ជាតិ
ខេត្តកំពង់ស្ពឺ បន្តរៀបចំការ​ប្រណាំងរទេះសាឡីគោលឿន ​
02, Apr 2023 , 11:59 am        
រូបភាព
គោដែលបានចូលរួម​ប្រណាំងរទេះសាឡីគោលឿន ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០២២
គោដែលបានចូលរួម​ប្រណាំងរទេះសាឡីគោលឿន ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០២២
ភ្នំពេញ៖ ឆ្នាំ​នេះ​ខេត្ត​កំពង់​ស្ពឺ​ នឹង​រៀប​ចំ​​កម្ម​វិធី​ប្រណាំ​ង​រទេះ​សាឡី​គោលឿន​ នៅ​ថ្ងៃ​ទី​២​ ខែ​មេសា ឆ្នាំ​២០២៣​ ដោយ​​ទទួល​បាន​គោ​ចូល​រួម​ប្រកួត​ ចំនួន​៣៩​នឹម​​។ ​លោក ស៊ុន មានជ័យ ប្រធានមន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់​ស្ពឺ មើលឃើញថា ឆ្នាំ​នេះ​​នឹង​មាន​អ្នក​ចូល​រួម​ទស្សនា​ ច្រើន​ជាង​ឆ្នាំ​មុន​ទ្វេដង​​។



ក្នុងកិច្ចសម្ភាសជាមួយ​សារព័ត៌មាន​ថ្មី​ៗ ​លោក ស៊ុន មានជ័យ បង្ហាញក្តីរំពឹថា នឹង​ទទួល​បាន​អ្នក​ចូល​ទស្សនា​ ច្រើន​កុះ​ករ​ជាង​ឆ្នាំ​មុន​ ដ្បិត​​កម្ម​វិធី​ធ្វើ​ចំ​ថ្ងៃ​ឈប់​សម្រាក​ ហើយ​ទី​តាំង​​ប្រារព្ធ​កម្ម​វិធី​ នៅ​ជាប់​ផ្លូវ​ធំ ដែល​អំណោយ​ផល​ដល់​ការ​ចូល​ទស្សនា​ផង​។
 
លោក ស៊ុន មានជ័យ បញ្ជាក់​​បន្ថែម​៖«​យើង​ធ្វើ​នៅ​ជាប់​ផ្លូវ​ធំ​ ដូច្នេះ​យើង​រំពឹង​​ថា​មាន​អ្នក​ចូល​​ទស្សនា​ច្រើ​ន​ជាង​មុន​។ ដោយ​ឡែក​បើ​យើង​មើល​ទៅ​លើ​ការ​ចាប់​អារម្មណ៍​ របស់​មហាជន​​លើ​ផេក​របស់​មន្ទីរ​វប្បធម៌​ ដែល​យើង​បាន​ផុស​ គឺ​ឆ្នាំ​​នេះ​មានអ្នក​ចុច Like (ចូល​ចិត្ត​) ​ដល់​ទៅ​២១៧​K(២១៧ពាន់នាក់) ដែល​ឆ្នាំ​មុន​ មាន​តែ​ប្រមាណ​៣K(៣ពាន់នាក់​)ប៉ុណ្ណោះ​»។​
 
តាម​របាយ​ការណ៍​ដែលមន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ទទួល​បាន​ពីសមាគមគោ ​ឆ្នាំ​នេះ​ចំនួន​នឹម​គោ​ដែល​​បាន​ចុះ​ឈ្មោះ​ប្រកួត មាន​ចំនួន​៣៩​នឹម គោធំមាន​ចំនួន​​២៣នឹម​ និង​គោ​តូច​មាន​ចំនួន​១៦នឹម​។ ទោះ​ជា​យ៉ាង​ណា ចំនួន​គោចូល​រួម​ជាក់​ស្ដែង​ អាច​នឹង​ប្រែប្រួល​ ដោយ​កត្តា​សុខភាព​គោ​ និង​កត្តា​ផ្សេង​ៗ​ទៀត​។ ដោយ​ឡែក​​កាល​ពី​ឆ្នាំ​មុន គោ​ចូល​រួម​ប្រកួត​មាន​ចំនួន​២៨​នឹម​។
 
គោ​ដែល​​ចូល​រួម​ប្រកួត​ មាន​មក​ពី​ស្រុក​​គងពិសី ឧដុង្គ​ សំរោងទង និង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។ ក៏​មាន​ដែរ​គោ​មក​​ពី ខណ្ឌ​កំបូក ​រាជ​ធានី​ភ្នំពេញ មក​ពី​ស្រុក​បាធាយ ខេត្ត​​កំពង់ចាម មក​ពី​ស្រុក​អង្គ​ស្នួល ​ស្រុក​ព្រៃពួច និង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​​កណ្ដាល​។
 
ការ​ប្រណាំង​រទេះសាឡីគោលឿន បានចាប់​ផ្ដើម​ពី​ម៉ោង​៨ព្រឹក​ នៅ​លើ​ដី​ឡូត៍មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​រការធំ ក្រុង​ច្បារ​មន​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​ ៤៣-៤៤ ទល់​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ PTT។
 
សូម​បញ្ជាក់​ថា កាលពី​​ឆ្នាំ​២០២១ ​ការ​ប្រណាំង​រទេះសាឡី​គោលឿន ទទួល​បាន​​អ្នក​ចូល​ទស្សនា​​ ក្នុង​រង្វង់​ពី​៥រយទៅ​១ពាន់​នាក់។​ ដោយ​ឡែក​ឆ្នាំ​នេះ ប្រធានមន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់​ស្ពឺ រំពឹង​ថា​នឹង​ទទួល​បាន​​អ្នក​ទស្សនា​ ចាប់​ពី​រាប់​ពាន់​នាក់​ឡើង​ទៅ​។
 
សូម​រំលឹក​ថា នេះ​ជា​ឆ្នាំ​ទី​៩​ហើយ​ ដែល​​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​កំពង់​ស្ពឺ​​ សហការណ៍​ជា​មួយ​សមាគម​​គោ​ ដើម្បី​រៀប​ចំ​ការ​ប្រណាំង​រទេះសាឡី​គោលឿន​​។ យ៉ាង​ណា​ក៏​ដោយ​ ខេត្តកំពង់​ស្ពឺ​​មាន​ប្រពៃណី​​ប្រណាំង​រទេះ​សាឡីគោលឿន​តាំង​ពី​បុរាណ​។ ហើយ​ក្រោយ​បែក​សង្គ្រាម​ ខេត្ត​កំពង់​ស្ពឺ​ ចាប់​ផ្ដើម​ប្រណាំ​ង​​រទេះ​សាឡីគោលឿនឡើង​វិញ​ តាំង​ពី​ឆ្នាំ​១៩៨១​មក​ម្ល៉េះ​ ប៉ុន្តែ​ធ្វើ​ក្នុង​កម្រិត​ភូមិ​ ឬ​សហគមន៍​៕ 
 

Tag:
 ប្រពៃណី
  ទម្លាប់​
  គោ
  ប្រណាំង​រទេះ​សាឡី​គោលឿន​
 
© រក្សាសិទ្ធិដោយ thmeythmey.com