អន្តរជាតិ
ចិន ធ្វើសមយុទ្ធយោធា៣ថ្ងៃជុំវិញកោះតៃវ៉ាន់
08, Apr 2023 , 11:09 am        
រូបភាព
យោធាចិន នឹងធ្វើសមយុទ្ធ៣ថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលទំនងជាការឆ្លើយតបនឹងជំនួបថ្នាក់ខ្ពស់រវាងមេដឹកនាំតៃវ៉ាន់ និងប្រធានសភាអាម៉េរិក។ សមយុទ្ធនេះ ជាសកម្មភាពយោធាបន្ថែមពីលើការបញ្ជូនយន្តហោះ និងនាវាចម្បាំងទៅក្រវែលតៃវ៉ាន់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

បើតាមការប្រកាសរបស់ទីបញ្ជាការដ្ឋានភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិននៅថ្ងៃទី៨ ខែមេសា សមយុទ្ធយោធាចិននឹងចាប់ផ្ដើមនៅថ្ងៃទី៨ តែម្ដង ក្នុងទម្រង់ជាការល្បាតត្រៀមលក្ខណៈប្រយុទ្ធ និងលំហាត់យោធានៅច្រកសមុទ្រតៃវ៉ាន់ និងនៅប៉ែកខាងជើង ខាងត្បូង និងខាងកើតនៃកើតតៃវ៉ាន់។ បើតាមការប្រកាសនេះ សមយុទ្ធ ធ្វើតាមផែនការដែលកំណត់។
 
ការប្រកាសពីការធ្វើសមយុទ្ធនេះ ធ្វើឡើងក្រោយប្រធានាធិបតី Tsai Ing-wen ត្រឡប់ទៅដល់តៃវ៉ាន់វិញ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសសម្ព័ន្ធមិត្តសេសសល់នៅអាម៉េរិកឡាទីន និងការឈប់សំចតនៅអាម៉េរិក។ ជំនួបជាមួយប្រធានសភាតំណាងអាម៉េរិក Kevin McCarthy ធ្វើឱ្យទីក្រុងប៉េកាំងក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំងរហូតព្រមានចាត់វិធានការតបវិញ។
 
ឯក្រសួងការពារជាតិតៃវ៉ាន់វិញ នៅថ្ងៃទី៨ ខែមេសា ក៏ប្រកាសថា ខ្លួនចាប់សញ្ញានាវាច្បាំងចិន៣គ្រឿង និងយន្តហោះចម្បាំង១៣គ្រឿងនៅជុំវិញដែនកោះនេះ។ ក្នុងនោះ យន្តហោះចិន៤គ្រឿងហោះកាត់ខ្សែខណ្ឌចែកច្រកសមុទ្រតៃវ៉ាន់ ហើយហោះចូលតំបន់ការពារអាកាសរបស់តៃវ៉ាន់នៅភាគអាគ្នេយ៍ថែមទៀត។
 
តបនឹងការធ្វើសមយុទ្ធរបស់ចិន ក្រសួងការពារជាតិ
តៃវ៉ាន់បញ្ជាក់ពីការត្រៀមខ្លួនដើម្បីឆ្លើយតបដោយសម្រួល តាមហេតុផល និងម៉ត់ចត់ដោយមិនបង្កបញ្ហា ឬឈានដល់មានជម្លោះឡើយ៕
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com