អន្តរជាតិ
អូស្រ្តាលី នឹងហាមឃាត់កម្មវិធី TikTok លើឧបករណ៍អេឡិចត្រូនិចរបស់រដ្ឋាភិបាល
04, Apr 2023 , 10:29 am        
រូបភាព
រូបភាព AFP
រូបភាព AFP
អូស្ត្រាលី នឹងលុបចោលកម្មវិធីTikTok ចេញពីទូរស័ព្ទ និងកុំព្យូទ័ររបស់រដ្ឋាភិបាលទាំងអស់ ក្រោមហេតុផលការបារម្ភពីសន្តិសុខ។ អូស្ត្រាលី បានដើរតាមសម្ពន្ធមិត្តរបស់ខ្លួនមានអាម៉េរិក អង់គ្លេស កាណាដា និងនូវែលសេឡង់។

 
កម្មវិធីTikTok ដែលជាបណ្តាញសង្គមសម្រាប់បង្ហោះវីដេអូខ្លីៗ បានក្លាយជាគោលដៅបង្រ្កាបរបស់ប្រទេសលោកខាងលិច ក្រោមហេតុផលប៉ះពាល់ដល់សន្តិសុខ និងការលួចព័ត៌មានអ្នកប្រើប្រាស់ពីសំណាក់ចិន។ ចុងក្រោយ អូស្រ្តាលី បានសម្រេចហាមឃាត់កម្មវិធី TikTok លើឧបករណ៍អេឡិចត្រូនិចរបស់រដ្ឋាភិបាលដែរ ដូចជាទូរសព្ទ និងកុំព្យូទ័រជាដើម។ 
 
តាមការបញ្ជាក់របស់អគ្គរដ្ឋអាជ្ញាអូស្រ្តាលី លោក Mark Dreyfus ការហាមឃាត់នឹងចូលជាធរមានក្នុងរយៈពេលឆាប់ៗខាងមុខ។ យ៉ាងណាមិញ វាក៏មានករណីលើកលែងចំពោះករណីមួយចំនួន នៅពេលបញ្ហាសន្តិសុខត្រូវបានគិតគូររួចហើយ។ 
 
នាយករដ្ឋមន្រ្តីអូស្រ្តាលី​ អាន់ថូនី អាល់បានីស បានឯកភាពលើការហាមឃាត់កម្មវិធី TikTokក្នុងរដ្ឋាភិបាល បន្ទាប់ពីមានការពិនិត្យចប់សព្វគ្រប់ពីសំណាក់ក្រសួងមហាផ្ទៃ។ ចំណែករដ្ឋ Victoria ក៏រឹតត្បិតកម្មវិធីនេះលើទូរសព្ទរបស់រដ្ឋាភិបាលផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ក្រុមហ៊ុន TikTok បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់អូស្រ្តាលី។ លោក Lee Hunter អគ្គនាយកក្រុមហ៊ុន TikTok នៅអូស្រ្តាលី បានអះអាងថា ក្រុមហ៊ុន មានការខកចិត្តចំពោះការហាមឃាត់មួយនេះ ដោយសារកន្លងមក ក្រុមហ៊ុនបានស្នើរក្សាការទំនាក់ទំនងជាមួយរដ្ឋាភិបាលជាច្រើនលើក។ 
 
បើតាមលោក Lee Hunter វាគ្មានព័ស្តុតាងណាមួយដែលកម្មវិធីTikTok បង្កហានិភ័យសន្តិសុខដល់ជនជាតិអូស្រ្តាលីនោះឡើយ ហើយអូស្រ្តាលី មិនគួរយកចិត្តទុកដាក់ក្រុមហ៊ុនបណ្តាញសង្គមខុសៗគ្នាឡើយ។ 
 
សូមបញ្ជាក់ថា ក្រុមប្រទេស Five Eyes ដែលចែករំលែកព័ត៌មានចារកិច្ចជាមួយគ្នា បានហាមឃាត់ក្រុមហ៊ុន TikTok ទាំងអស់ ដោយសារបារម្ភពីការប្រមូលព័ត៌មានអ្នកប្រើប្រាស់ឱ្យបក្សកុម្មុយនីស្តចិន។ ក្រុមប្រទេស Five Eyes មានដូចជាអូស្រ្តាលី  កាណាដា នូវែលសេឡង់ អង់គ្លេស និងអាម៉េរិក។ សហភាពអឺរ៉ុប និងបារាំង ក៏បានប្រកាសពីចំណាត់ការស្រដៀងគ្នានេះដែរ៕ 
 

Tag:
 អូស្រ្តាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com