អន្តរជាតិ
អ៊ីស្រាអែល បើកការវាយប្រហារគោលដៅនៅស៊ីរី ជាការសងសឹកនឹងការបាញ់រ៉ុក្កែត
09, Apr 2023 , 4:29 pm        
រូបភាព
យោធាអ៊ីស្រាអែល នៅថ្ងៃទី៩ ខែមេសា បានបើកការប្រហារសងសឹកមួយលើគោលដៅនៅស៊ីរី បន្ទាប់ពីគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបាញ់ចេញពីទីនោះ ហើយធ្លាក់ក្នុងខ្ពង់រាបហ្គោឡង់ដែលអ៊ីស្រាអែលគ្រប់គ្រង។ នេះជាការរាលដាលភាពតានតឹងក្នុងតំបន់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធនៅប៉ាឡេស្ទីន។

 
បើតាមយោធាអ៊ីស្រាអែល កាំភ្លើងធំជាច្រើនគ្រាប់ ត្រូវបានបាញ់សំដៅគោលដៅក្នុងទឹកដីស៊ីរី ស្របពេលដែលដ្រូនក៏វាយប្រហារឡានបាញ់រ៉ុក្កែតដែលបាញ់ចូលទឹកដីអ៊ីស្រាអែលដែរ។ ក្នុងសារតាម Twitter យោធាអ៊ីស្រាអែលបញ្ជាក់ថា​ រ៉ុក្កែត៦គ្រាប់ ត្រូវបានបាញ់ ហើយ២គ្រាប់ធ្លាក់នៅខ្ពង់រាបហ្គោឡង់ដែលអ៊ីស្រាអែលកំពុងកាន់កាប់។ ក្នុងនោះ យ៉ាងហោចណាស់រ៉ុក្កែត១គ្រាប់ ត្រូវបានស្ទាក់ដោយប្រព័ន្ធការពារអាកាស។
 
ខ្ពង់រាបហ្គោឡង់ដែលមានទំហំប្រមាណ១២០០គីឡូម៉ែត្រក្រឡា ត្រូវបានអ៊ីស្រាលដណ្ដើមបានក្នុងសង្រ្គាមឆ្នាំ១៩៦៧ ហើយត្រូវបញ្ចូលជាទឹកដីអ៊ីស្រាអែលនៅពេលបន្ទាប់។ ប៉ុន្តែការលេបយកទឹកដីស៊ីរីនេះ មិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិឡើយ។
 
ការបាញ់តបតគ្នានេះ ត្រូវមើលឃើញថា ជាការរាលដាលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីនក្នុងខែ Ramadan របស់ជនមូស្លីម។ កាលពីពាក់កណ្ដាលសប្ដាហ៍នេះ ប៉ូលិសអ៊ីស្រាអែល សម្រុកចូលទៅបំបែកជនជាតិប៉ាឡេស្ទីនក្នុងវិហារ Al-Aqsa ។ មួយថ្ងៃបន្ទាប់ រ៉ុក្កែតប្រមាណ៣០គ្រាប់ ត្រូវបាញ់ចេញពីទឹកដីលីបង់ចូលអ៊ីស្រាអែល។ អ៊ីស្រាអែលក៏សងសឹកវិញជាមួយនឹងការបាញ់កាំភ្លើងធំដាក់ភាគខាងត្បូងលីបង់ និងតំបន់ជ្រោយហ្កាស្សា។​
 
អំពើហិង្សាដែលដុតបញ្ឆេះដោយការបង្រ្កាបជនជាតិប៉ាឡេស្ទីន ក៏ឈានដល់ការស្លាប់មនុស្ស៣នាក់នៅអ៊ីស្រាអែលថែមទៀត។ ជាមួយគ្នានេះ អ៊ីស្រាអែលក៏កេណ្ឌប៉ូលិស និងទាហានបម្រុងបន្ថែមទៀតដើម្បីបង្កើនកម្លាំងសន្តិសុខ៕
 
 

Tag:
 អ៊ីស្រាអែល
  ស៊ីរី
© រក្សាសិទ្ធិដោយ thmeythmey.com