អន្តរជាតិ
មេដឹកនាំម៉ាឡេស៊ីថា ត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយចិនលើជម្លោះសមុទ្រចិនខាងត្បូង
03, Apr 2023 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ចាប់ដៃជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិន នៅក្រុងប៉េកាំង។ រូបភាព Xinhua
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ចាប់ដៃជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិន នៅក្រុងប៉េកាំង។ រូបភាព Xinhua
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី៣ ខែមេសា បានអះអាងថា រដ្ឋាភិបាលក្រុងគូឡាឡាំពួ ត្រៀមខ្លួនជាស្រេច ក្នុងការចរចាជាមួយក្រុងប៉េកាំងលើដែនទឹកជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ ចិន ទាមទារដែនទឹកប្រមាណ៩០ភាគរយ នៅក្នុងសមុទ្រចិនខាងត្បូង។

 
តាមរយៈបន្ទាត់៩ឆ្នូត ចិនបានទាមទារស្ទើរតែ៩០ភាគរយ នៃដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូងដែលសម្បូរដោយភោគទ្រព្យធម្មជាតិជាច្រើន ហើយបញ្ហានេះបានបង្កជម្លោះជាមួយរដ្ឋអាស៊ានជាច្រើនដូចជាព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ 
 
ថ្លែងពីការិយាល័យនាយករដ្ឋមន្រ្តី លោកអាន់វ៉ា បានលើកឡើងថា បញ្ហាជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ត្រូវបានជជែកក្នុងជំនួបជាមួយលោក ស៊ី​ ជិនភីង ប្រធានាធិបតីចិនក្នុងពេលលោកធ្វើទស្សនកិច្ចនៅប៉េកាំងកាលពីសប្តាហ៍មុន។ 
 
«ក្នុងតំបន់ ដែលមានការទាមទារដូចគ្នា ខ្ញុំបាននិយាយថា ប្រទេសតូចត្រូវការធនធានហ្គាស និងប្រេង យើងត្រូវតែបន្ត។ ប៉ុន្តែបើលក្ខខណ្ឌតម្រូវឱ្យមានការចរចា យើងត្រូវតែចរចា»។ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានបន្ថែមបែបនេះ នៅថ្ងៃទី៣ ខែមេសា។ យ៉ាងណាមិញ មេដឹកនាំម៉ាឡេស៊ី មិនបានបញ្ជាក់ពីតំបន់ជម្លោះ ដែលត្រូវចរចាជាមួយចិនឱ្យបានច្បាស់លាស់ឡើយ។
 
ក្រុមហ៊ុនប្រេងរដ្ឋម៉ាឡេស៊ី Petronas ធ្វើប្រតិបត្តិការនៅក្នុងទីតាំង៤ឬ៥កន្លែង ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)​ របស់ម៉ាឡេស៊ីនៅសមុទ្រចិនខាងត្បូងដែលមានចម្ងាយ ៣៧០គីឡូម៉ែត្រពីឆ្នេរចូលទៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ដើម្បីដោះស្រាយជម្លោះ ដែលអូសបន្លាយជាច្រើនទស្សវត្សរ៍មកនេះ ចិន និងអាស៊ាន កំពុងចរចាលើក្រុមប្រតិបត្តិសមុទ្រខាងត្បូង  សម្រាប់ជាយន្តការដោះស្រាយជម្លោះក៏ដូចជា កាត់បន្ថយការរីកសាយវិបត្តិ។ 
 
កន្លងមក នាវាចិនធ្លាប់បើកឆ្លងកាត់ ឬបើកក្បែរទីតាំងរុករកប្រេងរបស់ក្រុមហ៊ុន Petronas ដែលបង្កឱ្យមានការតវ៉ាពីសំណាក់ម៉ាឡេស៊ី។ នៅក្នុងឆ្នាំ២០២១ ម៉ាឡេស៊ី បានកោះហៅអគ្គរដ្ឋទូតចិនថែមទៀត ក្រោមហេតុផលឈ្លានពានដែនទឹករបស់ខ្លួន៕ 
 

Tag:
 ម៉ាឡេស៊ី
  ចិន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com