ជាតិ
តើផ្លូវបុរាណខ្មែរ មាននៅកន្លែងណាខ្លះ នាពេលបច្ចុប្បន្ន?
15, Oct 2023 , 2:59 pm        
រូបភាព
KhmerEmpire Road- ផ្លូវបុរាណ
KhmerEmpire Road- ផ្លូវបុរាណ
សៀមរាប៖ ផ្លូវ ជាមធ្យោបាយសំខាន់ក្នុងការរស់នៅ និងធ្វើជំនួញ។ បុរាណរបស់ចក្រភពខ្មែរ មានប្រវែងប្រមាណ ៣ ០០០គីឡូម៉ែត្រ ដែលអាចធ្វើដំណើរទៅដល់ប្រទេសដទៃទៀត។

 
ផ្លូវបុរាណខ្មែរ ត្រូវបានកកើត បន្ទាប់ពីមនុស្សចាកចេញ ពីរូងភ្នំ ហើយមកតាំងលំនៅលើទីវាល។ នាសម័យមុនអង្គរ មនុស្សបង្កើតផ្លូវក្នុងគោលបំណងស្វែងរកទឹក ដើម្បីយកមកប្រើប្រាស់ក្នុងសហគមន៍។ ក្រោយមក ផ្លូវក៏ចាប់ផ្តើមវិវត្តន៍កាន់តែធំ។ ដើមគ្រិស្តសករាជ សហគមន៍ បានប្រែក្លាយជារដ្ឋតូចៗ។ ការប្រែជារដ្ឋតូចៗនេះ ក៏បានប្រែជាចក្រភពមួយ ដែលមានរាជធានីធំជាគោល។ ហេតុនេះហើយ ផ្លូវ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រាស្រ័យទំនាក់ទំនងទាំងផ្នែកជំនួញ។​
 
 

ជាការពិត សម័យបុរាណ ផ្លូវទឹក ជាមធ្យោបាយធ្វើដំណើរ និងធ្វើជំនួញធំបំផុត។ សម្រាប់ចក្រភពខ្មែរ ការធ្វើជំនួញតាមផ្លូវទឹកជាមួយចិន និងឥណ្ឌា គឺត្រូវប្រើរយៈពេលវែង។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា ខ្យល់មូសុង ដែលបកពីសមុទ្រមកដីគោក និងបកពីដីគោកមកសមុទ្រ មានរយៈពេល៦ខែដូចគ្នា។ ខ្យល់មូសុង បានធ្វើឱ្យនាវាចររបស់ប្រទេសទាំងពីរ ចុះសំចតនៅដែនដីខ្មែរ។ អំឡុងពេលនាវាចរ ចុះចតប្រាស្រ័យទាក់ទងគ្នារវាងប្រទេសខាងក្រៅ និងខាងក្នុង ក៏ចាប់ផ្តើមកើតមានផងដែរ ដូចជាការផ្លាស់ប្តូរ អរិយធម៌ ប្រពៃណី ក៏ដូចជាអរិយធម៌ជាដើម។ 
 
ផ្លូវបុរាណខ្មែរ អាចធ្វើដំណើរដល់ខេត្ត ភីមៃ (Phimay) ប្រទេសថៃ ដែលជាអតីតទឹកដីរបស់ខ្មែរ។ ប៉ុន្តែផ្លូវបុរាណ មិនត្រូវបានបញ្ចប់ត្រឹមខេត្ត​ ភីមៃ នេះទេ។ លោក អ៊ឹម សុខរិទ្ធី អះអាងថា ភីមៃ ជាដំណភ្ជាប់មួយ ដែលជាចំណុចសំខាន់ធំជាងគេ។ ប៉ុន្តែផ្លូវតូចៗ ត្រូវបានភ្ជាប់បន្តពី ភីមៃ នេះ ទៅកាន់តំបន់ឆ្ងាយៗផ្សេងៗទៀត។ 
 
ផ្លូវបុរាណខ្មែរ ក៏អាចធ្វើដំណើរទៅកាន់វត្តភូ ប្រទេសឡាវផងដែរ។ ប៉ុន្តែផ្លូវនេះ មិនត្រូវបានបញ្ចប់ត្រឹមនេះទេ ពោលគឺ បន្តបែកជាផ្លូវតូចៗជាច្រើនទៀត។ បុរាណវិទូ អ៊ឹម សុខរិទ្ធី ក៏បានបន្ថែមថា ផ្លូវបុរាណខ្មែរ ក៏អាចធ្វើដំណើរជិតដល់ប្រទេសម៉ាឡេស៊ីនាពេលបច្ចុប្បន្នផងដែរ។ ផ្លូវបុរាណខ្មែរទិសខាងលិច ក៏អាចធ្វើដំណើរដល់ព្រំប្រទល់ប្រទេសភូមា ផងដែរ។
 
 
នាពេលបច្ចុប្បន្ន ផ្លូវបុរាណខ្មែរ ស្ថិតនៅជាប់ផ្លូវជាតិលេខ៦ ពីកំពង់ធំ ទៅសៀមរាប។ នៅកំពង់ធំ ស្ពានកំពង់ក្ដី ជាស្ពានបុរាណមួយធំ ដែលអាចទ្រទម្ងន់បាន៤០តោន។ នៅតាមប្របនឹងផ្លូវជាតិលេខ៦ ស្ពានបុរាណជាច្រើន ស្ថិតនៅខាងជើង និងខាងត្បូងផ្លូវជាតិ។ ស្ពានបុរាណទាំងនេះ ត្រូវបានរក្សាទុកនាពេលបច្ចុប្បន្ន។ 
 
ផ្លូវជាតិលេខ៥ ក៏ត្រូវបានស្ថាបនាលើផ្លូវបុរាណខ្លះដែរ។ នៅឧដុង្គវិញ ព្រះបាទអង្គដួង បានកសាងផ្លូវបុរាណមួយ ពីឧដុង្គ ទៅកំពត ដែលបច្ចុប្បន្ន មានឈ្មោះថា ផ្លូវ៥១ និងផ្លូវ៤១ ឬផ្លូវព្រះបាទអង្គដួង៕ 
 

Tag:
 ផ្លូវបុរាណ
  Im Sokrithy
  អ៊ឹម សុខរិទ្ធី)
© រក្សាសិទ្ធិដោយ thmeythmey.com