ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
លំ​ហាត់ប្រាណ​សម្រាប់​ការពារ ជំងឺមហារីក
07, Apr 2023 , 6:59 am        
រូបភាព
រាងកាយ​របស់​យើង ត្រូវបាន​បង្កើតឡើង​ដោយ​កោសិកា​រាប់រយ ប្រភេទ​ផ្សេងៗ​គ្នា និងមាន​តួនាទីខុសៗ​គ្នា ទៅ​តាម​ការណែនាំ​ដែល​វា​ទទួលបាន ​ពីលក្ខណៈហ្សែន​ដែល​មាន​ផ្ទុក​នៅក្នុងនុយក្លេអ៊ិ​ច (nuclei) របស់​ពួក​វា​។ ជំងឺមហារីក កើតមាន​នៅពេល​ដែល​មាន​បម្រែបម្រួល កើតឡើង​ចំពោះលក្ខណៈហ្សែន ដែល​វា​នឹង​ធ្វើឱ្យ​កោសិកា ឆ្លើយតប​ទៅនឹង​ការណែនាំ​ខុស​ប្រក្រតី​នេះ។​



បន្ទាប់មកកោសិកា​ទាំងនោះ​បាន​​បំបែក​ខ្លួន ដោយ​មិន​មាន​ការគ្រប់គ្រង​បាន ហើយ​ជាមួយនឹង​ការ​បំបែក​ខ្លួនរបស់​ពួក​វានី​មួយៗ ត្រូវបាន​គួបផ្សំ​ជាមួយ​នឹង​ការណែនាំ ដែល​មាន​លក្ខណៈ​ភាន់​ច្រលំ​។ កោសិកា​ដែល​បានបំបែក​ខ្លួន​វា​បាន​យ៉ាង​លឿន​ទាំងនេះ បាន​ចាប់​ផ្តុំ​ឡើង​ជា​កូន​កណ្តុរ ឬដុំ​សាច់​។ ពេលខ្លះ ដុំ​សាច់​ទាំងនោះ ​មាន​លក្ខណៈជា​ដុំ​សាច់​ប្រភេទ​ស្លូត ដែល​មានន័យថា វា​នឹង​មិន​ឈ្លានពាន​ដល់ជាលិកា និងសិរីរៈ​ដែល​នៅ​ជិតខាង​វា​នោះ​ទេ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ​បើ​ដុំ​សាច់​នោះជា​ប្រភេទ​ដុំ​សាច់កាច ឬជា​ប្រភេទ​ដុំ​សា​ច់​ នៃ​ជំងឺមហារីក នោះ​វា​នឹង​ចាប់ផ្តើម​ធ្វើ​ការរីក​រាល​ដា​ល នៅ​ត្រង់​កន្លែង​ដែល​វាចាប់​កកើត​នោះ ហើយ​វានឹង​ផ្តល់​នូវ​ផល​បំផ្លាញដល់ជាលិកា ដែល​នឹង​អាច​ធ្វើឱ្យ​ពួក​វា​ស្លាប់​បាន​។​
 
លក្ខណៈ​តំណពូជ​, កាលៈទេសៈ​របស់​មជ្ឈដ្ឋាន​ដែល​អ្នក​រស់នៅ និងជម្រើស​នៃ​ទម្លាប់​ក្នុង​ការរស់នៅប្រចាំថ្ងៃ គឺ​សុទ្ធតែ​ជះឥទ្ធិពល ដែល​ធ្វើឱ្យ​មនុស្ស​រាល់គ្នា អាច​ប្រឈម​នឹង​ការកើតមាន​នូវជំងឺមហារីកនេះ​បាន ។​
 
មានប្រភេទ​ជំងឺមហារីក​ខ្លះ បាន​មាន​ទំនាក់ទំនង​ទៅ​នឹងការ​ចម្លង​រោគ​របស់​ពពួក​វីរុស ដែល​ធ្លាប់មាន​ពីមុនមក ក្នុងនោះ​មានដូចជា​៖ ជំងឺមហារីក​ថ្លើម (​វា​បណ្តាល​មកពីមេរោគ​នៃ​ជំងឺ​រលាក​ថ្លើម ប្រភេទ B និង C) , ជំងឺមហារីក​មាត់ស្បូន ( វា​កើត​ឡើង ដោយសារ​មេរោគ​ប្រភេទ human papillomavirus) , ជំងឺ នៃ​ប្រព័ន្ធ​បន្ត​ពូជ និងតំបន់​នៃ​ទ្វារ​លាមក​, T-cell leukemia និងដុំ​សាច់​មហារីក ដែល​ដុះ​ចេញ​ក្រពេញ ទឹក​រងៃ ដែល​បណ្តាល​មកពី​ពពួក​មេរោគ Epstein –Barr virus ។ នេះ មិនមែន​បានន័យថា អ្នក​អាច​កើតមាន​ជំងឺ​មហារីក​បាន ដូចជា​ការកើតមាន​នូវ​ជំងឺផ្តាសាយ ឬគ្រុនផ្តាសាយ​នោះទេ​។ ប៉ុន្តែ​វា​មានន័យ​ថា ការកើតមាន​នូវ​មេរោគ​ពីមុនមក នៅក្នុង​ខ្លួន​របស់​អ្នក គឺ​អាច​បណ្តាលឱ្យមាន​ការកែប្រែ​ចំពោះ ហ្សែ​ន នៅក្នុង​កោសិកា ដែល​កត្តា​នេះ អាច​នឹង​ហាក់​ធ្វើអោយ​ពួក​វា ក្លាយទៅជា​កោសិកា​មហារីក​បាន​។ ភាគច្រើន នៃ​ជំងឺមហារីក​មួយចំនួន គឺ​តែងតែ​កើតមាន​ជា​ទូទៅ តាម​អាយុកាល​របស់​មនុស្ស ដោយសារ ថា​កាល​បើ​យើង​កាន់តែ​រស់នៅ​បាន​យូរ នោះ​កំហុស​របស់​លក្ខណៈហ្សែន នឹង​ហាក់​កាន់តែ​កើតមាន ច្រើន ចំពោះ​កោសិកា​របស់​យើង ។​
 
​ហេតុអ្វី​បាន​ជា​ការធ្វើ​លំ​ហាត់ប្រាណ អាច​ជួយ​អ្នក​បាន ?
 
ការធ្វើសកម្មភាព​ផ្នែក​រូបរាងកាយ​,​ ការ​បរិភោគ​អាហារ​ឱ្យ​មាន​តុល្យភាព​, ការ​កើន​ទម្ងន់​បាន​ត្រឹមត្រូវ និងការ​មិន​ជក់បារី គឺ​សុទ្ធតែ​ជា​កត្តាដែល​អាច​ជួយ​អ្នកកាត់បន្ថយ​​ការ​ប្រឈម​នឹង ការកើតមាន​ជំងឺមហារីក​។​
 
ឥទ្ធិពល​នៃ​ការធ្វើ​លំ​ហាត់ប្រាណ ចំពោះ​កម្រិត​អរ​ម៉ូ​ន​, មុខងារ​របស់​ប្រព័ន្ធ​ភាព​សុំា និងចំពោះ​ទម្ងន់រាងកាយ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​អ្នកការពារ​ពី​ការ​ប្រឈមនឹង​ជំងឺ​មហារីក​។ ការហាត់ប្រាណ គឺ​បាន​ជួយ​ជំរុញ​ដល់ប្រព័ន្ធ​ការពារ​ភាព​សុំា ចំពោះ​មនុស្ស​ដែល​មាន​ការ​ប្រឈម នឹង​ភាព​មិនប្រក្រតី​របស់​ហ្សែ​ន ក្នុង​ការចាប់យក​នូវ​ការចម្លង​របស់​មេរោគ​​​ជំងឺមហារីក។ កោសិកា​គ្រាប់​ឈាម​ស ដែល​មាន​នៅក្នុង​ប្រព័ន្ធ​ការពារ​ភាព​ស៊ាំ បាន​ការពារ​រាងកាយ​អ្នក ដោយ​វា​បាន​ប្រយុទ្ធប្រឆាំង​នឹង​ការបង្ក​រោគ និងជំងឺ​ផ្សេងៗ។ កោសិកា​នៃ​អ្នកការពារទាំងនេះ ត្រូវបាន​បញ្ជូនទៅ​ជុំវិញ​រាងកាយ ដោយ​ប្រព័ន្ធ​ទឹក​រងៃ​។ ដោយ​ខុស​ពី​គ្រាប់​ឈាម ដែល​ត្រូវបាន​ច្របាច់​បញ្ចេញ​ដោយ​បេះដូង ប្រព័ន្ធ​ទឹករងៃ គឺ​មិន​មាន​យន្តការច្របាច់​បញ្ចេញ​ធ្វើ​ចលនា​ដោយ​ខ្លួន​វា​នោះ​ទេ ។ ដូចនេះវា​តម្រូវឱ្យ​មាន​ការ​ធ្វើ​ចលនា​រាងកាយ ដើម្បី​ជំរុញឱ្យ​ទឹករងៃ​ទាំងនេះ រត់​នៅក្នុង​ចរន្ត​របស់​វា និងជួយ​ដល់​ការងារលាង​សម្អាត​កោសិកា​។​
 
មូលនិធិ​នៃ ក្រុម​សិក្សា​ស្រាវជ្រាវ​នៃ​ជំងឺមហារីក  នៅក្នុង​ពិភពលោក បាន​​ណែនាំ​បុរស និងស្ត្រី ឱ្យ​កំណត់​គោលដៅសម្រក​ទម្ងន់​តាម​ដែល​អាច​ធ្វើបាន​។  ស្ត្រី​ដែល​មាន​ភាពធាត់ជ្រុល គឺ​មាន​ការកើនឡើង​នូវកម្រិត​អរ​ម៉ូ​ន អឺ​ស្ត្រូ​ហ្សែ​ន នៅក្នុង​ឈាម​របស់​ពួកគេ។ ​កត្តា​នេះបានធ្វើឱ្យ​ពួក​នាង ប្រឈម​នឹង​ជំងឺមហារីក​មួយចំនួន​ដូចជា ជំងឺមហារីក​សុដន់ និងជំងឺមហារីក​ផ្នែកប្រព័ន្ធ​បន្ត​ពូជ ដោយសារ​តែ​ពួក​វាឆាប់​ទទួល​រំញោច របស់​អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន​នេះ។ នៅ​ក្នុង​ការសិក្សាស្រាវជ្រាវ​មួយ នៅ​សាកល​វិទ្យាល័យ ហាវ​ដ ( Harvard ) បាន​រកឃើញថា ស្ត្រី​ដែល​បាន​ធ្វើ​ជា​អត្តពលករ នៅ​ក្នុង​វ័យ​ជំទង់ និងអាយុកាល២០​ឆ្នាំ​ដំបូង​របស់​ពួកគេ គឺ​មាន​អត្រា​ទាប ក្នុងការ​ប្រឈម​នឹងការកើតមាន​នូវ​ជំងឺមហារីក​សុដន់​, ស្បូន​, អូ​វែ​,​មាត់ស្បូន និង ជំងឺមហារីក​ទ្វារមាស នៅក្នុង​ជីវិត​របស់ពួកគេ  ជា​ជាង​ស្ត្រីដែល​មិន​ធ្លាប់បាន​ធ្វើ​ជា​អត្តពលករ​។ ការធ្វើ​លំ​ហាត់ប្រាណ អាច​ជួយ​ពួកគេបានដោយ​មិន​ផ្ទាល់ គឺ​តាមរយៈ​ការជួយ​រក្សា​រាងកាយ​របស់គេ ឱ្យ​ស្ថិត​នៅក្នុង​រូបរាងកាយ​សមសួន ។​
 
​សកម្មភាព​ដែល​ស័ក្តិ​សម​បំផុត មានដូចជា​៖
 
·         ការដើរ ដោយ​ប្រើ​កម្លាំង​។​
 
·         ការរត់​។​
 
·         ការ​ធាក់​កង់​។​
 
·         ការ​ជិះ​ស្គី​។​
 
·         ការ​ជិះ ទូក​ក្តោង​។​
 
·         ការឡើង​ភ្នំ​។​
 
·         ការលេង​កីឡាប្រដាល់​។​
 
·         ការហាត់​ក្បាច់គុន​។​
 
·         លំ​ហាត់ប្រាណ​យូ​ហ្គា​។​
 
·         ការ​រាំ​។​
 
·         ការធ្វើសកម្មភាព ហាត់ប្រាណ​នៅ​ខាងក្រៅ​ផ្ទះ ។​
 
​តើ​អ្នក​គួរ​ធ្វើ​វា ឱ្យបាន​ញឹកញាប់​ប៉ុនណា ?
 
·         អ្នកជំនាញ​ផ្នែក​ជំងឺមហារីក បាន​​​ណែនាំ​ថាបុរស និងស្ត្រី​គួរ​ធ្វើ​លំ​ហាត់ប្រាណ ឱ្យបានយ៉ាងហោចណាស់​៣០​នាទី និងកំណត់ឱ្យ​បាន៥​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ បន្ថែម​ពីលើ​ការធ្វើ​សកម្មភាព​ប្រចាំថ្ងៃ ជា​ធម្មតា​របស់​ពួកគេ​។​
 
·         ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ បាន​និយាយទៀតថា ទោះបីជា​ការធ្វើ​លំ​ហាត់ប្រាណ ក្នុង​កម្រិត​ជាមធ្យម ក៏​អាច​ជួយការពារ​អ្នក ប្រឆាំង​នឹង​ជំងឺ​មហារីក​ពោះវៀន​បាន​ផងដែរ​។​
 
·         តាម​ការសិក្សា​អង្កេត​ស្រាវជ្រាវ​ផ្សេងទៀត បាន​សរុប​សេចក្តី​ថា កាល​បើ​អ្នកកាន់តែ​មានភាពសកម្ម នោះ​អ្នកនឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង នឹង​ការការពារ​បាន​នូវ​ជំងឺ មហារីក​។​
 
·         ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ហ្វាំង​ឡ​ង់ បាន​រកឃើញថា អ្នក​ដែល​បានកំណត់​ក្នុង​ការធ្វើ​លំ​ហាត់ប្រាណឱ្យបាន​យ៉ាងហោច​ណាស់ ៣០​នាទី ក្នុង​មួយថ្ងៃ គឺ​អាចកាត់បន្ថយ​​​ឱកាស​នៃ​ការកើតមាន​ជំងឺមហារីកបាន​ដល់​ពាក់កណ្តាល បើ​ប្រៀបជាមួយនឹងអ្នក​ដែល​ធ្វើ​លំ​ហាត់ប្រាណបាន​តិច​ជាង​នេះ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com