អន្តរជាតិ
លោកស្រី Tsai៖ ជំនួបជាមួយប្រធានសភាអាម៉េរិកបង្ហាញថា តៃវ៉ាន់មិនស្ថិតនៅឯកោឡើយ
06, Apr 2023 , 10:49 am        
រូបភាព
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ និងប្រធានសភាតំណាងអាម៉េរិក លោក Kevin McCarthy នៅបណ្ណាល័យប្រធានាធិបតីRonald Reagan ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី៥ ខែមេសា។ រូបភាព AFP
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ និងប្រធានសភាតំណាងអាម៉េរិក លោក Kevin McCarthy នៅបណ្ណាល័យប្រធានាធិបតីRonald Reagan ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី៥ ខែមេសា។ រូបភាព AFP
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen  បានចាត់ទុកជំនួបជាមួយប្រធានសភាតំណាងអាម៉េរិក លោក Kevin McCarthy  តៃវ៉ាន់ មិនស្ថិតនៅឯកោឡើយ។

 
ប្រធានសភាអាម៉េរិក លោក Kevin McCarthy បានទទួលលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ នៅបណ្ណាល័យប្រធានាធិបតី Ronald Reagan ក្នុងរដ្ឋកាលីហ្វ័រញ៉ា លើទឹកដីអាម៉េរិក។ ជំនួបនេះ បានបង្កឱ្យចិនខឹងសម្បារយ៉ាងខ្លាំង និងព្រមានចាត់វិធានការឆ្លើយតបឱ្យបានខ្លាំង។ 
 
ក្រោយជំនួបជាមួយសមាជិកសភាអាម៉េរិក លោកស្រី Tsai បានប្រាប់អ្នកសារព័ត៌មានថា ការទទួលស្វាគមន៍ពីសមាជិកសភាទាំងពីបក្សមានក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានបង្ហាញថា រដ្ឋាភិបាលក្រុងតៃប៉ិ មានមិត្តជាច្រើននៅក្នុងសហគមន៍អន្តរជាតិ។ 
 
«ខ្ញុំចង់អរគុណប្រធានសភាតំណាង McCarthy ចំពោះការទទួលយ៉ាងកក់ក្តៅ និងសម្រាប់ការអញ្ជើញមេដឹកនាំបក្សនៅក្នុងសភា ដែលបានយកពេលដ៏មមាញឹក មកចូលរួមជាមួយយើងនៅថ្ងៃនេះ»។ មេដឹកនាំតៃវ៉ាន់ បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៥ ខែមេសា ដោយបន្តថា វត្តមានរបស់សមាជិកសភាអាម៉េរិក និងការគាំទ្រមិនរាថយ បានបញ្ជាក់ចំពោះប្រជាជនតៃវ៉ាន់ថា រដ្ឋាភិបាលក្រុងតៃប៉ិ មិនឯកោ និងមិននៅម្នាក់ឯងឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក McCarthy បានអះអាងថា មិត្តភាពរវាងប្រជាជនអាម៉េរិក និងតៃវ៉ាន់ ជាបញ្ហាដ៏សំខាន់សម្រាប់លោកសេរី ហើយវាពិតជាចាំបាច់ក្នុងការថែរក្សាសេរីភាពសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាពតំបន់។ បើតាមលោក McCarthy ការគាំទ្ររបស់អាម៉េរិក ចំពោះប្រជាជនតៃវ៉ាន់ នៅតែមានភាពរឹងមាំ មិនរាថយ និងដោយមានការគាំទ្របក្សទាំងពីរថែមទៀត ។ 
 
ប្រធានបទពាណិជ្ជកម្ម ការការពារជាតិ និងការចូលរួមនៅឆាកអន្តរជាតិ ជារបៀបវារៈដ៏សំខាន់សម្រាប់ជំនួបមេដឹកនាំទាំងពីរ។ តាមការបញ្ជាក់របស់លោកស្រី Tsai នៅក្នុងជំនួបឯកជន ភាគីទាំងពីរ បានជជែកពីភាពចាំបាច់នៃសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់ ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមទាំងការគាំទ្ររដ្ឋាភិបាលតៃវ៉ាន់ទៅក្នុងឆាកអន្តរជាតិ។ 
 
ទន្ទឹមនេះ មេដឹកនាំតៃវ៉ាន់អះអាងថា សមាជិកសភាអាម៉េរិក បានប្តេជ្ញាការពារស្ថានភាពបច្ចុប្បន្ន (status quo) ដែលប្រកបដោយសន្តិភាព ដើម្បីឱ្យប្រជាជនតៃវ៉ាន់បន្តភាពរីកចម្រើននៅក្នុងសង្គមសេរី និងបើកចំហ។ 
 
ក្រោយជំនួបខាងលើ ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រើពាក្យធ្ងន់ៗថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងចាត់វិធានឱ្យខ្លាំង និងមានប្រសិទ្ធភាព ដើម្បីការពារអធិបតេយ្យ និងបូរណភាពដែនដីរបស់ខ្លួន។ ចំណែកក្រសួងការពារជាតិចិនវិញ បានប្រកាសថា ចិនជំទាស់រាល់ទំនាក់ទំនងផ្លូវការរវាងចិន និងអាម៉េរិក។ បើតាមក្រសួងការពារជាតិ កងទ័ពចិននឹងការពារអធិបតេយ្យ និងសន្តិភាព រួមទាំងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់។ 
 
កន្លងមក ចិន តែងប្រាប់អាម៉េរិកជាញយៗថា តៃវ៉ាន់ ជាបន្ទាត់ក្រហម នៅក្នុងទំនាក់ទំនងទ្វេភាគី និងហាមមិនឱ្យឆ្លងបន្ទាត់នេះដាច់ខាត។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលប៉េកាំង តែងជំរុញឱ្យក្រុងវ៉ាស៊ីនតោនគោរពគោលនយោបាយចិនតែមួយ និងអធិបតេយ្យរបស់ខ្លួន នៅពេលអាម៉េរិកផ្តល់ភ្លើងបៃតងលក់អាវុធឱ្យតៃវ៉ាន់ ក្នុងតម្លៃជាច្រើនលានដុល្លារ៕ 
 
 

Tag:
 តៃវ៉ាន់
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com