ជាតិ
សង្គមជាតិ
ពលរដ្ឋជប៉ុន ដែលឈ្នះពីការប្រកួត«និយាយភាសាខ្មែរ» នឹងបានមកលេងកម្ពុជា៥ថ្ងៃ
09, Apr 2023 , 5:59 pm        
រូបភាព
លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុននឹងរៀបចំ«ការប្រលងនិយាយភាសាខ្មែរ» នៅថ្ងៃទី២៩មេសា ឆ្នាំ២០២៣។​ បេក្ខជនជនជាតិជប៉ុនដែលឈ្នះពីកម្មវិធីនេះ ក្រៅពីទទួលបានថវិកាឧបត្ថម្ភហើយ ក៏បានដើរលេងកម្សាន្តនៅកម្ពុជាក្នុងរយៈពេល៥ថ្ងៃ៤យប់(ភ្នំពេញ និងសៀមរាប) ដែលរួមបញ្ចូលទាំងថ្លៃសំបុត្រយន្តហោះ សណ្ឋាគារ និងទាំងសេវាមគ្គុទេសក៏ទេសចរណ៍។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំ«ការប្រលងនិយាយភាសាខ្មែរ»នេះឡើង គឺដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសជប៉ុន។ នេះជាការលើកឡើងរបស់ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយបន្ថែមថា​ គោលបំណងនៃកម្មវិធីនេះ ក៏ដើម្បីផ្សព្វផ្សាយឱ្យជនជាតិជប៉ុនយល់អំពីវប្បធម៌ និងភាសាខ្មែរ រួមទាំងលើកចិត្តដល់ពលរដ្ឋ​ និងនិស្សិតជប៉ុនដែលរៀនភាសាខ្មែរ ផងដែរ។ 
 
បើតាមលោក ទុយ រី មកទល់សព្វថ្ងៃ មានបេក្ខជនជាជនជាតិជប៉ុនប្រមាណ១០នាក់ បានដាក់ពាក្យចូលប្រលងកម្មវិធីនេះ។ បេក្ខជនទាំងនោះនឹងប្រលងនិយាយភាសាខ្មែរ ក្នុងវគ្គជម្រុះ នៅថ្ងៃទី១៨មេសា។ ចំពោះអ្នកដែលជាប់វគ្គជម្រុះនេះ ស្ថានទូតនឹងទាក់ទងទៅដើម្បីចូលរួមប្រលងក្នុងវគ្គផ្តាច់ព្រ័ត្រ​នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នាថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៣។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ(ThmeyThmey)តាមប្រព័ន្ធ Zoom លោក ទុយ រី បានថ្លែងថា ៖« ឆ្នាំកន្លងៗមក! យើងផ្តល់ជ័យលាភីដល់បេក្ខជនតែ៣រូបទេ ប៉ុន្តែឆ្នាំនេះ[ឆ្នាំ២០២៣​] យើងផ្តល់ជ័យលាភីឱ្យបេក្ខជន ៥រូប​ ដោយសារឆ្នាំនេះ គឺជាខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសជប៉ុន»។ 
 
សម្រាប់អ្នកទទួលបានជ័យលាភី នឹងទទួលបានសំបុត្រយន្តហោះទៅមកកម្ពុជា-ជប៉ុន, ទទួលបានថ្លៃស្នាក់នៅសណ្ឋាគារនិងថ្លៃអាហារ រួមទាំងមានមគ្គុទេសក៏ទេសចរណ៍​​នាំដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ថែមទៀត។  រង្វាន់ទាំងនេះសម្រាប់អ្នកជាប់ជ័យលាភី នឹងត្រូវបាន ប្រកាសផ្តល់ឱ្យក្នុងកម្មវិធី«ពិព័រណ៌កម្ពុជា» ដែលធ្វើឡើងនៅថ្ងៃទី៣-៤ ខែឧសភា​ ឆ្នាំ២០២៣។
 
លោក ទុយ រី បានបន្តមានប្រសាសន៍ដូច្នេះ៖ «ការប្រកាសអ្នកជាប់ជ័យលាភី ក្នុងឱកាសកម្មវិធីពិព័រណ៌កម្ពុជា​នេះ គឺដើម្បីឱ្យអ្នកទស្សនាជាពិសេសជនជាតិជប៉ុនឱ្យចង់រៀនភាសាខ្មែរ ក៏ដូចជាការទាក់ទាញជនជាតិជប៉ុនឱ្យមកធ្វើដំណើរកម្សាន្ត ឬមកទេសចរណ៍នៅទឹកដីកម្ពុជា ផងដែរ»។ 
 
សូមជម្រាបថា កម្មវិធី«ការប្រលងនិយាយភាសាខ្មែរ» ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​រៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣មក ប៉ុន្តែត្រូវបានខកខានអស់រយៈពេល៣ឆ្នាំ ដោយសារបញ្ហាឆ្លងរាលនៃជំងឺកូវីដ-១៩។ សម្រាប់ឆ្នាំ២០២៣ គឺជាការចាប់ផ្តើមអនុវត្តឡើងវិញ នូវកម្មវិធី«ការប្រលងនិយាយភាសាខ្មែរ»នេះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com