ជាតិ
រដ្ឋមន្ត្រីសុខាភិបាល ប្ដេជ្ញាធានាសុខភាពពលរដ្ឋ ដោយមិនទុកនរណាម្នាក់ចោលនោះទេ
07, Apr 2023 , 7:59 pm        
រូបភាព
លោក ម៉ុម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល
លោក ម៉ុម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល
ដោយ:
រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាធានាមើលថែពលរដ្ឋ នឹងមិនទុកនរណាម្នាក់ចោល ដោយមិនបានទទួលសេវាថែទាំសុខភាពឡើយ ក្រោយទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក ។



លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលបានលើកឡើងថា អង្គការសុខភាពពិភពលោក បានគាំទ្រផ្នែកបច្ចេកទេសដល់កម្ពុជា និងបន្តលើកកម្ពស់ការថែទាំសុខភាពបឋម ដែលជាមូលដ្ឋានគ្រឹះ នៃផែនការគ្របដណ្ដប់សុខភាពជាសកល ដើម្បីធានាបានសុខភាព និងសុវត្ថិភាពសម្រាប់ពលរដ្ឋកម្ពុជា។ 
 
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៦ មេសា ដែលបង្ហាញពីសមិទ្ធផលជោគជ័យនៃវិស័យសុខាភិបាល ដើម្បីអបអរសាទរគម្រប់ខួបលើកទី៧៥ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖«យើងប្តេជ្ញាធានាថា នឹងមិនទុកនរណាម្នាក់ចោល ដោយមិនបានទទួលសេវាថែទាំសុខភាពដែលយើងមិនបានដឹង ខណៈពេលដែលកម្ពុជាកំពុងឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយនេះ»។ 
 
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល កម្ពុជាសម្រេចបាននូវសមិទ្ធផលសុខភាពគួរឱ្យកត់សម្គាល់ ដោយបានជួយសង្គ្រោះអាយុជីវិតប្រជាជន និងធ្វើឱ្យសុខភាពប្រជាជនកាន់តែប្រសើរឡើងជាងមុន ។ បើគិតត្រឹមឆ្នាំ២០២១-២០២២ គេបានរំពឹងថា អាយុរស់នៅរបស់ប្រជាជនកម្ពុជាម្នាក់ៗ គឺ៧៦ឆ្នាំ។ 
 
បច្ចុប្បន្ន ស្ត្រីកម្ពុជា ៩៩ភាគរយ ដែលបានសម្រាលកូន ដោយទទួលសេវាសុខភាពពីអ្នកជំនាញ។ តួលេខនេះ កើនឡើង បើធៀបនឹងឆ្នាំ២០០០ ដែលមានស្ត្រីតែ១នាក់ ក្នុងចំណោមស្ត្រី៣នាក់ប៉ុណ្ណោះ បានសម្រាលកូនជាមួយអ្នកផ្តល់សេវាសុខភាពជំនាញ។ នេះបើតាមក្រសួងសុខាភិបាល។
 
ក្រសួងបានបន្ថែមថា អត្រាមរណភាពទារក ដែលទើបនឹងកើតក៏បានធ្លាក់ចុះពី ៣៧នាក់ មកត្រឹម ៨នាក់ ក្នុងចំណោម ១០០០កំណើតរស់ ហើយអត្រាមរណភាពកុមារអាយុក្រោមប្រាំឆ្នាំ បានធ្លាក់ចុះផងដែរ គឺចាប់ពី ១២៤នាក់ មកត្រឹម ១៦នាក់ ក្នុងចំណោម ១០០០កំណើតរស់។ បើតាមក្រសួងសុខាភិបាល អត្រាមរណភាពទារក និងកុមារនេះ ថយចុះជាង ៥០ភាគរយ នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២១-២០២២ ដែលថយចុះលឿនជាងចំនួនមធ្យមភាគជាសកល និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព(SDGs)របស់កម្ពុជា រហូតដល់ប្រាំបីឆ្នាំមុន កាលបរិច្ឆេទកំណត់។ 
 
កម្ពុជា បានលុបបំបាត់ជំងឺស្វិតដៃជើងដោយជោគជ័យនៅក្នុងឆ្នាំ១៩៩៧ ហើយក៏សម្រេចបាននូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់ក្នុងការបង្ការ ការទប់ស្កាត់ និងការលុបបំបាត់ជំងឺឆ្លងផ្សេងៗទៀត។ ជំងឺគ្រុនចាញ់ដោយ falciparum គឺមានកម្រិតទាបបំផុត ដែលមិនធ្លាប់មានពីមុនមក ហើយបានកើតមានឡើង រយៈពេលប្រាំឆ្នាំ ចាប់តាំងពីពេលមានករណីកត់ត្រានៃការស្លាប់ ដោយសារជំងឺគ្រុនចាញ់ចុងក្រោយនៅឆ្នាំ២០១៨។ អត្រាឆ្លង និងអត្រាមរណភាពដោយជំងឺរបេង បានថយចុះប្រមាណ ៥០ភាគរយ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១។ កម្ពុជា សម្រេចបាននូវគោលដៅកាត់បន្ថយជំងឺអេដស៍ជាសកល មុនកាលកំណត់ផងដែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។
 
លោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា នាឱកាសទិវាសុខភាពពិភពលោក ដោយបានកោតសរសើររដ្ឋាភិបាលកម្ពុជាពីភាពជោគជ័យមួយនេះ ដែលបានលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការដឹកនាំឆ្ពោះទៅសម្រេចនូវគោលដៅ «សុខភាពសម្រាប់ទាំងអស់គ្នា»។
 
លោកស្រី អាយឡែន បានបញ្ជាក់ថា៖«អង្គការសុខភាពពិភពលោកពិតជាមានមោទនភាព ដែលបានក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងកិច្ចការដែលសម្រេចបានជោគជ័យ»៕
 
លោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា

Tag:
 សុខភាព
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com