ជាតិ
សង្គមជាតិ
លោក សុខ ទូច វះកាត់ដៃ ក្រោយមានជនសង្ស័យធាក់ឱ្យដួល អំឡុងពេលអង្កេតបទល្មើសបឹងទន្លេសាប
04, Apr 2023 , 3:59 pm        
រូបភាព
លោក សុខ ទូូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ រូបពី ហ្វេសប៊ុករបស់លោក សុខ ទូច
លោក សុខ ទូូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ រូបពី ហ្វេសប៊ុករបស់លោក សុខ ទូច
ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលទើបចេញពីបន្ទប់វះកាត់ដៃ អះអាងថា មានជនសង្ស័យតាមវាយលោក ជាបន្តបន្ទាប់ ព្រោះតែឈឺឆ្អាលរឿងបទល្មើសជុំវិញបឹងទន្លេសាប។

 
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងពីស្ថានភាពរបស់ខ្លួនថា រូបលោកនៅបន្តសម្រាកព្យាបាល រយៈពេល២សប្ដាហ៍ទៀត។ មុនឈានដល់ការវះកាត់នេះ លោក សុខ ទូច បានដួល ដោយសារមានជនសង្ស័យលួចធាក់ពីក្រោយ អំឡុងពេលលោកឈរបត់ជើងតូច គ្រាដែលចុះបេសកកម្មត្រួតពិនិត្យ និងស្វែងរកបទល្មើសនៅជុំវិញបឹងទន្លេសាប។ ប៉ុន្តែការដួលភ្លាមៗនោះ លោកពុំបានចាប់អារម្មណ៍ថា មានអាការឈឺធ្ងន់ធ្ងរទេ។ 
 
លោក សុខ ទូច ចាប់ផ្ដើមមានអាការឈឺដៃ រហូតទទួលការវះកាត់នេះ នៅពេលបំពេញបេសកកម្មនៅក្រៅប្រទេស ដែលមានអាកាសធាតុត្រជាក់ ទើបធ្វើឱ្យដៃរបស់លោក ពុំអាចលើករួចដូចមុន។ បើតាមប្រធានរាជបណ្ឌិត្យសភារូបនេះ ក្រុមគ្រូពេទ្យពិនិត្យឃើញដៃលោក បានដាច់សរសៃសាច់ដុំ និងបាក់ឆ្អឹងខ្ចី ។ 
 
«រឿងគ្រោះថ្នាក់នេះ គឺគ្រោះថ្នាក់យូរហើយ មានពីរដំណាក់កាល។ ទីមួយ ពេលខ្ញុំបត់ជើងតូច(នោម) មានគេធាក់ខ្ញុំពីក្រោយ ហើយខ្ញុំយកដៃទប់! ហើយភ្លាត់ដាច់សរសៃសាច់ដុំ ប៉ុន្តែយើងអត់ទាន់ដឹងថាដាច់។ ទីពីរ ខ្ញុំជិះម៉ូតូ ហើយមានគេធាក់ម៉ូតូខ្ញុំពីក្រោយ ដួលរបើករបាញជើងអស់ ហើយមានទី៣ទៀត នៅបាត់ដំបង នៅម្ដុំហ្នឹងមានគេជួលជុលផ្លូវហុយ ហើយក៏មានគេបាញ់ឡានរបស់ខ្ញុំ ពីចំហៀង»។ លោក សុខ ទូច ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមបែបនេះ។
 
ដ្បិតមានករណីលបវាយ អំឡុងពេលចុះអង្កេតបទល្មើសនៅតាមបឹងទន្លេសាប បែបនេះហើយក្តី ក៏លោក សុខ ទូច ពុំបានដាក់ពាក្យបណ្ដឹងនោះទេ។ លោក អះអាងថា មានហេតុផលពីរ ដែលពិបាកក្នុងការប្ដឹង គឺទី១ លោកពុំអាចកំណត់អត្តសញ្ញាណជនសង្ស័យ។ មួយទៀត លោកមិនចង់ឱ្យមានការភ្ញាក់ផ្អើល ព្រោះត្រូវប្រញាប់បញ្ចប់ការសិក្សាពីបទល្មើសជុំវិញបឹងទន្លេសាប ដើម្បីចងក្រងជារបាយការណ៍។ 
 
ទោះជួបរឿងយ៉ាងនេះក្ដី លោក សុខ ទូច នៅតែរក្សាជំហរឈឺឆ្អាលបញ្ហាសង្គមបន្តទៀត។ លោក សង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «សម្រាប់ខ្ញុំ ខ្ញុំធ្វើនេះ ដើម្បីប្រទេសជាតិទេ! មិនមែនសម្រាប់ខ្ញុំទេ! ហើយសម្រាប់ខ្ញុំពេលនេះ ខ្ញុំធ្វើដំណើរទៅមុខ ។ ខ្ញុំនៅតែធ្វើដើម្បីប្រទេសជាតិ ព្រោះបើខ្ញុំពុករលួយ ខ្ញុំមិនធ្វើ។ ហើយខ្ញុំមិនដែលទៅស៊ីសំណូកសូកប៉ាន់នណាគេផង»។ 
 
ចំពោះស្ថានភាពនៃការវះកាត់របួសដៃនេះវិញ លោក សុខ ទូច ត្រូវសម្រាក១៥ថ្ងៃ ទើបកាត់ថ្នេរចេញ។ ក្រោយវះកាត់នេះ ក្រុមគ្រូពេទ្យ បានហាមលោក សុខ ទូច មិនឱ្យលើកដៃខ្ពស់ជាងក្បាល និងកាន់ ឬយួររបស់ធ្ងន់នោះទេ ក្នុងរយៈពេល៦ខែ ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com