ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ណែនាំ​ឱ្យ​​ច្រៀង​ «បទនគររាជ» ផ្ទាល់មាត់ ពេល​គោរព​ទង់ជាតិ
03, Apr 2023 , 6:59 pm        
រូបភាព
សិស្សវិទ្យាល័យ​ក្រឡាញ់គោរពទង់ជាតិ។ រូបថតពីឆ្នាំ២០១៩ ដោយអ៊ូ សុខសាន្ត
សិស្សវិទ្យាល័យ​ក្រឡាញ់គោរពទង់ជាតិ។ រូបថតពីឆ្នាំ២០១៩ ដោយអ៊ូ សុខសាន្ត
ដោយ: រួបរួម
នា​ពិធីសម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​មន្ទីរពេទ្យ​បង្អែក ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ព្រឹក​ថ្ងៃទី​៣ ខែមេសា សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ថា គ្រប់សាលា​​ត្រូវ​ចាប់ផ្តើមឱ្យ​សិស្ស​ច្រៀង​បទគោរព​ទង់ជាតិ​ដោយផ្ទាល់ ជាជាង​ការប្រើ​ប្រាស់គ្រឿងម៉ាស៊ីន​ចាក់។

 
ប្រមុខ​រដ្ឋាភិបាល បាន​រំលឹក​ថា សម្តេច​ធ្លាប់​ជួប​បញ្ហា​ពេល​គោរពទង់ជាតិ ជាក់ស្តែង​កាលពីអំឡុង​ឆ្នាំ១៩៨២ នាស្រុក​ក្រូចឆ្មារផ្ទាល់ ដោយ​ដល់ពេលគោរពទង់ជាតិ បែរជាចេញ​បទ «ឱស្នេហ៍មាសបង» ជំនួស​ឱ្យ​បទ «នគររាជ» ទៅវិញ។ សម្តេច​បាន​បន្ថែមថា ការ​ពឹងផ្អែក​លើគ្រឿងម៉ាស៊ីន ពិតជាពិបាក ដូចករណីពិធីបិទ​សន្និបាតនៅក្រសួង​ដែនដី នគររូបនីយកម្ម​របស់​លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏ធ្លាប់ជួបករណី​ចាក់​ភ្លេងមិន​ចេញផងដែរ។
 
«អ៊ីចឹងទេ បើសិនជាគ្រប់សាលាទាំងអស់ ចាប់ផ្តើមឱ្យកូនសិស្សគោរពទង់ជាតិ រួចហើយគឺឱ្យច្រៀងផ្ទាល់តែម្តង ទាហានប្រជុំជួរ ក៏ត្រូវធ្វើ​បែបហ្នឹង ដើម្បីបង្ហាត់ឡើងវិញ។ នេះជារឿងមួយដែលយើងគួរធ្វើ»។ នេះជាការណែនាំ​របស់សម្តេច ហ៊ុន សែន ដោយ​បាន​លើកឡើងពី​អត្ថន័យ​ដ៏ល្អនៃ​បទនគររាជ។
 
សម្តេចបានបញ្ជាក់​ផងដែរថា ចម្រៀងដែលនិពន្ធ​ដោយ​សម្ដេចព្រះមហា​សង្ឃរាជ ជួន ណាត នេះ មិនអាច​យក​ទៅ​ច្រៀងទាំង​៣វគ្គនាពេលគោរព​ទង់ជាតិនោះឡើយ ពោលគឺ​ច្រៀង​តែមួយ​វគ្គ​ប៉ុណ្ណោះ។ សម្តេច​បាន​រំលឹក​ថា សម្តេចធ្លាប់ទៅ​ប្រទេសមួយ ដោយភ្លេចប្រាប់ថា ភ្លេងជាតិខ្មែរចាក់តែមួយ​វគ្គ ស្រាប់តែក្នុងពិធី​ត្រួតពល កងកិត្តិយសនៃប្រទេសនោះ ចាក់​រហូត​ដល់ទៅ​៣វគ្គ ដែលធ្វើឱ្យសម្តេចចង់ទន់ជង្គង់។
 
បទនគររាជ
១~ សូមពួកទេព្តា រក្សាមហាក្សត្រយើង
ឲ្យបានរុងរឿង         ដោយជ័យមង្គល សិរីសួស្តី
យើងខ្ញុំព្រះអង្គ         សូមជ្រកក្រោមម្លប់ ព្រះបារមី
នៃព្រះនរបតី      វង្សក្សត្រាដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន ។
 
២~ ប្រាសាទសិលា កំបាំងកណ្តាលព្រៃ
គួរឲ្យស្រមៃ         នឹកដល់យសស័ក្តិ មហានគរ
ជាតិខ្មែរដូចថ្ម     គង់វង្សនៅល្អ រឹងប៉ឹងជំហរ
យើងសង្ឃឹមពរ    ភ័ព្វព្រេងសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន យូរអង្វែងហើយ ។
 
៣~ គ្រប់វត្តអារាម ឮតែសូរស័ព្ទធម៌
សូត្រដោយអំណរ រំឮកគុណពុទ្ធសាសនា
ចូរយើងជាអ្នក         ជឿជាក់ស្មោះស្ម័គ្រតាមបែបដូនតា
គង់តែទេវត្តានឹង ជួយជ្រោមជ្រែង ផ្គត់ផ្គង់ប្រយោជន៍ឲ្យ
ដល់ប្រទេសខ្មែរ   ជាមហានគរ ។
 

Tag:
 នគររាជ
© រក្សាសិទ្ធិដោយ thmeythmey.com