ជាតិ
សង្គមជាតិ
សមាគមឧកញ៉ា ប្រកាសថា នឹងបង្កើនគុណធម៌របស់ឧកញ៉ាស្រុកខ្មែរ
06, Apr 2023 , 5:49 pm        
រូបភាព
សម្តេច ហ៊ុន សែន និងសមាជិក-សមាជិកាសមាគមឧកញ៉ាកម្ពុជា ថតជាមួយគ្នា។
សម្តេច ហ៊ុន សែន និងសមាជិក-សមាជិកាសមាគមឧកញ៉ាកម្ពុជា ថតជាមួយគ្នា។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃ៦ ខែមេសា ឆ្នាំ២០២៣នេះ សមាគមឧកញ៉ាកម្ពុជា ដែលទើបត្រូវបានបង្កើតឡើងជាផ្លូវការ បានប្រកាសថា សមាគមឧកញ៉ាកម្ពុជា នឹងចូលរួមក្នុងសកម្មភាពសង្គម និងសកម្មភាពសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឲ្យកាន់តែខ្ពង់ខ្ពស់ឡើងថែមទៀត។ សមាគមឧកញ៉ាកម្ពុជា ថែមទាំងប្រកាសទៀតថា នឹងលើកកម្ពស់ការគោរពច្បាប់នៅកម្ពុជា។

 
ការចេញសេចក្តីប្រកាសព័ត៌មាននេះ គឺបន្ទាប់ពីលោកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំឧកញ៉ាៗជាសមាជិក-សមាជិក ចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ ខែមេសានេះ។ ទំព័រហ្វេសប៊ុករបស់សម្តេច សរសេរថា សម្តេច យល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមឧកញ៉ាកម្ពុជា តាមការស្នើសុំរបស់លោកឧកញ៉ា លី យ៉ុងផាត់។ 
 
ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន បានណែនាំឲ្យសមាគមឧកញ៉ាកម្ពុជា ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេច ជំរុញឲ្យឧកញ៉ាទាំងអស់ រួមគ្នាធ្វើកិច្ចការសង្គម និងកិច្ចការមនុស្សធម៌ ហើយត្រូវចេះជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ។ 
បន្ថែមពីនេះ សម្តេចប្រធានកិត្តិយស បានលើកយកសុភាសិតខ្មែរដែលពោលថា «អ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន» ទៅដាស់តឿនឧកញ៉ាៗ។ 
 
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) ស្តីពីការទទួលស្គាល់សមាគមឧកញ៉ាកម្ពុជា។ ស.ជ.ណ បញ្ជាក់ថា សម្តេច ហ៊ុន សែន ជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា ហើយសមាគមនេះ ស្ថិតក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)៕ 
 

Tag:
 សមាគមឧកញ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com