អន្តរជាតិ
ប្រទេស​ចិន​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​នៅ​កាណាដា
05, Apr 2023 , 7:29 pm        
រូបភាព
ដោយ: VOA
លោក Kenny Chiu សមាជិក​នៃ​គណបក្ស​អភិរក្ស​និយម​របស់​ប្រទេស​កាណាដា​ត្រូវ​បាន​ជ្រើសរើស​ជា​សមាជិក​សភា​សម្រាប់​មណ្ឌល​បោះឆ្នោត​សហព័ន្ធ Steveston Richmond-East ក្នុង​ខេត្ត British Columbia ក្នុង​ឆ្នាំ២០១៩។ សង្កាត់​របស់​លោក​ដែល​នៅ​ជាយ​ក្រុង Vancouver មាន​ប្រជាជន​ដែល​មាន​ដើមកំណើត​ចិន​ជាង​៥០ ភាគរយ។ នៅ​ក្នុង​ការបោះឆ្នោត​បន្ទាប់​ក្នុង​រយៈពេល​២២​ខែ​ក្រោយ​មក លោក​បាន​ចាញ់​បេក្ខជន​មកពី​គណបក្ស​សេរី​និយម ដែល​បច្ចុប្បន្ន​ជា​សមាជិក​សភា​សម្រាប់​មណ្ឌល​បោះឆ្នោត​ដែល​លោក​បាន​ឈរ​ឈ្មោះ។



នៅ​ក្នុង​ការប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២១ គេ​ឃើញ​ថា គណបក្ស​សេរី​និយម​បាន​ទទួល​សន្លឹកឆ្នោត​ច្រើនជាង​មុន​ក្នុង​ចំនួន​ប្រហែល​១.៨០០ សំឡេង​ធៀប​ទៅ​នឹង​ការបោះឆ្នោត​នៅ​ឆ្នាំ២០១៩។ ផ្ទុយ​ទៅ​វិញ​ការបោះឆ្នោត​ឱ្យ​លោក Chiu បាន​ធ្លាក់​ចុះ​ជាង ៤.៤០០ សំឡេង​បើ​ប្រៀបធៀប​ទៅ​នឹង​ការបោះឆ្នោត​លើក​មុន។
 
ក្រៅពី​ចំនួន​សន្លឹក​ឆ្នោត​នេះ លោក Chiu បាន​កត់សម្គាល់​ពី​ភាព​ខុសគ្នា​នៃ​របៀប​ដែល​លោក​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​អ្នកបោះឆ្នោត​នៅ​ពេល​លោក​ធ្វើ​យុទ្ធនាការ​រក​សំឡេងឆ្នោត​នៅ​ឆ្នាំ២០២១។ លោក​និយាយ​ថា នៅ​ឆ្នាំ​២០១៩ ប្រជាជន​បាន​ស្វាគមន៍​លោក​យ៉ាង​កក់ក្តៅ និង​បាន​ចូលរួម​សន្ទនា​ជាមួយ​លោក។ នៅ​ឆ្នាំ២០២១ គឺ​មិន​ដូច្នេះ​ទេ។
 
លោក Kenny Chiu ថ្លែង​ថា៖ «ពួកគេ​ខ្លះ មើល​ទៅ​ដឹង​ច្បាស់​ថា ពួកគេ​មាន​ការ​រំខានចិត្ត អន្ទះសារ​ក្នុង​ចិត្ត ហើយ​ពួកគេ​ខ្លះ​ថែមទាំង​បង្ហាញ​ការ​ខឹងសម្បា​ទៀត​ផង។ ហើយ​នៅ​ពេល​នោះ ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង។ តើ​ការ​រំខាន​ចិត្ត​ទាំងអស់​នោះ បណ្តាល​មក​ពី​អ្វី? ​ខ្ញុំ​ចង់​និយាយ​ថា វា​មាន​រយៈពេល​ត្រឹម​តែ២២ ខែ​ប៉ុណ្ណោះ ហើយ​វា​ជា​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ទៅ​ទៀត»។
 
លោក Chiu ដែល​បាន​កើត​នៅ​ទីក្រុង​ហុងកុង និង​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅ​រស់នៅ​ក្នុង​ប្រទេស​កាណាដា បាន​និយាយ​ថា មួយ​រយៈពេល​ក្រោយ​មក​ទើប​លោក​បាន​ដឹង​អំពី​មូលហេតុ​តាមរយៈ​គេហទំព័រ Disinfo Watch សាកល​វិទ្យាល័យ McGill ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត Quebec និង​ក្រុមប្រឹក្សា Atlantic ថា លោក​ត្រូវ​បាន​គេ​លាប​ពណ៌​ដោយ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​ព្យាយាម​មាន​ឥទ្ធិពល​លើ​អ្នកបោះឆ្នោត​ដែល​មាន​ដើមកំណើត​ចិន។ លោក​និយាយ​ថា ពាក្យចចាមអារ៉ាម​មិន​ពិត​បាន​ចាប់ផ្តើម​រីករាលដាល​នៅ​លើ​អ៊ីនធឺណិត និង​នៅ​លើ​កម្មវិធី​ផ្ញើ​សារ​របស់​ចិន WeChat ដែល​ថា គណបក្ស​អភិរក្ស​និយម និង​លោក Chiu ខ្លួនឯង​ផ្ទាល់​នឹង​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​កម្មវិធី​ផ្ញើ​សារ WeChat នេះ នៅ​ក្នុង​ប្រទេស​កាណាដា។
 
WeChat គឺជា​កម្មវិធី​ផ្ញើ​សារ​តែ​មួយ​គត់​ដែល​មនុស្ស​ជាច្រើន​នៅ​ក្នុង​សហគមន៍​ចិន​នៅ​ក្នុង​ប្រទេស​កាណាដា​អាច​ប្រើប្រាស់​ដើម្បី​ទាក់ទង​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន។
 
លោក Kenny Chiu ថ្លែង​ទៀត​ថា៖ «លោក​ប្រឆាំង​នឹង​ចិន។ លោក​ស្អប់​ជនជាតិ​ចិន។ លោក​គឺជា​ជន​ក្បត់​ជាតិ។ ពាក្យ​សម្តី​ទាំង​អស់​នេះ ត្រូវ​បាន​គេ​ប្រើ​មក​លើ​រូប​ខ្ញុំ។ ហើយ​ក៏​មាន​អត្ថបទ​សរសេរ​ថា អ្នក​អភិរក្ស​និយម​ប្រឆាំង​ចិន ហើយ​ថា​លោក Erin O'Toole ដែល​ជា​មេដឹកនាំ​អភិរក្ស​និយម​នៅ​ពេល​នោះ នឹង​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​កម្មវិធី​ផ្ញើសារ WeChat»។
 
មិនមែន​មនុស្ស​គ្រប់គ្នា​យល់​ពី​ការសមគំនិត​នោះ​ទេ។ លោក Mark Marissen សកម្មជន​ដែល​គាំទ្រ​គណបក្ស​សេរី​និយម​ជា​យូរឆ្នាំ​មក​ហើយ ហើយ​ដែល​បាន​ដំណើរការ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ជាច្រើន​នៅ​ថ្នាក់​សហព័ន្ធ ថ្នាក់​ខេត្ត និង​ថ្នាក់​មូលដ្ឋាន បាន​ចង្អុល​បង្ហាញ​អំពី​យុទ្ធនាការ​របស់​គណបក្ស​អភិរក្ស​និយម​ឆ្នាំ ២០២១ ហើយលោក Erin O'Toole ដែល​កាល​ពី​ពេល​នោះ​គឺ​ជា​មេដឹកនាំ​គណបក្ស​សេរី​និយម​បាន​ប្រឆាំង​នឹង​ប្រទេស​ចិន​យ៉ាង​ខ្លាំង​ក្លា។
 
លោក Mark Marissen ថ្លែង​ថា៖ «មាន​ការ​ប្រឆាំង​យ៉ាង​ពិត​ប្រាកដ​ក្នុង​ចំណោម​មនុស្ស​ជាច្រើន​នៅ​ក្នុង​សហគមន៍​ទៅ​នឹង​វិធី​ដែល​លោក O'Toole ធ្វើ​យុទ្ធនាការ​អំពី​ប្រទេស​ចិន»។
 
លោក Kareem Allam ដែល​បានធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ជាច្រើន​សម្រាប់​បេក្ខជន​មក​ពី​គណបក្ស​អភិរក្ស​និយម​បាន​និយាយ​ថា តទៅ​អនាគត​គួរតែ​មាន​ការ​ត្រួតពិនិត្យ​បន្ថែម​ទៀត​ដោយ​អង្គភាព​នានា​ដូចជា ទីភ្នាក់ងារ​ស៊ើបការណ៍​សន្តិសុខ​កាណាដា CSIS ទៅ​លើ​ការ​ជ្រៀតជ្រែក​នៅ​ក្នុង​ការបោះឆ្នោត​ដែល​អាច​ធ្វើ​ទៅ​បាន​ពី​បរទេស។
 
លោក Kareem Allam ថ្លែង​ថា៖ «ក៏ប៉ុន្តែ ប្រសិនបើ​ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​អំពី​បេក្ខជន​ម្នាក់ ដែល​អាច​ទាក់ទង​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែក​ពី​បរទេស​នោះ ទីភ្នាក់ងារ CSIS មាន​កាតព្វកិច្ច​ស្របច្បាប់​ក្នុង​ការ​មិន​រាយការណ៍​អំពី​ជន​ដែល​មាន​សញ្ជាតិ​កាណាដា​ណា​ម្នាក់​ឡើយ។ ហើយ​ប្រសិនបើ​អ្នក​កំពុង​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ក្នុង​ការិយាល័យ​នៅ​កាណាដា អ្នក​ត្រូវតែ​ជា​ពលរដ្ឋ​កាណាដា។ ដូច្នេះ​ខ្ញុំ​គ្មាន​ផ្លូវ​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា​តើ​បុគ្គល​ម្នាក់​នេះ ដែល​អាច​ក្លាយ​ជា​សមាជិក​សភា ដែល​អាច​ក្លាយ​ជា រដ្ឋមន្ត្រី​នោះ [មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ជ្រៀតជ្រែក​ពី​បរទេស​នៅ​ក្នុង​ការបោះឆ្នោត​នៅ​កាណាដា]នោះ​ឡើយ»។
 
លោក​នាយក​រដ្ឋមន្ត្រី Justin Trudeau ដែល​ដឹកនាំ​គណបក្ស​សេរី​និយម​នៅ​ប្រទេស​កាណាដា​បាន​តែងតាំង​អតីត​អគ្គទេសាភិបាល​លោក David Johnston ជា​«អ្នករាយការណ៍​ពិសេស» ដើម្បី​ស៊ើបអង្កេត​ថា​តើ​ត្រូវការ​ការស៊ើបអង្កេត​ជា​ផ្លូវការ​លើ​ការ​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ដែរ​ឬ​ទេ។ របាយការណ៍​របស់​លោក​ត្រូវដល់​ពេល​ចេញ​នៅ​ចុង​ខែ​ឧសភា​ខាងមុខ​នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com