អន្តរជាតិ
ចិនព្រមានជាថ្មី មុនជំនួបប្រធានសភាអាម៉េរិកជាមួយមេដឹកនាំតៃវ៉ាន់
04, Apr 2023 , 3:19 pm        
រូបភាព
ប្រធានសភាតំណាងអាម៉េរិក លោក Kevin McCarthy និងលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
ប្រធានសភាតំណាងអាម៉េរិក លោក Kevin McCarthy និងលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
ចិន នៅថ្ងៃទី៣ ខែមេសា បានរិះគន់ជំនួបរវាងលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ និងប្រធានសភាតំណាងអាម៉េរិក លោក Kevin McCarthy នៅថ្ងៃទី៥ ខែមេសាខាងមុខ ដោយ ជំរុញឱ្យអាម៉េរិកគោរពអធិបតេយ្យរបស់ខ្លួន។ រដ្ឋាភិបាលក្រុងតៃប៉ិថា តៃវ៉ាន់ មិនមែនជាផ្នែក ឬគ្រប់គ្រងដោយចិនឡើយ។

 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ និងជួបជាមួយលោក Kevin McCarthy ប្រធានសភាតំណាងអាម៉េរិក នៅថ្ងៃទី៥ ខែមេសាខាងមុខនៅបណ្ណាល័យប្រធានាធិបតីអាម៉េរិក Ronald Reagan ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។ នេះជាជំនួបលើកដំបូងរវាងប្រធានាធិបតីតៃវ៉ាន់ និងប្រធានសភាតំណាងអាម៉េរិក នៅលើទឹកដីអាម៉េរិក។ 
 
ក្រោយពីមានការចុះផ្សាយព័ត៌មានបែបនេះ ក្រសួងការបរទេសចិន នៅថ្ងៃទី៣ ខែមេសា បានប្រតិកម្មយ៉ាងខ្លាំង ហើយថែមទាំងអះអាងថា វាមានតែចិនមួយប៉ុណ្ណោះ ហើយតៃវ៉ាន់ មិនអាចកាត់ផ្តាច់ចេញពីចិនបានឡើយ។ 
 
«ចិនបានបញ្ជាក់ជាច្រើនលើកថា យើងជំទាស់យ៉ាងដាច់អហង្ការ ចំពោះអាម៉េរិកដឹកនាំទំនាក់ទំនងជាមួយតៃវ៉ាន់នៅគ្រប់ទម្រង់ទាំងអស់»។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានបែបនេះ ដោយបន្តថា តំណាងរាស្រ្តអាម៉េរិក គួរតែគោរពតាមគោលការណ៍ចិនតែមួយ និងឈប់ផ្តល់សញ្ញាខុសទៅកាន់កម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់។ 
 
ជាការឆ្លើយតប ក្រសួងការបរទេសតៃវ៉ាន់ នៅថ្ងៃទី៤ ខែមេសា បានប្រើពាក្យខ្លាំងៗថា តៃវ៉ាន់ មិនមែនជាផ្នែក និងមិនធ្លាប់គ្រប់គ្រងដោយចិនឡើយ។ បើតាមក្រសួងការបរទេសដែនកោះមួយនេះ តៃវ៉ាន់ជាប្រទេសមានអធិបតេយ្យ និងមានសិទ្ធិរក្សា រួមទាំងអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសនៅជុំវិញពិភពលោក និងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីសំណាក់ប្រទេសដទៃឡើយ។ 
 
ត្រង់ចំណុចនេះ ក្រសួងការបរទេសតៃវ៉ាន់ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងតៃប៉ិ នឹងមិនកំណត់ព្រំដែន ឬសិទ្ធិរបស់ខ្លួន ដោយសារតែការគំរាមកំហែង ឬការជ្រៀតជ្រែកឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Taiwan News។ 
 
ចាប់តាំងពីឆ្នាំ១៩៤៩ នៅពេលចិនបែកបាក់ជាពីរមក  តៃវ៉ាន់ មិនធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនឡើយ។ យ៉ាងណាមិញ រដ្ឋាភិបាលក្រុងប៉េកាំង នៅតែបន្តចាត់ទុកដែនកោះមួយនេះ ជាផ្នែកមួយនៃដែនដីរបស់ខ្លួន តាមរយៈគោលនយោបាយចិនតែមួយ។ 
 
កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង បានព្រមានចាត់វិធានការឱ្យបានខ្លាំងបំផុត ប្រសិនបើមានជំនួបរវាងប្រធានសភាតំណាងអាម៉េរិក ជាមួយប្រធានាធិបតីតៃវ៉ាន់ នៅលើដីអាម៉េរិក។ ចំណាត់ការនោះ ទំនងជាការដាក់ទណ្ឌកម្មលើលោក McCarthy។ ក្រោយដំណើរទស្សនកិច្ចនៅតៃវ៉ាន់ក្នុងឆ្នាំ ២០២២ ចិន ក៏បានដាក់ទណ្ឌកម្មលើលោកស្រីណាន់ស៊ី ផេនឡូស៊ី និងគ្រួសារដែរ៕ 
 
 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com