ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន ត្រៀមនាវាដឹកទ័ពទៅវិញ ក្រោយបញ្ចប់សមយុទ្ធជាមួយទ័ពកម្ពុជា
04, Apr 2023 , 8:29 pm        
រូបភាព
នាវាកងទ័ពជើងទឹកចិន ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។ រូបពីទំព័រហ្វេសប៊ុករបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ
នាវាកងទ័ពជើងទឹកចិន ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។ រូបពីទំព័រហ្វេសប៊ុករបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ
ដោយ៖ ទេពញាណ 

នាវាកងទ័ពជើងទឹកចិន បានមកកម្ពុជាវិញ ដើម្បីទទួលយកកងទ័ពរបស់ខ្លួនត្រឡប់ទៅវិញ ខណៈការធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជា នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ។ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានសរសេរលើទំព័រហ្វេសប៊ុកថា នាវាកងទ័ពចិន បានចូលចននៅកំពង់ផែខេត្តព្រះសីហនុ តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។



លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានទៅទទួលស្វាគមន៍គណៈប្រតិភូ និងនាវាកងទ័ព​ចិន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក វៃ វិនហុយ នៅថ្ងៃទី៤ ខែមេសានេះ។ 
 
សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន បានប្រព្រឹត្តទៅនៅតំបន់យោធាភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំ ដោយចាប់ផ្តើមតាំងពីថ្ងៃទី២៣ ខែមីនា ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៥ ខែមេសា។ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ដ្បិតសមយុទ្ធ ត្រូវបញ្ចប់នៅថ្ងៃទី៥ ខែមេសា តែកងទ័ពចិន នឹងចាកចេញពីកម្ពុជា នៅថ្ងៃទី៨ ខែមេសា ព្រោះត្រូវការពេល២-៣ថ្ងៃ ក្នុងការរៀបចំខ្លួននិងអ៊ីវ៉ាន់។ 
 
ក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ឯក វៃ វិនហុយ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន លើកឡើងថា សមយុទ្ធ​នាគមា​ស​​ បានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាង​កងទ័ពកម្ពុជា-ចិន។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុករបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។ 
 
រីឯឧត្តមសេនីយ៍ឯក វៃ វិនហុយ បានបង្ហាញជំនឿថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ចិន នឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ដំណើការទៅមុខនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២។
 
សូមរម្លឹកថា កងទ័ពចិនជាង២៥០នាក់ ធ្វើដំណើរតាមនាវាខាងលើ មកដល់កំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដើម្បីចូលរួមធ្វើសមយុទ្ធជាមួយកងទ័ពកម្ពជាជាង៥៨០នាក់៕ 
 

Tag:
 សមយុទ្ធកម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com