អន្តរជាតិ
សមយុទ្ធយោធាចិនជុំវិញកោះតៃវ៉ាន់ឈានដល់ថ្ងៃទីពីរ ខណៈអាម៉េរិកអំពាវនាវឱ្យអត់ធ្មត់
09, Apr 2023 , 11:59 am        
រូបភាព
សមយុទ្ធយោធាចិននៅជុំវិញកោះតៃវ៉ាន់ ឈានដល់ថ្ងៃទី២ហើយ ស្របពេលដែលអាម៉េរិកអំពាវនាវឱ្យទីក្រុងប៉េកាំងកុំកញ្ជ្រោលខ្លាំងពេក។ នៅថ្ងៃស្អែក យោធានឹងធ្វើលំហាត់បាញ់គ្រាប់ពិតថែមទៀតនៅក្បែរកោះតៃវ៉ាន់តែម្ដង។

ថ្ងៃទី៩ ខែមេសា ជាថ្ងៃទី២ នៃសមយុទ្ធដាវចម្រុះរបស់យោធាចិននៅក្បែរកោះតៃវ៉ាន់ ដែលជាការឆ្លើយតបនឹងជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen និងប្រធានសភាតំណាងអាម៉េរិក Kevin McCarthy ។ 
 
ក្នុងសមយុទ្ធនេះ ចិនបានពង្រាយយន្តហោះចម្បាំង និងនាវាចម្បាំងជាច្រើនគ្រឿងទៅដែនសមុទ្រជុំវិញកោះតៃវ៉ាន់ ក្រោមទម្រង់ជាការឡោមព័ទ្ធ និងការសម្ញែងកម្លាំងផង។ បើតាមការរាយការណ៍របស់ទូរទស្សន៍រដ្ឋចិន CCTV សព្វាវុធដែលបង្ហាញមានគ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយ នាវាពិឃាត ទូកបំពាក់មីស៊ីល យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះដឹកសាំងផងដែរ។
 
លោកស្រី Tsai ដែលទើបបញ្ចប់ទស្សនកិច្ចនៅអាម៉េរិក ថ្កោលទោសសមយុទ្ធរបស់យោធាចិន ជាមួយនឹងការប្រកាសធ្វើការជាមួយអាម៉េរិក និងប្រទេសមានចិត្តគំនិតដូចគ្នាប្រឈមមុខការអំណាចផ្ដាច់ការនេះ។ ទីក្រុងវ៉ាស៊ីនតោនវិញ ក៏ស្នើទីក្រុងប៉េកាំងរក្សាការអត់ធ្មត់ តែក៏មិនផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នដែរ ហើយក៏នៅតែបន្តប្រកាន់ជំហរមិនច្បាស់លាស់របស់ខ្លួនដដែល។
 
តាំងពីដើមកមក អាម៉េរិកមិនដែលនិយាយឱ្យដាច់ស្រេចថាជួយតៃវ៉ាន់ក្នុងករណីមានសង្រ្គាមជាមួយចិនឡើយ តែក៏មិនដែលបដិសេធថាជួយដែរ។ ប៉ុន្តែអាម៉េរិកនៅតែជួយតៃវ៉ាន់ក្នុងការពង្រឹងសមត្ថភាពការពារខ្លួនតាមរយៈការលក់អាវុធតម្លៃរាប់រយលានដុល្លារ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com