អន្តរជាតិ
លោកស្រីTsai ជួបមន្រ្តីសន្តិសុខខ្លួន មុនជួបប្រធានសភាអាម៉េរិក
05, Apr 2023 , 4:22 pm        
រូបភាព
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព AFP
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃទី៤ ខែមេសា​ បានពិភាក្សាជាមួយមន្រ្តីសន្តិសុខជាន់ខ្ពស់របស់ខ្លួនជុំវិញស្ថានភាពតំបន់នៅជុំវិញតៃវ៉ាន់ មុនពេលមានជំនួបជាមួយប្រធានសភាតំណាងអាម៉េរិក Kevin McCarthy នៅរដ្ឋកាលីហ្វ័រញ៉ា។

 
ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក នៅក្នុងឆ្នាំ២០២២ កន្លងទៅ ចិន បានប្រតិកម្មយ៉ាងខ្លាំង។ កាលនោះ ចិនបានធ្វើសមយុទ្ធយោធាជាច្រើនថ្ងៃ ដោយក្នុងនោះរួមទាំងបាញ់មីស៊ីលនៅជុំវិញកោះតៃវ៉ាន់ផង។ 
 
យ៉ាងណាមិញ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ គ្រោងជួបជាមួយ Kevin McCarthy ប្រធានសភាតំណាងអាម៉េរិកជាថ្មី នៅក្នុងដីរដ្ឋកាលីហ្វ័រញ៉ា អាម៉េរិក ក្នុងថ្ងៃទី៥ ខែមេសា។ ដោយបារម្ភពីសកម្មភាពយោធាចិន មេដឹកនាំតៃវ៉ាន់រូបនេះ បានពិភាក្សាជាមួយមន្រ្តីសន្តិសុខជាន់ខ្ពស់ខ្លួន តាមរយៈប្រព័ន្ធវីដេអូមុនជំនួបដ៏សំខាន់នោះ។ 
 
«លោកស្រី Tsai បានស្តាប់ពីសេចក្តីសង្ខេបជុំវិញស្ថានភាពតំបន់ទាំងមូល»។ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់បែបនេះ ​នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៤ ខែមេសា ដោយបន្តថា លោកស្រីប្រធានាធិបតី បានស្នើឱ្យកងកម្លាំងពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ចំពោះស្ថានភាពនៅជុំវិញតៃវ៉ាន់ ក្នុងពេលជាក់ស្តែង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ក្នុងជំនួបតាមប្រព័ន្ធវីដេអូនេះ មេដឹកនាំតៃវ៉ាន់ ក៏បានអរគុណចំពោះក្រុមការងារ ដែលបំពេញតួនាទីរបស់ខ្លួន ក្នុងការធានាសន្តិសុខជាតិ ក្នុងអំឡុងពេលឈប់សម្រាកនៅសប្តាហ៍នេះដែរ។ 
 
យ៉ាងណាមិញ មកទល់ពេលនេះ យោធាចិន មិនទាន់ប្រកាសពីសមយុទ្ធយោធាណាមួយឡើយ ដោយមានត្រឹមនាវាល្បាតប៉ុណ្ណោះ។ តាមការបញ្ជាក់របស់រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ ខេត្ត Fujian ក្នុងថ្ងៃទី៥ ខែមេសា  ប្រតិបត្តិការពិសេសនៃការល្បាតរួមគ្នា និងការត្រួតពិនិត្យនៅផ្នែកកណ្តាល និងខាងជើងនៃច្រកសមុទ្រតៃវ៉ាន់ ចាប់ផ្តើមហើយ។ 
 
គួររំឭកថា មុនជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ និងប្រធានសភាតំណាងអាម៉េរិក រដ្ឋាភិបាលក្រុងប៉េកាំង បានជំទាស់យ៉ាងខ្លាំង និងព្រមានចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត។ កន្លងមក ចិនបានផ្អាកការចរចាជាមួយអាម៉េរិកលើវិស័យចំនួន ៨ រួមទាំងដាក់ទណ្ឌកម្មលើលោកស្រីផេឡូស៊ី និងគ្រួសារ៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com