កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea បញ្ចប់តំណែងលោក Potter ក្រោយដឹកនាំ៧ខែ
03, Apr 2023 , 10:07 am        
រូបភាព
Chelsea បញ្ចប់តំណែងលោក Graham Potter ជាអ្នកចាត់ការទូទៅក្រោយដឹកនាំបាន៧ខែ នៅថ្ងៃទី២ ខែមេសា។ ការឈានដល់បញ្ចប់តំណែងនេះ ដោយសារអតីតអ្នកចាត់ការ Brighton & Hove Albion ដឹកនាំតោខៀវមិនបានល្អសោះ ដោយស្ថិតនៅចំណាត់ថ្នាក់ទី១១ក្នុងតារាង Premier League បើទោះចំណាយប្រាក់ទិញកីឡាករច្រើនជាងគេរដូវកាលនេះ។



លោក Potter បានឡើងកាន់តំណែងជាអ្នកចាត់ការ Chelsea កាលពីខែកញ្ញាឆ្នាំមុន ស្របពេលក្លិបមានម្ចាស់ថ្មីមួយនេះចំណាយប្រាក់ដ៏ច្រើនដើម្បីនាំចូលកីឡាករមានគុណភាពទៅរួមក្រុម។ យ៉ាងណា ក្រោយឡើងដឹកនាំក្រុមរយៈពេល៧ខែចុងក្រោយ អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះបានជួយតោខៀវឈ្នះតែ១២ប្រកួតប៉ុណ្ណោះ ក្នុងចំណាមប្រកួតសរុប ៣១លើក។
 
ការបញ្ចប់តំណែងរលោក Potter ធ្វើឡើង ក្រោយ​ Chelsea ចាញ់ Aston Villa ២-០ នៅលើ​ក្នុងការប្រកួតលីគកំពូលអង់គ្លេសក្នុងទឹកដីខ្លួនឯងចុងសប្តាហ៍កន្លងទៅ។ បរាជ័យនេះ បានធ្វើឱ្យ Chelsea  មានគម្លាតឆ្ងាយពីក្រុម Top4 ដល់ទៅ ១២ ពិន្ទុប្រឈមមិនបានកៅអី Champions League រដូវកាលក្រោយ។
 
ធ្វើមិនបានល្អនៅក្នុងលីគ ប៉ុន្តែក្រោមការដឹកនាំរបស់លោក Potter តោខៀវឈានដល់វគ្គ៨ក្រុមចុងក្រោយក្របខណ្ឌកំពូលអឺរ៉ុបដោយត្រូវជួប Real Madrid។
 
ក្នុងសេចក្តីប្រកាស ក្លិប Chelsea សរសេរថាលោក Potter ​បានព្រមព្រៀងគ្នាចាកចេញពីតំណែងអ្នកចាត់ការ ដើម្បីសម្រួលដល់ក្រុមអាចផ្លាស់ប្តូរប្រព័ន្ធប្រកួតថ្មី។
 
«អំឡុងពេលដឹកនាំជាមួយក្លិប លោក Graham បាននាំយើងទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ Champions League ដែលយើងនឹងជួបជាមួយក្រុម Real Madrid ។ ក្លិប Chelsea សូមថ្លែងអំណរគុណ Graham Potter សម្រាប់ការខិតខំប្រឹងប្រែង និងការរួមចំណែកជួយក្រុម។ សូមជូនពរគាត់សម្រេចបំណងពេលអនាគត»។ ក្លិប Chelsea បន្ថែមដូច្នេះ។
 
លោក Bruno Saltor នឹង​ទទួល​បន្ទុក​​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន ជំនួសតំណែងលោក Potter រហូតក្លិបរកអ្នកចាត់ការថ្មីទៅដឹកនាំបន្ត៕
 

Tag:
 Chelsea
  Graham Potter
© រក្សាសិទ្ធិដោយ thmeythmey.com