កីឡាអន្តរជាតិ
អន្តរជាតិ
ស្ថាប័នអាជ្ញាកណ្តាលអង់គ្លេសនឹងស៊ើបអង្កេតជុំវិញអាជ្ញាកណ្តាលខ្សែបន្ទាត់ ប្រើកែងលើកីឡាករ Robertson
10, Apr 2023 , 11:59 am        
រូបភាព
ស្ថាប័នអាជ្ញាកណ្តាលអង់គ្លេស បើកការស៊ើបអង្កេត ក្រោយមានការចោទប្រកាន់ថា អាជ្ញាកណ្តាលខ្សែបន្ទាត់​​បានប្រើកែងដៃលើ Andy Robertson ខ្សែការពារ Liverpool អំឡុងប្រកួត Premier League រវាង Liverpool និង Arsenal នៅ Anfield ថ្ងៃទី៩​ ខែមេសា។



ខ្សែការពារសញ្ជាតិស្កុតឡែន ត្រូវបានគេមើលឃើញថា បានទៅជជែកប្រកែកគ្នាជាមួយនឹងមន្រ្តីអាជ្ញាកណ្តាលការប្រកួតទីបួន បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គទីមួយ ហើយតាមរយៈវីដេអូឃ្លីបមួយទាក់ទងនឹងរឿងនេះ បានបង្ហាញថាលោក Constantine Hatzidakis ដែលជាអាជ្ញាកណ្តាលនោះ បានច្រាន Robertson ចេញដោយប៉ះចំកែងដៃរបស់លោក នៅពេល Robertson មកចាប់ដៃ។
 
«PGMOL បានដឹងអំពីឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងរឿងរ៉ាវជំនួយការអាជ្ញាកណ្តាលខ្សែបន្ទាត់លោក Constantine Hatzidakis និងកីឡាករខ្សែការពារ Andrew Robertson អំឡុងបញ្ចប់ការប្រកួតវគ្គទីមួយក្នុងការប្រកួតរវាង Liverpool ទល់នឹង​ Arsenal នៅទឹកដី ​Anfield។ យើងនឹងត្រួតពិនិត្យឡើងវិញនៅរឿងរ៉ាវទាំងនេះឱ្យបានពេញលេញ។»។ ស្ថាប័នវិជ្ជាជីវៈអាជ្ញាកណ្តាល PGMOL របស់អង់គ្លេស បាននិយាយបែបនេះ។
 
ការប្រកួតរវាងក្រុម Liverpool និង ​Arsenal ក្នុងជំនួបដ៏ធំប្រចាំសប្តាហ៍នៃលីគកំពូលអង់គ្លេស ម្ចាសផ្ទះ ហង្សក្រហមបានវាយបកតាមស្មើ ២-២ បន្ទាប់ពីត្រូវបានក្រុមកាំភ្លើងធំស៊ុតបើកឆាក ២គ្រាប់មុននៅក្នុងវគ្គទីមួយ។
 
នៅពេលដែលមានគេសួរទាក់ទងនឹងរឿងរ៉ាវចោទប្រកាន់ថាអាជ្ញាកណ្តាលប្រើកែងដាក់កូនក្រុមខ្លួន លោក Jurgen Klopp ដែលជាអ្នកចាត់ការក្រុមបាននិយាយថា លោកបានមិនដឹងអំពីរឿងហេតុនោះទេ ហើយអ្នកចាត់ការរូបនេះក៏មិនបានចាប់អារម្មណ៍នោះដែរ៕
 

Tag:
 Liverpool
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com