ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន ជំរុញឱ្យស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រើចំណាត់ការតាមផ្លូវច្បាប់ លើអ្នកដែលញុះញង់ និងឃោសនា មិនឱ្យពលរដ្ឋសងបំណុលត្រឡប់មកវិញ។ សម្តេចបានបញ្ជាក់ឡើងវិញ នៅក្នុងពិធីជួបជុំ អាចារ្យ និងអាចារិនី នាព្រឹកថ្ងៃទី៨មេសានេះ។
សម្តេច ហ៊ុន សែន បានស្នើឲ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើបញ្ហាកម្ចីធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយត្រូវបញ្ចៀសនូវរាល់ការរឹប អូសទ្រព្យសម្បត្តិ និងការចាប់ចងប្រជាពលរដ្ឋ ដែលបានជាប់កម្ចីឥណទានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ហើយ មិនមានលទ្ធភាពពិតប្រាកដដើម្បីសងបំណុលវិញ ក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
ទោះជាយ៉ាងណាមិញ សម្តេចបានបញ្ជាក់ថា៖ « ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តចំណាត់ការតាមផ្លូវច្បាប់ ចំពោះអ្នកដែលញុះញង់ និងឃោសនាមិនឱ្យសង់ត្រឡប់ ឬចេញមកនិយាយបំផុសបំផលចលនាមិនឱ្យសង់បំណុល»។
សម្តេច ហ៊ុន សែន បានអះអាងថា ក្រុមអ្នកញុះញង់ទាំងនោះ គឺជាគោលដៅនៃការរឹបអូសទ្រព្យសម្បតិ្ត។ បើតាមសម្តេច ហ៊ុន សែន កន្លងមកមានក្រុមអ្នកនយោបាយខ្លះ បានឃោសនាពីគោលនយោបាយរបស់គណបក្សពួកគេ ក្នុងន័យញុះញង់មិនឲ្យពលរដ្ឋសងបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុវិញ ក្រោយ គណបក្សខ្លួនឈ្នះឆ្នោត។ ជាមួយគ្នានេះ សម្តេច បានជំរុញដល់ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុយ៉ាងដូច្នេះ ៖«ប្រសិនបើក្រុមអ្នកឃោសនាទាំងហ្នឹង មានជាប់បំណុល គឺសុំឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យសម្បត្តិអ្នកទាំងអស់ហ្នឹងតែម្តងទៅ!»។
ការលើកឡើងជាថ្មីបែបនេះ ដោយសារសម្តេច ហ៊ុន សែន បារម្ភថា ប្រជាពលរដ្ឋអាចយល់ច្រឡំខ្លឹមសារនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយពុំបាច់សងប្រាក់ត្រឡប់ទៅឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ។
គួររំឭកផងដែរថា ក្នុងអំឡុងពេលឆ្លងរាលដាលនូវជំងឺកូវីដ-១៩ រដ្ឋាភិបាលបានស្នើជាបន្តបន្ទាប់ដល់ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការរៀបចំឥណទានឡើងវិញ និងទុកពេលវេលាឲ្យប្រជាពលរដ្ឋសងត្រឡប់ តាមការសម្រួល និងវិធានការនានា។ គ្រានោះ សម្តេច ហ៊ុន សែន បានស្នើសុំការអនុគ្រោះនូវរៀបចំឥណទានឡើងវិញ ចំពោះអ្នកជាប់បំណុលធនាគារ និងយោគយល់ចំពោះការលំបាកដែលពលរដ្ឋមួយចំនួន បានសងបំណុលត្រលប់មកវិញយឺត។ តែយ៉ាងនេះក្តី សម្តេច បញ្ជាក់ថា ចំពោះពលរដ្ឋដែលមានលទ្ធភាពសងត្រឡលប់មកវិញ គួរណាស់តែបង់ឲ្យខាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបញ្ចៀសកុំឲ្យមានការប្រាក់កាន់ច្រើន។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៩, ធនាគារឯកទេស ៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៥, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៨២, គ្រឹះស្ថានឥណទានជនបទ ២២៤, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៤៕