ជាតិ
សង្គមជាតិ
យុទ្ធមិត្តជំនាន់ឆ្នាំ៧៨ នឹងទទួលបានស័ក្តិ៤កន្លះ និងប្រាក់ខែជិត១លានរៀលដូចគ្នា
03, Apr 2023 , 4:59 pm        
រូបភាព
សមមិត្ត ហ៊ុន សែន (ពាក់វ៉ែនតា) កាន់ទង់ក្នុងថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើង បន្ទាប់ពីការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។
សមមិត្ត ហ៊ុន សែន (ពាក់វ៉ែនតា) កាន់ទង់ក្នុងថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើង បន្ទាប់ពីការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។
ដោយ៖ ទេពញាណ 

យុទ្ធមិត្តទាំងអស់ ដែលប្រមូលកម្លាំងគ្នា តាំងពីអំឡុងឆ្នាំ១៩៧៨ ដើម្បីផ្តួលរំលំរបបខ្មែរក្រម ត្រូវបានរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងប្រមែលប្រមូលពួកគេឲ្យជុំគ្នាឡើងវិញ និងកំពុងរៀបចំផ្តល់ទាំងស័ក្តិ និងបៀវត្សជូនពួកគេ។


លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថា ក្នុងចំណោមយុទ្ធមិត្តទាំងអស់នោះ ទាំងអ្នកដែលកំពុងស្ថិតក្នុងជួរកងទ័ព (ដោយពាក់ស័ក្តិក្រោម៤កន្លះ) ទាំងអ្នកដែលបានចូលនិវត្ត ទាំងអ្នកដែលត្រូវរំសាយចោល នឹងត្រូវផ្តល់ឋានន្តរស័ក្តិទាបបំផុត ត្រឹមវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ដូចគ្នា។
 
ធ្វើជាអធិបតីក្នុងពិធីក្រុងពលីនៅស្តូករម្លឹកគុណកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-16 កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងទៅកាន់ក្រុមអ្នកកាសែតដូច្នេះថា៖«[យុទ្ធមិត្តតាំងពីឆ្នាំ១៩៧៨] ទាំងអស់គ្នាហ្នឹង ស្រី ប្រុស ចាស់ ក្មេង ដើរមិនរួច ឬក្រាបលូន គឺបំពាក់ស័ក្តិ៤កន្លះ ឲ្យប៉ុនគ្នា ដើម្បីឲ្យបានប្រាក់បៀវត្ស។ ស័ក្តិ៤កន្លះ ខ្ញុំសួរហើយ បានលុយប្រហែលជា៩២ម៉ឺនរៀលក្នុង១ខែ»។ 
 
លោក សៅ សុខា ប្រាប់ថា យុទ្ធមិត្តក្នុងជំនាន់១៩៧៨ មានជាង១០០នាក់ ដែលបានទៅចូលរួមក្នុងពិធីក្រុងពិលីខាងលើជាមួយលោក ខណៈនៅមានជាង៥០០នាក់ទៀត ដែលពុំបានទៅចូលរួម។ លោក ផ្តល់ព័ត៌មានទៀតថា ក្នុងចំណោមជាង៥០០នាក់នោះ មានអ្នកខ្លះ កំពុងមានជំងឺ។ 
 
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីសម្រេច១ ស្តីពីការបង្កើត «គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨»។ សម្តេច ធ្វើជាប្រធានកិត្តិយសនៃគណៈយុទ្ធមិត្តនេះ ហើយប្រធាន គឺអ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ដោយមានលោក សៅ សុខា ជាអនុប្រធាន។ 
 
លោកអនុប្រធាន សៅ សុខា បញ្ជាក់ថា ការបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ គឺដើម្បីប្រមូលយុទ្ធមិត្តកាលពីជំនាន់នោះឲ្យជុំគ្នា និងដើម្បីរម្លឹកអនុស្សាវរីយ៍ ដែលធ្លាប់ស៊ីអត់ស៊ីឃ្លានជាមួយគ្នា ព្រមទាំងបានរួមគ្នាយកជីវិតធ្វើជាដើមទុន ក្នុងការផ្តួលរំលំរបបខ្មែរក្រហម។ លោក រំលេចពីទឹកចិត្តរបស់សម្តេច ហ៊ុន សែន ថា សម្តេច មិនភ្លេចអ្នកណាម្នាក់ ដែលបានរួមចំណែកក្នុងបុព្វហេតុសន្តិភាពឡើយ។  
 
ផ្អែកតាមសេចក្តីសម្រេច គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានភារកិច្ចជួយជ្រោមជ្រែងជីវភាពរស់នៅរបស់យុទ្ធមិត្ត ជាពិសេសយុទ្ធមិត្តដែលមានជីវភាពខ្សត់ខ្សោយ និងជួបការលំបាក។ សេចក្តីសម្រេចនេះ បានបង្កើតមូលនិធិ១ ហៅថា មូលនិធិតេជោ១២៥ ដើម្បីដំណើរការងារនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨។ 
 
លោក សៅ សុខា លើកឡើងថា មូលនិធិតេជោ១២៥ នឹងជួយជ្រោមជ្រែងដល់យុទ្ធមិត្តដែលមានជំងឺ ហើយមូលនិធិនេះ នឹងផ្តល់ប្រាក់២០ម៉ឺនរៀលដល់ក្រុមគ្រួសាររបស់យុទ្ធមិត្តរូបណា ដែលទទួលមរណភាព។ លោកអនុប្រធាន បន្តថា មកដល់ពេលនេះ មូលនិធិតេជោ១២៥ ទទួលបានប្រាក់ប្រមាណ៣លានដុល្លារហើយ ពីអ្នកចូលរួមបរិច្ចាគ។ 
 
សូមរម្លឹកថា អង្គការយោធានៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាចលនាឆ្ពោះទៅផ្ដួលរំលំរបបខ្មែរក្រហម គឺត្រូវបានចាប់ផ្ដើមកសាងឡើង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨៕ 
 

Tag:
 យុទ្ធមិត្តឆ្នាំ៧៨
© រក្សាសិទ្ធិដោយ thmeythmey.com