ជាតិ
អភិបាលខេត្តមិនគាំទ្រការដំឡើងថ្លៃម្ហូបអាហារ និងកន្លែងស្នាក់នៅកំឡុងពេលព្រឹត្តិការណ៍អង្គរសង្រ្កាន្ត 
អភិបាលខេត្តសៀមរាប លោក ទៀ សីហា កំឡុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗនៅប្រាសាទបាយ័ន នាថ្ងៃទី៨ មេសា។
×![]()
សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា មិនចង់ឃើញអាជីវករ ឬប្រតិបត្តិករទេសចរណ៍ ឆ្លៀតឱកាសដំឡើងថ្លៃម្ហូបអាហារ និងកន្លែងស្នាក់នៅ ពេលមានព្រឹត្តិការណ៍ធំៗដូចជា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅពេលនេះ។
លោកអភិបាលស្នើប្រតិបត្តិករទេសចរណ៍ ម្ចាស់អាជីវកម្មតូចធំទាំងអស់ បូករួមទាំងអ្នកលក់ដូរចល័តផង កុំដំឡើងថ្លៃខ្ពស់ពេក ខណៈដែលមានតម្រូវការច្រើន គឺត្រូវរក្សាតម្លៃណា ដែលអាចឱ្យពលរដ្ឋខ្មែរ ខំស្កាត់ពីឆ្ងាយ អាចទទួលទានឆ្ងាញ់ និងមានភាពសប្បាយរីករាយ ហើយចងចាំព្រឹត្តិការណ៍នេះ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅមុខប្រាសាទបាយ័ន នាថ្ងៃទី៨ មេសា លោក ទៀ សីហា លើកឡើងដូច្នេះថា៖«…ម្ហូបអាហារត្រូវផ្គត់ផ្គង់ច្រើន ខ្ញុំមានតែសុំអំពាវនាវធ្វើយ៉ាងណាកុំឱ្យឡើងថ្លៃពេក រក្សាតម្លៃណាដែលអាចបងប្អូនប្រជាពលរដ្ឋមកពីឆ្ងាយ អាចជាវបាន ទទួលទានយ៉ាងឆ្ងាញ់ ហើយមិនមានបទពិសោធន៍ដូចបណ្ដាលរាជរាជធានីខេត្តខ្លះ ដែលមានបុណ្យទានអីគាត់ឡើងថ្លៃ កុំយកឱកាសនេះធ្វើរបៀបនេះអី»។
ចំពោះសណ្ឋាគារវិញ លោកអភិបាលខេត្តមើលឃើញថា ក៏មិនមានការដំឡើងថ្លៃខ្លាំងដែរ ព្រោះធ្លាប់មាន បទពិសោធន៍កន្លងមក។ លោកជឿជាក់ថា តម្លៃតាមសណ្ឋាគារ និងផ្ទះសំណាក់គឺស្ថិតក្នុងតម្លៃសមល្មម ដែលអាចឱ្យសាធារណជនស្នាក់នៅបាន។ ទាក់ទងការស្នាក់នៅនេះដែរ លោក ទៀ សីហា បញ្ជាក់ថា រដ្ឋបាលខេត្តនឹងផ្សព្វផ្សាយផ្ទះសហគមន៍ដែលនៅក្បែរៗក្រុង ចំពោះទេសចរដែលពិបាករកកន្លែងស្នាក់ កំឡុងពេលព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខណៈមានការប៉ាន់ស្មានថា អាចមានទេសចរចូលរួមខ្ទង់មួយលាននាក់។
ដោយឡែកការធ្វើដំណើរកម្សាន្តនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលខាងមុខ អភិបាលខេត្តសៀមរាប សុំឱ្យពលរដ្ឋជិតឆ្ងាយទាំងអស់ យោគយល់ចំពោះការកកស្ទះចរាចរណ៍ រក្សាភាពថ្លៃថ្លូរ ការអនុគ្រោះគ្នា ក្នុងនោះអាជ្ញាធរព្យាយាមរកចំណតយានយន្តដែលនៅក្បែរតំបន់កម្សាន្តនានា៕
© រក្សាសិទ្ធិដោយ thmeythmey.com