ជាតិ
សង្គមជាតិ
តំណាងរាស្រ្ត ទទួលបានគ្រឿងឥស្សរិយយស ចំពោះគុណសម្បត្តិក្នុងការបំពេញការងារ
07, Apr 2023 , 12:29 pm        
រូបភាព
សមាជិកសមាជិការដ្ឋសភា ថតជាមួយគ្នា ក្រោយចប់ពិធីទទួលគ្រឿងឥស្សរិយយសនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ រូបពីរដ្ឋសភា
សមាជិកសមាជិការដ្ឋសភា ថតជាមួយគ្នា ក្រោយចប់ពិធីទទួលគ្រឿងឥស្សរិយយសនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ រូបពីរដ្ឋសភា
រដ្ឋសភា បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសដល់តំណាងរាស្រ្ត នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ជាប្រធានរដ្ឋសភា។ រដ្ឋសភា សរសេរលើទំព័រហ្វេសប៊ុកថា ការផ្តល់គ្រឿងឥស្សរិយយសដល់តំណាងរាស្រ្ត គឺដើម្បីឆ្លើយតបនឹងគុណបំណាច់របស់ពួកគាត់ ដែលបានបំពេញការងារជូនជាតិនិងប្រជាជន សម្រាប់នីតិកាលទី៦នេះ។ 


 
គ្រឿងឥស្សរិយយស ដែលបានផ្តល់ជូនថ្នាក់ដឹកនាំនិងសមាជិក-សមាជិការដ្ឋសភា រួមមាន គ្រឿងឥស្សរិយយសជាតូបការ គ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសថ្នាក់មហាសេនា គ្រឿងឥស្សរិយយសថ្នាក់ធិបឌិន្ទ និងគ្រឿងឥស្សរិយយសថ្នាក់សេនា ជាអាទិ៍។
 
ចាប់តាំងឆ្នាំ២០១៨ ដែលជាដើមនីតិកាល រហូតដល់មីនា ឆ្នាំ២០២៣ ដែលជាចុងនីតិកាល  រដ្ឋសភាក្នុងនីតិកាលទី៦នេះ បានអនុម័តច្បាប់ជាង១០០។ តាមរយៈសំណេរលើបណ្តាញសង្គម រដ្ឋសភា បានសរសើរថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាខ្លួនថា ក្រៅពីការតាក់តែងច្បាប់ ពួកគាត់ ថែមទាំងខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមណ្ឌល និងបានយកក្តីកង្វល់របស់ប្រជាពលរដ្ឋ ទៅដោះស្រាយតាមនីតិវិធីបានយ៉ាងល្អ។ 
 
សូមរម្លឹកថា តំណាងរាស្រ្តទាំង១២៥រូប ក្នុងនីតិកាលទី៦នេះ សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលជានីតិកាលថ្មី នឹងមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ 
 

Tag:
 តំណាងរាស្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com