ជាតិ
កម្ពុជា និងអូស្រ្តាលី ដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូប «ចំប៉ីស៧០» ក្រោយស្រាវជ្រាវអស់៩ឆ្នាំ
05, Apr 2023 , 1:59 pm        
រូបភាព
អង្ករចំប៉ីស៧០ ។ រូបភាពពីក្រសួងកសិកម្ម ។
អង្ករចំប៉ីស៧០ ។ រូបភាពពីក្រសួងកសិកម្ម ។
ភ្នំពេញ៖ កម្ពុជា និងអូស្រ្តាលី បាន​ដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូប «ចំប៉ីស៧០»ជាផ្លូវការហើយ ។ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលអាចមានតម្រូវការខ្ពស់លើទីផ្សារជាតិ-អន្តរជាតិ។



«ចំប៉ីស៧០» ត្រូវចំណាយពេល ៩ឆ្នាំក្នុងការពិសោធន៍ស្រាវជ្រាវ ដោយបានបង្កាត់ពូជចេញពីស្រូវផ្ការំដួល ជាមួយនឹងស្រឡាយស្រូវមិនប្រកាន់រដូវ  CNi9024 ដែលត្រូវបានឆ្លងកាត់ការពិសោធន៍នៅលើស្រែកសិករ ចំនួន ៨០កន្លែង ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។ 
 
ពូជស្រូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងឯកអគ្គរាជទូត អូស្រ្តាលីប្រចាំកម្ពុជា លោក Justin Whyatt ក្នុងទិវាច្រូតស្រូវ ចំប៉ីស៧០ នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣នេះ ។ 
 
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម  បានលើកឡើងថា ​ចំប៉ីស៧០ ត្រូវបានប្រសិទ្ធនាមដោយសម្ដេច ហ៊ុន សែន  ក្នុងន័យអបអរសាទរខួប៧០នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងអូស្រ្តាលី។ លោក ឌិត ទីណា  អះអាងដូច្នេះ៖ « ពូជស្រូវថ្មីមួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្មផលិតអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង» ។
 
គួរជម្រាបថា «ចំប៉ីស៧០» គឺជាពូជស្រូវក្រអូប ដែលប្រើពេលត្រឹម៣ខែក្នុងការដាំដុះ។ ស្រូវពូជនេះ មិនប្រកាន់រដូវ ព្រមទាំងធន់ និងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ ពូជនេះ មាន​កម្ពស់​ដើមជា​មធ្យម​ពី ១១៣-១១៩ សង់ទីម៉ែត្រ និង​ចំនួន​ដើម​បែក​ផ្ដល់​ផល​ពី ៥-១០​ដើម​ក្នុងមួយ​គុម្ព។ ពូជស្រូវ «ចំប៉ីស៧០» អាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា។ ចំណែក​ឯ​ គ្រាប់អង្ករវិញ គឺ​សថ្លា វែងស្រឡូន ដែលមានប្រវែង ៧,៧មីល្លីម៉ែត្រ និងបន្ទា ២,០៦មីល្លីម៉ែត្រ ព្រមទាំងមានក្លិនក្រអូបប្រហើរ៕ 
 

Tag:
 ចំប៉ីស ៧០
 ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com