អន្តរជាតិ
ប្រធានាធិបតីបារាំងថា ឥឡូវនេះមិនជាពេលសម្រាប់កិច្ចចរចាសន្តិភាពនៅអ៊ុយក្រែនឡើយ
10, Apr 2023 , 2:04 pm        
រូបភាព
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅក្រុងប៉េកាំង ក្នុងថ្ងៃទី៥ ខែមេសា។ រូបភាព AFP
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅក្រុងប៉េកាំង ក្នុងថ្ងៃទី៥ ខែមេសា។ រូបភាព AFP
ត្រឡប់ពីដំណើរទស្សនកិច្ចនៅចិន ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៩ ខែមេសា អះអាងថា កច្ចុប្បន្ន មិនមែនជាពេលសម្រាប់កិច្ចចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឡើយ ដោយសារក្រុងកៀវនៅតែបន្តជម្នះរុស្ស៊ី។ បារាំង និងចិន កំពុងស្វះស្វែងរកច្រកចេញសម្រាប់សង្រ្គាមមួយនេះ។

 
សង្រ្គាមនៅអ៊ុយក្រែន បានអូសបន្លាយជាង ១ឆ្នាំហើយ ខណៈកិច្ចចរចាសន្តិភាព នៅតែមិនអាចចាប់ផ្តើមឡើងវិញ ព្រោះក្រុងកៀវ និងក្រុងមូស្គូ មានហេតុផលរៀងៗខ្លួនសម្រាប់ចូលតុចរចា។ ក្នុងកិច្ចសម្ភាសជាមួយកាសែត Les Echos លោកប្រធានាធិបតីបារាំង អេម៉េនុយអែល ម៉ាក្រុង បានបញ្ជាក់យ៉ាងច្បាស់ៗថា ពេលនេះ មិនមែនជាពេលសម្រាប់កិច្ចចរចាសន្តិភាពនៅអ៊ុយក្រែនឡើយ។ 
 
«កម្លាំងអ៊ុយក្រែន នៅតែបន្តជម្នះ ហើយយើងកំពុងជួយពួកគេ»។ លោកម៉ាក្រុង បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៩ ខែមេសា ដោយបន្តថា វាមិនមែនជាពេលចរចាឡើយ។ ត្រង់ចំណុចនេះ ប្រធានាធិបតីបារាំង បានបន្តពន្យល់ថា បើទោះក្រុងប៉ារីស និងប៉េកាំងរៀបចំវាក៏ដោយ វាក៏ត្រូវមានដំណាក់កាលជាក់លាក់សម្រាប់ក្រុងកៀវ និងមូស្គូ ចូលតុចរចាដែរ។ 
 
ការអះអាងរបស់មេដឹកនាំបារាំងបែបនេះ ធ្វើឡើងក្រោយលោកបានប្រាប់ប្រធានាធិបតីចិន លោកស៊ី ជិនភីង ឱ្យជំរុញរុស្ស៊ី​ចូលតុចរចា ក្នុងដំណើរទស្សនកិច្ចនៅក្រុងប៉េកាំងរយៈពេល ៣ថ្ងៃ។ 
ចិន ត្រូវបានមើលឃើញថា ជាដៃគូដ៏ជិតស្និទ្ធមួយរបស់រុស្ស៊ី ក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង។ ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ី មេដឹកនាំចិន លោកស៊ី និងលោក វ្ល៉ាឌីមៀ ពូទី​ន ប្រធានាធិបតីរុស្ស៊ី បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិ ពាណិជ្ជកម្ម ក៏ដូចជា ផ្នែកឌីជីថល និងព័ត៌មានវិទ្យាជាដើម។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋបារាំងរូបនេះ ក៏បានអំពាវនាវឱ្យបារាំង និងចិន គោរពគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ (UN), ច្បាប់មនុស្សធម៌, ការការពារកុមារ រួមទាំងរំឭកឱ្យច្បាស់ពីសន្តិសុខថាមពលនុយក្លេអ៊ែរ ក្រោយសេចក្តីសម្រេចរបស់រុស្ស៊ីក្នុងការពង្រាយអាវុធនុយក្លេអ៊ែរ នៅបេឡារុសផង។ 
 
កន្លងមក លោកពូទីន បានអះអាងថា រុស្ស៊ី មានបំណងបំពាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តនៅបេឡារុសសម្រាប់ជាការហ្វឹកហាត់៕ 
 

Tag:
 អ៊ុយក្រែន
  បារាំង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com