី១ ខែមេសាបានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះរបាយការណ៍ថ្មីរបស់រដ្ឋាភិបាល​អាម៉េរិកដែលអះអាងថាផលប្រយោជន៍របស់អាម៉េរិកត្រូវបានគំរាម ហើយទីក្រុងប៉េកាំងបានបន្តបំផ្លាញនីតិរដ្ឋ និងសេរីភាពនៅទីក្រុងនេះក្រោមច្បាប់សន្តិសុខជាតិ។



របាយការណ៍របស់អាម៉េរិកស្តីពីគោលនយោបាយហុងកុងឆ្នាំ ២០២៣ ដែលត្រូវបានចេញផ្សាយដោយក្រសួងការបរទេសអាម៉េរិកបានលើកឡើងថា អាជ្ញាធរចិន និងហុងកុងបានបន្តប្រើប្រាស់ច្បាប់សន្តិសុខជាតិ ជាមូលដ្ឋានយ៉ាងទូលំទូលាយនិងដើម្បីបំផ្លាញនីតិរដ្ឋ និងសិទ្ធិសេរីភាពដែលត្រូវបានការពារនៅទឹកដីហុង​កុង។
 
ច្បាប់សន្តិសុខជាតិត្រូវបានអនុម័តក្នុងខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ដែលអនុញ្ញាតឱ្យទីក្រុងហុងកុងអាចបញ្ជូនអ្នកទោសដែលអាចប្រឈមនឹងការដាក់ពន្ធនាគារអស់មួយជីវិត​ទៅកាត់ក្តីនៅចិនដីគោក។ 
 
យ៉ាងណាមិញ ច្បាប់នេះបានបង្កភាពចម្រូង​ចម្រាសនិងការតវ៉ាបាតុកម្មពាសពេញហុងកុង និងទាក់ទាញការរិះគន់ជាហូរហែរពីសហគមន៍អន្តរជាតិ។ ការរឹតបន្តឹងរបបសន្តិសុខនៅទីក្រុងហុងកុងនេះ​ បានឆ្លុះបញ្ចាំងកាន់តែច្បាស់ពីឥទ្ធិពលចិនលើទីក្រុងហុងកុង។ 
 
«អាជ្ញាធរហុងកុងបានបន្តចាប់ខ្លួន និងកាត់ទោសមនុស្សចំពោះការបញ្ចេញមតិនយោបាយដោយសន្តិវិធី រិះគន់រដ្ឋាភិបាលក្នុងតំបន់ និងកណ្តាល ដែលរួមមានការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម​»។ នេះបើតាមរបាយការណ៍របស់អាម៉េរិក។ ​
 
ជាការឆ្លើយតប អ្នកនាំពាក្យរដ្ឋាភិបាលហុងកុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនយល់ស្រប និងច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងដែលគ្មានមូលដ្ឋាន និងបំភ្លៃការពិតនៅក្នុងរបាយការណ៍របស់អាម៉េរិកនេះ។
 
«ការប៉ុនប៉ងរបស់អាម៉េរិកក្នុងការបំផ្លាញស្ថិរភាព និងវិបុលភាពរបស់ហុងកុងនឹងបង្ហាញភាពទន់ខ្សោយ និងអំណះអំណាងខុសរបស់អាម៉េរិកប៉ុណ្ណោះ»។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលហុងកុង។ អ្នកនាំពាក្យដដែលក៏បានបន្ថែមថា ការការពារសន្តិសុខជាតិគឺមានសារសំខាន់ណាស់ ហើយពលរដ្ឋទាំងអស់ត្រូវតែនៅក្រោមច្បាប់ដោយមិនគិតពីគោលជំហរនយោបាយ ឬសាវតារ។
 
គួរបញ្ជាក់ថា គិតត្រឹមបច្ចុប្បន្ន មនុស្សជាង២៣០ នាក់ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថាបានបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិចាប់តាំងពីឆ្នាំ២០២០ មករួមទាំងអ្នកប្រជាធិបតេយ្យលេចធ្លោចំនួន៤៧នាក់ ដែលត្រូវបានចោទប្រកាន់ពីបទសមគំនិតប្រឆាំងរដ្ឋាភិបាល៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com