អន្តរជាតិ
ប៊ុលហ្គារី​ត្រៀម​ចរចា​បង្កើត​រដ្ឋាភិបាល​ចម្រុះ ក្រោយ​ការ​បោះឆ្នោត​លើក​ទី ៥ ដែល​គ្មាន​អ្នក​ឈ្នះ​ដាច់
04, Apr 2023 , 7:29 pm        
រូបភាព
ដោយ: VOA
ប្រទេស​ប៊ុលហ្គារី​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ចរចា​យូរ​និង​លំបាក​អំពី​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ បន្ទាប់ពី​មិន​មាន​គណបក្ស​ណា​មួយ​ឈ្នះ​ដាច់​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​រដ្ឋសភា ដែល​នេះ​គឺ​ជា​លើក​ទី ៥ ហើយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

 
ក្រុម​ដែល​ដឹកនាំ​ដោយ​គណបក្ស GERB ដែល​មាន​ទស្សនៈ​កណ្ដាល​ស្ដាំ​និយម​របស់​លោក​អតីត​នាយក​រដ្ឋមន្ត្រី Boyko Borissov បាន​ឈ្នះ​សំឡេង​ឆ្នោត ២៦,៥% នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ។ ចំណែក​ឯ​ក្រុម​កំណែ​ទម្រង់​និយម​មាន​ទំនោរ​ទៅ​រក​បស្ចិម​ប្រទេស​ដែល​ដឹកនាំ​ដោយ​គណបក្ស We Continue the Change (PP) ទទួល​បាន​សំឡេង​ឆ្នោត ២៤,៩%។ នេះ​បើ​យោង​តាម​លទ្ធផល​បឋម​ដែល​ផ្អែក​លើ​សន្លឹក​ឆ្នោត​រាប់​រួច​ចំនួន​៩៦%។
 
គណបក្ស​ជាតិ​និយម Revival ដែល​ជា​គណបក្ស​គាំទ្រ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ស្ថិត​ក្នុង​លំដាប់​ទី ៣ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត ១៤,៤% ដោយ​កើន​ចំនួន​ប៉ុន្មាន​ភាគរយ​ពី​ការ​បោះឆ្នោត​កាលពី​ខែ​តុលា​ឆ្នាំ​មុន។
 
គណបក្ស​ចលនា​ដើម្បី​សិទ្ធិ​និង​សេរីភាព (MRF) ​របស់​ជាតិ​សាសន៍​តួកគី​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី ៤ ដោយ​ទទួល​បាន​សំឡេង ១៣% ​ហើយ​គណបក្ស​សង្គម​និយម​ប៊ុលហ្គារី (Bulgarian Socialist Party (BSP)) ដែល​ជា​គណបក្ស​បន្ត​វេន​ពី​គណបក្ស​កុម្មុយនីស្ត ​(Communist Party) ​ដ៏​មាន​ឥទ្ធិពល​ពី​មុន ទទួល​បាន​សំឡេង​គាំទ្រ ៩%។
 
ការ​ជាប់​គាំង​នយោបាយ​អូស​បន្លាយ​នៅ​ក្នុង​ប្រទេស​ប៊ុលហ្គារី ដែល​បណ្ដាល​មកពី​គំនុំ​ផ្ទាល់​ខ្លួន​ក្នុង​ចំណោម​មេដឹកនាំ​នៃ​ក្រុម​គណបក្ស​ធំៗ​ទាំង​ពីរ ​បាន​បង្ខំ​ប្រទេស​ប៊ុលហ្គារី​ឱ្យ​ពន្យារពេល​រួច​ហើយ​នូវ​កាលបរិច្ឆេទ​គោលដៅ​សម្រាប់​ការ​ប្រើប្រាស់​ប្រាក់​អឺរ៉ូ ហើយ​ប្រទេស​នេះ​នៅ​មិន​ទាន់​អនុម័ត​លើ​សំណើ​ច្បាប់​ថវិកា​សម្រាប់​ឆ្នាំ ២០២៣ នៅ​ឡើយ​ទេ។
 
ភាព​ស្រពិចស្រពិល​នេះ​ក៏​បាន​ប៉ះពាល់​ផង​ដែរ​ដល់​លទ្ធភាព​របស់​ប្រទេស​ប៊ុលហ្គារី​នៅ​ក្នុង​ការ​ប្រើប្រាស់​ថវិកា​សហភាព​អឺរ៉ុប​សម្រាប់​ការ​រើប​ឡើង​វិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ហើយ​អ្នក​វិភាគ​និង​អ្នក​បោះឆ្នោត​ខ្លាច​ថា លទ្ធផល​ច្របូកច្របល់​នៃ​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ទីបំផុត​អាច​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​មួយ​លើក​ទៀត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ៕
 

Tag:
 អ្នក​បោះឆ្នោត​ម្នាក់​ដាក់​សន្លឹក​ឆ្នោត​ចូល​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​ក្នុង​រដ្ឋធានី​សូហ្វ៊ីយ៉ា​ប្រទេស​ប៊ុលហ្គារី កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០២៣។
© រក្សាសិទ្ធិដោយ thmeythmey.com