ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយ​ចូល​ជាមួយ​រដ្ឋាភិបាល លោក សាម អ៊ីន លើកពីគោលគំនិត៦ចំណុចលើការអភិវឌ្ឍតំបន់ការពារធម្មជាតិ
04, Apr 2023 , 8:59 am        
រូបភាព
លោក សាម អ៊ីន អតីតប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យ។ រូបពី ហ្វេសប៊ុក លោក សាម អ៊ីន
លោក សាម អ៊ីន អតីតប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យ។ រូបពី ហ្វេសប៊ុក លោក សាម អ៊ីន
ភ្នំពេញ៖ លោក សាម អ៊ីន ក្រោយពីចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច លោកបានដាក់ចេញគោលគំនិត៦ចំណុច ដើម្បីជួយ​ការងារក្រសួងបរិស្ថាន។ ការជួយ​ដល់​ក្រសួង​ក្រោម​ការដឹកនាំ​របស់​លោក​ សាយ សំអាល់ គឺ​ដោយសារតែ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ឱកាសឱ្យ​លោក​បម្រើការក្នុងតួនាទីជារដ្ឋលេខាធិការ​ក្រសួង ដែលសមស្របតាម​ជំនាញ​របស់​លោក។

 
លោក សម អ៊ីន អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ បានអះអាងថា គម្រោងរបស់លោក គឺចង់កសាងសហគមន៍គំរូ និងជំរុញការដាំដើមឈើឡើងវិញនៅតំបន់ការពារធម្មជាតិ ជាមួយ​នឹង​ការលើកឡើង​ពីគោលគំនិត៦ចំណុច។ 
 
ចំណុចទី១ គឺកំណត់តំបន់សក្តានុពលអេកូទេសចរណ៍នៅក្នុងតំបន់ការពារធម្មជាតិ។ ក្រោមមក គឺសហការជាមួយ ក្រសួងទេសចរណ៍ រៀបចំឱ្យមានតំបន់អេកូទេសចរណ៍គំរូ៣កន្លែងដោយផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍកសិកម្ម និងការអភិរក្សធនធានធម្មជាតិ។ ទី២ កំណត់ បង្កើត និងពង្រឹងសហគមន៍តំបន់ការពារធម្មជាតិ។ លើសពីនេះ គឺកសាង និងដកស្រង់បទពិសោធន៍ពីសហគមន៍គំរូចំនួន៥ នៅតាមតំបន់ការពារធម្មជាតិ។
 
ទី៣ សហការជាមួយដៃគូពាក់ព័ន្ធ បង្កើតនិងពង្រឹងសមត្ថភាពសហគមន៍តំបន់ការពារ។ ទី៤ លើកកម្ពស់ការងារទំនាក់ទំនងសាធារណៈ និងពិសេសសហការជាមួយអ្នកសិល្បៈល្បីៗ
ដើម្បីឱ្យមហាជនយល់ដឹងអំពីតំបន់ការពារធម្មជាតិ អេកូទេសចរណ៍ និងជួយចូលរួមការពារ
និងថែរក្សាបរិស្ថាន។
 
ទី៥ សហការជាមួយក្រសួងកសិកម្ម និងអាជ្ញាធរដែនដី ក្នុងការជំរុញការដាំព្រៃឈើឡើងវិញនៅតាមតំបន់ទីជម្រាលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងទី៦ ស្វែងរកមូលនិធិចេញពីក្របខណ្ឌជីវសាស្ត្រចម្រុះសាកល។ 
 
ជុំវិញ គម្រោងការងារខាងលើ លោក សាម អ៊ីន ថាលោកអាចនឹងធ្វើការច្រើនជាមួយ លោកបណ្ឌិត យ៉ង សាំងកុមារ ហើយត្រូវការការគាំទ្រ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន កសិកម្ម និង ទេសចរណ៍។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងថា៖ «ខ្ញុំដឹងថា ខ្ញុំមិនអាចធ្វើអ្វីបានគ្រប់យ៉ាងតាមចិត្តខ្ញុំចង់ទេ តែយ៉ាងហោចណាស់ ខ្ញុំអាចធ្វើរឿងមួយចំនួន ដែលផ្តល់ជាប្រយោជន៍ដល់ការអភិរក្សនិងការពារធនធានធម្មជាតិ ដល់ប្រជាពលរដ្ឋមូលដ្ឋានរស់នៅជាប់តំបន់ការពារធម្មជាតិ និងដល់ក្រសួងបរិស្ថាន»។ 
 
ចំពោះគម្រោងរៀបចំសហគមន៍គំរូ ជំរុញការដាំដើមឈើឡើងវិញ លោក សាម អ៊ីន ពុំទាន់កំណត់គោលដៅជ្រើសរើសសហគមន៍ ឬទីតាំងណាឱ្យជាក់បាននោះទេ។ ដោយគ្រាន់តែមានគម្រោង ការងារលម្អិតបន្ទាប់ទៀត លុះត្រាតែ ចូលរួមធ្វើការងារនិងពិភាក្សាជាមួយក្រុមការងារក្រសួងប​ន្ថែមទៀត។ 
 
នៅកម្ពុជាសព្វថ្ងៃ មានគ្របដណ្តប់លើផ្ទៃដីព្រៃឈើចំនួន ៧,៥លានហិកតា ស្មើនឹង ៤១%នៃផ្ទៃដីសរុបទូទាំងប្រទេស។ ចំណែក តំបន់ការពារធម្មជាតិ (Natural Protected Areas)ប្រមាណ ៥០កន្លែង ហើយក្នុងនោះ មានក៏សហគមន៍នៅតំបន់ការពារធម្មជាតិប្រមាណ១៨០កន្លែង។ 
 
តំបន់ការពារធម្មជាតិទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន
ដែលមានសក្តានុពលខ្ពស់ ចូលរួមចំណែកគោលនយោបាយ កាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ ដែលជាផ្នែកនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
 
រីឯ កិច្ចការពារជីវសាស្ត្រចម្រុះ ដែលជាគោលដៅចម្បងនៅក្នុងក្របខណ្ឌជីវសាស្ត្រចម្រុះសាកល (Global Biodiversity Framework) របស់អង្គការសហប្រជាជាតិ។ ដូច្នេះ ដើម្បីចូលរួមចំណែកនៅក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន ទើបលោក សាមអ៊ីន លើបង្ហាញគោលគំនិតខាងលើ៕ 
 
 

Tag:
 នយោបាយ
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com