ជាតិ
គោអ្នកខេត្តកំពង់ស្ពឺ ភ្នំពេញ និងកណ្តាល ក្តោបក្តាប់ជ័យលាភីពីការប្រណាំងរទេះសាឡីគោលឿន
03, Apr 2023 , 8:59 pm        
រូបភាព
(រូបផ្ដល់ឱ្យ)
(រូបផ្ដល់ឱ្យ)
ភ្នំពេញ៖ ការប្រណាំងរទេះសាឡីគោលឿន បានរកឃើញជ័យលាភីហើយ ដោយលេខ១ស្ទួន សម្រាប់ប្រភេទគោធំ បានទៅលើម្ចាស់គោ មកពីខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ចំណែក​លេខ២ បានទៅលើម្ចាស់គោមកពីខេត្តកំពង់ស្ពឺ។ ចំណែកជ័យលាភីលេខ១ និងលេខ២ សម្រាប់ការប្រណាំងរទេះសាឡីគោ(ប្រភេទគោតូច)លឿនវិញ បានទៅលើគោមកពីរាជធានីភ្នំពេញ ។ រីឯលេខ៣ បានទៅគោ មកពីខេត្តកណ្ដាល។

 
គោដែលបានទទួលជ័យលាភី ពីការប្រណាំងរទេះសាឡីគោលឿន ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានបែងចែកជានឹមគោធំ និងគោតូច។ ក្នុងនោះមានចំណាត់ថ្នាក់ ចាប់ពីលេខ១ដល់៣។ ដោយឡែកគោ ដែលមិនទទួលបានជ័យលាភី ក៏ទទួលបានរង្វាន់លើកទឹកចិត្តដែរ។
 
ចំពោះជ័យលាភី ដែលបានទៅលើប្រភេទគោធំ ជ័យលាភីលេខ១ បានទៅលើលោក សួង សារីម ដែលមានគោឈ្មោះ “អាស្រីតូចសង្ហាមែន” មកពីខេត្តកំពង់ស្ពឺ។ ជ័យលាភីលេខ១ស្ទួន បានទៅលើលោក សៀង សែ គោឈ្មោះ “អាទាន់សម័យ” មកពីរាជធានីភ្នំពេញ។ ជ័យលាភីលេខ២ បានទៅលើលោក ញ៉ែម សុផល ដែលមានគោឈ្មោះ “អានី” មកពីខេត្តកំពង់ស្ពឺ។
 
ចំណែកប្រភេទគោតូចវិញ ជ័យលាភីលេខ១ បានទៅលើលោក ប៊ុន រី ដែលមានគោឈ្មោះ “អាដង្កោសែនជ័យ” មកពីរាជធានីភ្នំពេញ។ ជ័យលាភីលេខ២ បានទៅលើលោក សុខ ធី ដែលមានគោឈ្មោះ “អាស្រីសួគ៌” មកពីរាជធានីភ្នំពេញ។ និងជ័យលាភីលេខ៣ បានទៅលើលោក សឿន មករា ដែលមានគោឈ្មោះ “អាចែសេរីថ្មី” មកពីខេត្តកណ្ដាល។
  
ជយលាភីលេខ១ (រូបផ្ដល់ឱ្យ)

លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗថា ការប្រណាំងពីមួយឆ្នាំទៅមួយឆ្នាំ មិនសូវខុសគ្នាប៉ុន្មានឡើយ ទៅលើសមត្ថភាពគោ និងបច្ចេកទេសមួយចំនួន។ ដោយឡែកអ្វីដែលគួរឱ្យ ចាប់អារម្មណ៍ខ្លាំងនោះគឺ ចំនួនអ្នកចូលទស្សនា។
 
លោក មានជ័យ បានសន្និដ្ឋានថា ឆ្នាំ២០២៣នេះ អ្នកចូលទស្សនានៅទីតាំងផ្ទាល់ មានប្រមាណ៥ពាន់នាក់ បើប្រៀបទៅឆ្នាំ២០២២ មានប្រមាណតែ៥០០ ទៅ១ ០០០នាក់ប៉ុណ្ណោះ។ ដូចគ្នាដែរ បើប្រៀបអ្នកចូលមើលការផ្សព្វផ្សាយ ការប្រណាំងរទេះសាឡីគោលឿន លើទំព័រហ្វេសប៊ុកផេកផ្លូវការ របស់មន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ ឆ្នាំនេះមានអ្នកចូលទស្សនា ចំនួន២២៥ពាន់នាក់ (២២៥K) បើប្រៀបកាលឆ្នាំ២០២២ មានអ្នកចូលមើលតែប្រមាណ ៣ទៅ៤ពាន់នាក់ប៉ុណ្ណោះ (៣ទៅ៤K)។ 
 
ប្រធានមន្ទីរវប្បធម៌រូបនេះ អះអាងថា នេះក៏ដោយសារការចូលរួមផ្សព្វផ្សាយ របស់សារព័ត៌មានផង និងការចាប់អារម្មណ៍របស់សាធារណជន កាន់តែច្រើនឡើងផង ទៅលើប្រពៃណីតាមតំបន់។
 
«បើនិយាយសាមញ្ញ ឆ្នាំនេះផ្ទុះតែម្ដង។ យើងផ្សព្វផ្សាយ១សប្ដាហ៍ ដល់ថ្ងៃប្រណាំងមានអ្នកចូលមើល២២៥K។ ខ្ញុំគិតថាដោយសារតែទីតាំងអំណោយផលផង ហើយអ្នកសារព័ត៌មានយើង គាត់ផ្សព្វផ្សាយច្រើនផង។ ម្យ៉ាងសាធារណជន គាត់កាន់តែចាប់អារម្មណ៍ ច្រើនឡើងពីប្រពៃណីតាមតំបន់។ 
 
ខ្ញុំមិនមានអ្វីវាស់ ឬរាប់ចំនួនជាក់លាក់ទេ ប៉ុន្តែខ្ញុំប៉ាន់ស្មានទៅ ប្រហែលមានអ្នកចូលរួមខ្ទង់៥ពាន់នាក់ ព្រោះខ្ញុំដើរចេញមកខាងក្រៅ មនុស្សច្រើនមែនទែន រហូតធ្វើឱ្យស្ទះផ្លូវ។ អ្នកខ្លះគាត់មកមើលបន្តិចហើយក៏ចេញទៅវិញ ដោយសារតែស្ទះពេក ហើយអ្នកខ្លះទៀត គាត់នៅមើលយូរ»។ នេះជាការសន្និដ្ឋានរបស់លោក ស៊ុន មានជ័យ។

ទិដ្ឋភាពរួម ក្នុង​ពេលប្រណាំង (រូប​ផ្ដល់ឱ្យ)
 
ទោះជាយ៉ាងណាក៏ដោយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពុងស្ពឺរូបនេះ នឹងពិភាក្សាជាមួយប្រធានសមាគមគោ អំពីលទ្ធភាពនៃការសហការ ជាមួយនឹងខេត្តផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំកម្មវិធីប្រណាំងរទេះសាឡីគោលឿន នៅឆ្នាំបន្តបន្ទាប់ទៀត ឱ្យកាន់តែធំនិងអធិកអធម។ 
 
តាមរបាយការណ៍ដែល មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានពីសមាគមគោ ឆ្នាំនេះចំនួននឹមគោដែលបានចុះឈ្មោះប្រកួត មានចំនួន៣៩នឹម គោធំមានចំនួន២៣នឹម និងគោតូចមានចំនួន១៦នឹម។ ប៉ុន្ដែគោចូលរួមប្រកួតជាក់ស្តែងមាន ៣៨នឹម ក្នុងនោះគោធំមាន១៤នឹម និងគោតូចមាន២៤នឹម។ គោទាំងនោះមកពីខេត្តកំពង់ស្ពឺ កណ្ដាល កំពង់ចាម និងរាជធានីភ្នំពេញ។ ដោយឡែកកាលពីឆ្នាំ២០២២ គោចូលរួមប្រកួតមានចំនួន២៨នឹម។ ការប្រែប្រួលចំនួនគោធំ និងគោតូច ខុសពីរបាយការ ត្រូវបានលោក មានជ័យ អះអាងថា ដោយសារតែម្ចាស់គោ ផ្លាស់ប្ដូរគោភ្លាមៗ ព្រោះសុខភាពគោមិនអំណោយផល។
 
សូមរំលឹកថា នេះជាឆ្នាំទី៩ហើយ ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ សហការណ៍ជាមួយសមាគមគោ ដើម្បីរៀបចំការប្រណាំងរទេះសាឡីគោលឿន។ យ៉ាងណាក៏ដោយ ខេត្តកំពង់ស្ពឺមានប្រពៃណីប្រណាំងរទេះសាឡីគោលឿនតាំងពីបុរាណ។ ហើយក្រោយបែកសង្គ្រាម ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមប្រណាំងរទេះសាឡីគោលឿនឡើងវិញ តាំងពីឆ្នាំ១៩៨១មកម្ល៉េះ ប៉ុន្តែធ្វើក្នុងកម្រិតភូមិ ឬសហគមន៍៕ 
 

Tag:
 វប្បធម៌
  ទំនៀមទម្លាប់
  គោ
  ប្រណាំងរទេះសាឡីគោលឿន
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com