អន្តរជាតិ
ឆាដ ប្រាប់អគ្គរដ្ឋទូតអាល្លឺម៉ង់រៀបបង្វេចទៅផ្ទះវិញជុំវិញអាកប្បកិរិយាមិនសមរម្យ
09, Apr 2023 , 8:29 pm        
រូបភាព
រដ្ឋាភិបាលឆាដ បានប្រាប់ឱ្យអគ្គរដ្ឋទូតអាល្លឺម៉ង់ Jan-Christian Gordon Kricke ចាកចេញពីប្រទេសជុំវិញអាកប្បកិរិយាមិនសមរម្យ និងខ្វះការគោរពទម្លាប់ការទូត។ នេះបើតាមការប្រកាសរបស់ក្រសួងគមនាគមន៍ឆាដនៅថ្ងៃទី៧ ខែមេសា។

លោក Jan-Christian Gordon Kricke ដែលជាអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំឆាដចាប់តាំងពីឆ្នាំ២០២១មក មានពេល៤៨ម៉ោងដើម្បីចាកចេញ។ លិខិតប្រកាសរបស់ក្រសួងគមនាគមន៍ឆាដ មិនបានបញ្ជាក់មូលហេតុច្បាស់លាស់ឡើយ។
 
ក្រសួងការបរទេសអាល្លឺម៉ង់ ក៏មិនទាន់អាចបញ្ជាក់ពីមូលហេតុដែរ ហើយបន្តទំនាក់ទំនងជាមួយរដ្ឋាភិបាលឆាដជុំវិញរឿងនេះ។ អ្នកនាំពាក្យម្នាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ DW បែបនេះ។
 
យ៉ាងណាមិញ ប្រភពពីរដ្ឋាភិបាលឆាដប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោក Kricke លូកលាន់កិច្ចការផ្ទៃក្នុងឆាដខ្លាំងពេក ហើយធ្វើអធិប្បាយមិនសមរម្យ។ រដ្ឋាភិបាលយោធាឆាដ ក៏ព្រមានអ្នកការទូតរូបនេះច្រើនដងដែរ។
 
ឆាដដែលនៅទ្វីបអាហ្វ្រិក ស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលចាប់តាំងពីខែមេសា ឆ្នាំ២០២១ មក។ ប្រធានាធិបតី​ Mahamat Idriss Deby Itno ធ្លាប់សន្យាផ្ទេរអំណាចឱ្យស៊ីវិលវិញ តែពន្យារពេល២ឆ្នាំទៀត៕
 
 

Tag:
 ឆាដ
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com