អន្តរជាតិ
ចិន​ប្រាប់​ឱ្យ​អាម៉េរិក​បញ្ឈប់​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ហុងកុង
04, Apr 2023 , 4:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning នៅថ្ងៃទី៣ ខែមេសា បានជំរុញឱ្យអាម៉េរិកបញ្ឈប់ការចេញរបាយការណ៍ប្រចាំឆ្នាំស្តីពីតំបន់រដ្ឋបាលពិសេសហុងកុង និងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការរបស់ហុងកុង ក៏ដូចជាកិច្ចការផ្ទៃក្នុងផ្សេងទៀតរបស់ចិន។



ក្រោយអាម៉េរិកបានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីតំបន់រដ្ឋបាលពិសេសហុងកុង ក្រសួងការបរទេសចិនបានចេញមុខប្រតិកម្ម ដ្បិតរបាយការណ៍នេះបានរិះគន់ហុងកុងពីការបិទសិទ្ធសេរីភាពពលរដ្ឋក្នុងតំបន់។ 
 
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning​ បានលើកឡើងក្នុងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ហុងកុងជាតំបន់រដ្ឋបាលពិសេសរបស់ចិន ហើយកិច្ចការរបស់ហុងកុងជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធដែលមិនគួរមានការជ្រៀតជ្រែកពីបរទេស។ លោកស្រីក៏បានបន្តថា របាយការណ៍ដែលចេញដោយអាម៉េរិក មិនបានបង្ហាញពីការពិត គ្មានការទទួលខុសត្រូវ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានលើរដ្ឋាភិបាលកណ្តាលចិន និងរដ្ឋាភិបាលហុងកុង។ 
 
«​ចិន​​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះរបាយការណ៍នេះ»។ លោស្រី Mao បានលើកឡើងបែបនេះ មុនបន្ថែមថា ចាប់តាំងពីហុងកុងត្រលប់មកស្ថិតក្រោមការគ្រប់គ្រងរបស់ចិនបន្ទាប់ពីអាណានិគមអង់គ្លេស ហុងកុងបានស្ថិតក្រោមគោលការណ៍នៃប្រទេសមួយ ប្រព័ន្ធពីរ ហើយត្រូវបានអនុវត្តដោយមានស្វ័យភាពខ្ពស់​ និងធានាបាននូវសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋហុងកុងយ៉ាងពេញលេញ។ 
 
បើតាមអ្នកនាំពាក្យដដែល រដ្ឋាភិបាល​ចិន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​មូលដ្ឋានហើយ​អនុវត្ត​គោលនយោបាយ​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​យ៉ាង​ពេញលេញ។ លោកស្រីបានបន្ថែមថា ចិនក៏បានបង្កើត និងអនុវត្តច្បាប់ស្តីពីការការពារសន្តិសុខជាតិនៅហុងកុង ដែលធ្វើឱ្យប្រព័ន្ធបោះឆ្នោតក្នុងតំបន់ប្រសើរឡើង។ វិធានការទាំងនេះមានគោលបំណងការពារភាពចម្រុងចម្រើន និងស្ថិរភាពរបស់ ហុងកុង និងធានានូវការអនុវត្តប្រកបដោយស្ថិរភាព និងនិរន្តរភាពនៃគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ៕
 

Tag:
 ចិន
  ហុងកុង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com