អន្តរជាតិ
ជប៉ុន ជំរុញឱ្យចិនដោះលែងជនជាតិខ្លួនដែលត្រូវចាប់ខ្លួន
03, Apr 2023 , 12:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង (ខាងស្តាំ) ចាប់ដៃជាមួយសមភាគីជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី នៅក្នុងក្រុងប៉េកាំង នៅថ្ងៃទី២ ខែមេសា។ រូបភាព CGTN
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង (ខាងស្តាំ) ចាប់ដៃជាមួយសមភាគីជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី នៅក្នុងក្រុងប៉េកាំង នៅថ្ងៃទី២ ខែមេសា។ រូបភាព CGTN
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង នៅថ្ងៃទី២ ខែមេសា បានប្រាប់សមភាគីជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី ថា ការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការមិត្តភាព ជាជម្រើសដ៏ល្អសម្រាប់ទំនាក់ទំនងទ្វេភាគី។ លោក ហាយ៉ាស៊ី ជំរុញឱ្យចិនដោះលែងជនជាតិខ្លួន។

 
ប្រមុខការទូតជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី នៅថ្ងៃទី១ និងថ្ងៃទី២ ខែមេសា បានធ្វើទស្សនកិច្ចនៅចិន ដើម្បីជជែកពីបញ្ហាកិច្ចសហប្រតិបត្តិ ការសម្របសម្រួលបញ្ហាខ្វែងគំនិតគ្នា កោះតៃវ៉ាន់ និងបញ្ហាក្នុងតំបន់ជាដើម។ 
 
ក្នុងកិច្ចសន្ទនាទ្វេភាគី លោក ឈីន កាង រដ្ឋមន្រ្តីការបរទេសចិន បានប្រាប់សមភាគីជប៉ុនថា ប្រទេសជិតខាងទាំងពីរ គួរតែពង្រឹងការផ្តោះប្តូរការទំនាក់ទំនង និងជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានកន្លងមក។ 
 
ត្រង់ចំណុចនេះ លោក ឈីង ដែលជាទីប្រឹក្សារដ្ឋផងនោះ បានសង្កត់ធ្ងន់ថា ការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព ជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ទំនាក់ទំនងចិន-ជប៉ុន។ បន្ថែមពីនេះ ប្រមុខការទូតចិន បានបន្ថែមថា អាស៊ី ជាដែនដីប្រកបដោយក្តីសង្ឃឹម និងទាក់ទាញសម្រាប់ពិភពលោកក្នុងពេលបច្ចុប្បន្ន ហើយការថែរក្សាសន្តិភាពតំបន់ និងការអភិវឌ្ឍរួម ជាតួនាទីរួមគ្នារបស់ប្រទេសទាំងអស់។ 
 
ក្នុងកិច្ចសន្ទនាប្រមាណ​៣ម៉ោងនិង៤៥នាទី លោក ហាយ៉ាស៊ី បានយល់ស្របដូចនឹងសមភាគីចិនថា ទំនាក់ទំនងក្រុងប៉េកាំង និងតូក្យូ មានសក្ដានុពលការអភិវឌ្ឍយ៉ាងធំធេង ហើយភាគីជប៉ុន មានឆន្ទៈក្នុងការសហការជាមួយចិន ដើម្បីគោរពតាមកិច្ចព្រមព្រៀង ដែលធ្លាប់មានកន្លងមក។ 
 
ជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្រ្តីការបរទេសជប៉ុនចាប់តាំងពីឆ្នាំ២០១៩ លោក ហាយ៉ាស៊ី ក៏បានបង្ហាញពីក្តីបារម្ភជុំវិញវត្តមាននាវាចិននៅក្នុងសមុទ្រចិនខាងកើត ជាពិសេសនៅក្បែរប្រជុំកោះ Senkaku ផង ខណៈប្រមុខការទូតចិន បានជំរុញឱ្យជប៉ុន ដោះស្រាយបញ្ហាកោះតៃវ៉ាន់ឱ្យបានត្រឹមត្រូវ ដោយសារវាជាមូលដ្ឋាននៃទំនាក់ទំនងប្រទេសទាំងពីរ។ 
 
ក្នុងទស្សនកិច្ចរយៈពេលពីរថ្ងៃ ប្រមុខការទូតជប៉ុន ក៏បានជួបជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ឈាំង ផង។ លោក ហាយ៉ាស៊ី បានជំរុញឱ្យភាគីចិនដោះលែងប្រជាជនរបស់ខ្លួន និងឱ្យមានការផ្តល់តម្លាភាពលើដំណើរការច្បាប់សម្រាប់ប្រជាជនខ្លួន ដែលត្រូវបានចិនចាប់ខ្លួនកន្លងមក។ តាមរបាយការណ៍បស់រដ្ឋាភិបាលជប៉ុន ក្រុងប៉េកាំង បានចាប់ប្រជាជនជប៉ុនចំនួន១៧នាក់ក្រោមច្បាប់សន្តិសុខជាតិ ដែលចូលជាធរមាននៅក្នុងឆ្នាំ២០១៤ និងច្បាប់ប្រឆាំងចារកិច្ច។ ប្រជាជនជប៉ុន៥រូប នៅតែបន្តឃុំខ្លួននៅចិន។  
 
ជាការឆ្លើយតប ប្រមុខការទូតចិន បាននិយាយការពារថា ពាក់ព័ន្ធនឹងករណីសង្ស័យលើជនជាតិជប៉ុនប្រព្រឹត្តអំពើចារកិច្ច រដ្ឋាភិបាលក្រុងប៉េកាំង នឹងដោះស្រាយវាដោយផ្អែកលើច្បាប់។ 
ក្នុងថ្ងៃទី២ ខែមេសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានជួបជាមួយលោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសរបស់បក្សកុម្មុយនីស្តចិន នៅក្នុងក្រុងប៉េកាំងផង។ ​​
 
លោកវ៉ាង បានប្រាប់ថា ហេតុផលមួយចំនួន គឺថាកម្លាំងមួយចំនួននៅជប៉ុន គឺគោរពតាមគោលនយោបាយមិនត្រឹមត្រូវរបស់អាម៉េរិកចំពោះចិន ហើយសហការជាមួយអាម៉េរិក ដើម្បីបង្ខូច និងបង្កបញ្ហា ទាក់ទិននឹងផលប្រយោជន៍របស់ចិន។ ជុំវិញបញ្ហានេះ អតីតរដ្ឋមន្រ្តីការបរទេសចិនរូបនេះ បានចាត់ទុកជារឿងមិនត្រឹមត្រូវ យល់ឃើញត្រឹមរយៈពេលខ្លី និងមានភាពល្ងង់ខ្លៅក្នុងផ្នែកការទូត។ 
 
សូមបញ្ជាក់ថា ចិន និងជប៉ុន ដែលជាប្រទេសជិតខាង តែងតែមានការខ្វែងគំនិតគ្នា នៅក្នុងសមុទ្រចិនខាងកើត ការពង្រឹងសម្ព័ន្ធមិត្តរបស់ជប៉ុន ការពង្រឹងយោធា និងឥទ្ធិពលចិនក្នុងតំបន់ ក៏ដូចជាបញ្ហាបញ្ចេញទឹកដែលចម្រោះសារធាតុវិទ្យុសកម្ម (ALPS treated water) ពីរោងចក្រ Fukushima Daiichi ជាដើម៕ 
 
 
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com