អន្តរជាតិ
លោក ម៉ាក្រុង ថា ចិនមានតួនាទីសំខាន់ក្នុងដំណើរផ្លូវទៅកាន់សន្ដិភាពរបស់អ៊ុយក្រែន
06, Apr 2023 , 9:29 am        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងនាថ្ងៃពុធទី៥ ខែមេសាថា ចិនមានតួនាទី​សំខាន់​ក្នុងការស្វែងរកផ្លូវទៅកាន់សន្តិភាពនៅអ៊ុយក្រែន ខណៈលោកចាប់ផ្តើមដំណើរទស្សនកិច្ច​បី​ថ្ងៃ​ទៅកាន់​ទីក្រុងប៉េកាំង។

 
ថ្លែងក្នុងជំនួបជាមួយសហគមន៍បារាំងនៅទីក្រុងប៉េកាំង មុនជួបប្រធានាធិបតីចិន ស៊ី ជីនភីង នៅ​ថ្ងៃ​ទី​៦ ខែមេសា លោក អេម៉ានុយអែល ម៉ាក្រុង និយាយថា បារាំងនឹងព្យាយាមធ្វើការជា​មួយ​ចិន​ក្នុង​ការ​ទទួលខុសត្រូវរួមគ្នាសម្រាប់សន្តិភាព និងស្ថិរភាពនៅអ៊ុយក្រែន។
 
«ជាមួយនឹងទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីដែលត្រូវបានបញ្ជាក់ជាថ្មីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ចិន​អាច​ដើរ​តួនាទីយ៉ាងសំខាន់»។ លោក ម៉ាក្រុង លើកឡើងបែបនេះ ជាមួយនឹងការកត់សម្គាល់ជំហររបស់​រដ្ឋាភិបាលក្រុងប៉េកាំងពីការប្រឆាំងទៅនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ក៏ដូចជា សំណើសម្រាប់សន្តិភាពរវាងទីក្រុងកៀវ និងទីក្រុងមូស្គូផងដែរ។
 
នាដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រធានាធិបតី​បារាំង​ទៅ​កាន់​ចិន​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ចុងក្រោយ ​ជម្លោះ​ក្នុង​​អ៊ុយក្រែន និងបញ្ហាពាណិជ្ជកម្ម ជាកម្មវត្ថុចម្បង។ លោក ម៉ាក្រុង រំពឹងរក្សាតុល្យភាព​ទំនាក់ទំនង ពាណិជ្ជកម្មរបស់ចិនជាមួយអឺរ៉ុបឡើងវិញ​ក៏ដូចជាការការពារផល​ប្រយោជន៍​របស់​បារាំ​ង​នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
 
«យើងមិនត្រូវផ្តាច់ខ្លួន ញែកខ្លួនចេញពីចិនឡើយ»។ លោក ម៉ាក្រុង ក៏បានសង្កត់ធ្ងន់បែបនេះ។
 
មុនទៅចិន លោក ម៉ាក្រុង ក៏បានពិភាក្សាអំពីទស្សនកិច្ចនេះអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិក ចូ បៃឌិន។ ការិយាល័យរបស់លោក ម៉ាក្រុង បញ្ជាក់ថា ការសន្ទនានេះ​បាន​បង្ហាញពីឆន្ទៈរួមរបស់បារាំង និងអាមេរិកក្នុងការចូលរួមជាមួយចិនដើម្បី​ពន្លឿនការបញ្ចប់សង្គ្រាម​នៅ​អ៊ុយក្រែន និងកសាងសន្តិភាពយូរអង្វែង៕
 

Tag:
 បារាំង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com