អន្តរជាតិ
មេដឹកនាំបារាំង ប្រាប់ចិនឱ្យជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
06, Apr 2023 , 8:29 pm        
រូបភាព
លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង (ខាងស្តាំ) ជាមួយសមភាគីចិន លោកស៊ី ជិនភីង នៅក្រុងប៉េកាំង។ រូបភាព Xinhua
លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង (ខាងស្តាំ) ជាមួយសមភាគីចិន លោកស៊ី ជិនភីង នៅក្រុងប៉េកាំង។ រូបភាព Xinhua
ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៦ ខែមេសា បានប្រាប់សមភាគីចិន លោកស៊ី ជិនភីង ឱ្យជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ បើតាមលោក ម៉ាក្រុង បារាំងពឹងផ្អែកលើចិន ដើម្បីនាំរុស្ស៊ី និងប្រទេសផ្សេងទៀតចូលតុចរចា។

 
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានចាប់ផ្តើមធ្វើទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី៥ ខែមេសា ក្នុងរយៈពេល ៣ថ្ងៃ ដើម្បីជជែកពីសង្រ្គាមនៅអ៊ុយក្រែន ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិ និងធុរកិច្ចជាដើម។ ក្នុងជំនួបជាមួយសមភាគីចិន លោកស៊ី ជិនភីង នៅថ្ងៃទី៦ ខែមេសា លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ 
 
«ខ្ញុំដឹងថា ខ្ញុំអាចពឹងផ្អែកលើអ្នក (ចិន) ដើម្បីនាំរុស្ស៊ី និងប្រទេសផ្សេងទៀតចូលតុចរចាវិញ»។ លោកម៉ាក្រុង បានប្រាប់សមភាគីចិនបែបនេះ ក្នុងជំនួបនៅមហាវិមានប្រជាជនចិន នៅថ្ងៃទី៦ ខែមេសា ដោយបន្តបន្ទោសលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
លោក ម៉ាក្រុង បានធ្វើទស្សនកិច្ចនៅចិន ស្របគ្នានឹងដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leye។ ទស្សនកិច្ចមួយនេះ ធ្វើឡើងក្រោយពេលទំនាក់ទំនងជាមួយចិន និងអឺរ៉ុបមានភាពអាប់អួលើបញ្ហាការវិនិយោគ, តម្លាភាពលើជំងឺកូវីដ-១៩ និងភាពស្ទាក់ស្ទើររបស់ចិន ក្នុងការរិះគន់រុស្ស៊ីឈ្លានពានអ៊ុយក្រែនជាដើម។ 
 
យ៉ាងណាមិញ ក្នុងជំនួបទ្វេភាគីជាមួយបារាំង លោក ស៊ី បានអះអាងថា ចិន និងបារាំង សុទ្ធតែជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យមានការទទួលខុសត្រូវលើសពីការខ្វែងគំ​និតគ្នា និងបន្តរក្សាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឱ្យមានស្ថិរភាព ផលប្រយោជន៍ទៅវិញទៅមក និងទាក់ទាញ។ 
 
ទន្ទឹមនេះ លោកស៊ី បានអះអាងថា ប្រទេសទាំងពីរ គឺគាំទ្រយ៉ាងពេញទំហឹងលើពិភពលោកពហុភាគី និងប្រជាធិបតេយ្យ នៅក្នុងសហគមន៍អន្តរជាតិ រួមទាំងធ្វើការរួមគ្នា ដើម្បីអនុវត្តពហុភាគីពិតប្រាកដសម្រាប់សន្តិភាពសកល ស្ថិរភាព និងវិបុលភាព៕ 
 

Tag:
 បារាំង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com