ជាតិ
សង្គមជាតិ
សង្ក្រាន្តខ្មែរនៅជប៉ុន រៀបចំឡើងដើម្បីឱ្យពលរដ្ឋជប៉ុន ស្គាល់​ពីប្រពៃណី និងវប្បធម៌ខ្មែរ
09, Apr 2023 , 9:59 am        
រូបភាព
ពលរដ្ឋខ្មែរនៅជប៉ុន អបអរសាទរពិធីសង្រ្កាន្តខ្មែរនៅជប៉ុន ដែលធ្វើឡើងនៅនៅសាលKeyaki Kaikan ស្ថិតក្នុងក្រុង Sagamihara ប្រទេសជប៉ុន នាថ្ងៃទី៩មេសានេះ។ រូបថត៖ Kem Borivath
ពលរដ្ឋខ្មែរនៅជប៉ុន អបអរសាទរពិធីសង្រ្កាន្តខ្មែរនៅជប៉ុន ដែលធ្វើឡើងនៅនៅសាលKeyaki Kaikan ស្ថិតក្នុងក្រុង Sagamihara ប្រទេសជប៉ុន នាថ្ងៃទី៩មេសានេះ។ រូបថត៖ Kem Borivath
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កំពុងប្រារព្ធកម្មវិធី«សង្រ្កាន្តខ្មែរនៅជប៉ុន» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាថ្ងៃថ្ងៃទី៩មេសានេះ​។ កម្មវិធីធ្វើឡើងនៅសាលKeyaki Kaikan ស្ថិតក្នុងក្រុង Sagamihara ប្រទេសជប៉ុន។



បើតាមលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន «សង្រ្កាន្តខ្មែរនៅជប៉ុន»នេះ​ មានការរៀបចំជាពិធីសាសនាដែលមានការរាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល និងប្រគេនចង្ហាន់ព្រះសង្ឃតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។ បន្ទាប់ពីចប់ពិធីសាសនានេះ គឺមានការទទួលទានអាហារជួបជុំគ្នា(កម្មវិធីអាហារសាមគ្គីគ្រួសារខ្មែរ) រវាងប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងទឹកដីប្រទេសជប៉ុន។ 
 
ក្នុងកម្មវិធីសង្រា្កន្តនេះ ក៏មានការលេងល្បែងប្រជាប្រិយ​ ដូចជា៖ ចោលឈូង លាក់កន្លែង ទាញព្រ័ត្រ រួមទាំងមានការរាំលេងកម្សាន្ត និងការប្រគុំតន្ត្រីដោយមានវត្តមានតារាចម្រៀងពីកម្ពុជា ផងដែរ។ ពីប្រទេសជប៉ុន លោក ទុយ រី បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមប្រព័ន្ធអនឡាញ(Zoom) ថា៖«នេះជាការបង្ហាញនូវការជួបជុំសប្បាយរីករាយ និងបង្កើនភាពសិ្នតសាលនៃថែមទៀតនៃពលរដ្ឋខ្មែរយើងនៅជប៉ុនគ្រប់ទិសទី​ដែលពួកគាត់មកចូលរួមក្នុងកម្មវិធីសង្រ្កាន្តយើងដែលធ្វើឡើងនៅថ្ងៃទី៩មេសានេះ»។ 
 
សង្រ្កាន្តខ្មែរនៅជប៉ុន ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  សហគមន៍ខ្មែរ សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន និងសមាគមមិត្តយើង ដែលលោក ទុយ រី រំពឹងមានពលរដ្ឋខ្មែរនៅជប៉ុនគ្រប់ទិសទីប្រមាណ២០០ទៅ៣០០នាក់​មកចូលរួមលេងកម្សាន្តកម្មវិធីនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ 

 លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ 

លោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានបញ្ជាក់ថា៖ « ការរៀបចំសង្រ្កាន្តខ្មែរនៅជប៉ុននេះ គឺជាការបង្ហាញនូវការថែរក្សា លើកស្ទួយ វប្បធម៌​ ប្រពៃណីជាតិយើង តាមរយៈការស្លៀកពាក់ ការរាំកម្សាន្ត និងការល្បែងប្រជាប្រិយនានារបស់យើងទៅកាន់ពលរដ្ឋជប៉ុន ឱ្យបានស្គាល់​ បានដឹង ពីប្រពៃណី សាសនា ទំនៀមទម្លាប់ និងវប្បធម៌របស់យើង!»។  លោក ទុយ រី ជឿជាក់ថា សម្រាប់កម្មវិធីសង្រា្កន្តនេះ នឹងមានពលរដ្ឋជប៉ុនមួយចំនួនចូលរួមកម្សាន្តសប្បាយជាមួយពលរដ្ឋខ្មែរ ​ផងដែរ។ 
 
រាល់ឆ្នាំ ដែលស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មី គឺតែងតែមានវត្តពលរដ្ឋជប៉ុនមកចូលរួមជានិច្ច ដោយមានអ្នកខ្លះឈរទះដៃអមអរសាទរជាមួយស្នាមញញឹម  ឯអ្នកខ្លះទៀតក៏រាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយខ្មែរ...ជាដើម។ ការណ៍នេះបានបង្ហាញពីទំនាក់ទំនង យ៉ាងជិតស្និតរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ 
 
បើតាម លោក ទុយ រី បច្ចុប្បន្នមានពលរដ្ឋខ្មែរប្រមាណ២០ ០០០នាក់ កំពុងរស់នៅក្នុងប្រទេសជប៉ុន។ ក្នុងនោះមាន៖ ពលរដ្ឋក្នុងសហគមន៍ខ្មែរមានជាង៥ ០០០នាក់, និស្សិតមានជាង ៦០០នាក់, កម្មសិក្សាការីមាន ១៤ ៧៥៥នាក់ និងពលករជំនាញមាន ១ ៣១៦នាក់។ 
 
សូមជម្រាបថា ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំថោះ បញ្ចស័ក នឹងធ្វើឡើងចាប់​ពី​ថ្ងៃស្រុក​៩រោច ដល់​ថ្ងៃ​អាទិត្យ​ ១១រោច  ​ត្រូវ​នឹង​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦ ខែមេសា ឆ្នាំ២០២៣៕ 
 

Tag:
 សង្រា្កន្ត
© រក្សាសិទ្ធិដោយ thmeythmey.com