អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសអាម៉េរិកទៅវៀតណាមនៅសប្ដាហ៍ក្រោយ
09, Apr 2023 , 10:29 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នឹងធ្វើទស្សនកិច្ចនៅវៀតណាមនៅសប្ដាហ៍ក្រោយ។ នេះបើតាមការប្រកាសរបស់សមាជិកព្រឹទ្ធសភាអាម៉េរិក Jeff Merkley ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ។ ទស្សនកិច្ចរបស់លោក ប្លីងខិន នឹងជំរុញដល់ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីស្របតាមការឯកភាពគ្នារបស់មេដឹកនាំប្រទេសទាំង២។

ទស្សនកិច្ចរបស់ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន នៅវៀតណាម ទំនងជាកើតឡើងនៅចុងសប្ដាហ៍ក្រោយ មុនពេលលោកបន្តដំណើរទៅទឹកដីជប៉ុនដើម្បីចូលរួមប្រជុំរដ្ឋមន្រ្តីការបរទេសក្រុមប្រទេស G7 ដែលធ្វើនៅថ្ងៃទី១៦-១៨ ។
 
វត្តមានលោក ប្លីងខិន ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អាម៉េរិកក្នុងការដំឡើងកម្រិតទំនាក់ទំនងជាមួយវៀតណាមនៅឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំនៃការបង្កើតទំនាក់ទំនងគ្រប់ជ្រុងជ្រោយ។ 
 
ដំណើររបស់លោក ប្លីងខិន ទៅហាណូយ នឹងធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ជជែកតាមទូរស័ព្ទជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ង្វៀន ភូជុង កាលពីសប្ដាហ៍មុន។ ភាគីទាំង២ ក៏ឯកភាពគ្នាជំរុញទំនាក់ទំនងបន្ថែមទៀត។
 
ដ្បិតជាទីផ្សារធំជាងគេវៀតណាម អាម៉េរិក មិនស្ថិតក្នុងចំណោមដៃគូសំខាន់របស់ទីក្រុងហាណូយឡើយ។ ចិន រុស្ស៊ី ឥណ្ឌា និងកូរ៉េខាងត្បូង ជាដៃគូចម្បងក្នុងក្រុមទី១ ឯក្រុមទី២ មានសហភាពអឺរ៉ុប និងជប៉ុន ។ អាម៉េរិកមានបំណងក្លាយជាដៃគូលំដាប់ទី២នេះ៕
 
 

Tag:
 អាម៉េរិក
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com