ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា​ជំងឺមហារីក​ទាំង ១០​ដែល​ស្ត្រី​គួរតែ​យល់ដឹង
14, Apr 2023 , 6:59 am        
រូបភាព
យោង​ទៅតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ (CDC) បានឱ្យដឹងថា ទោះបីជា​៦៥%​នៃ​ស្ត្រី​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ​ថត Mammogram ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ ​ហើយ​ក៏​ដោយ ក៏​ជំងឺមហារីក​តែងតែ​មិន​អាច​រកឃើញ​ តាមរយៈ​ការ​ធ្វើ​តេស្ត​បែបនេះ​ដែរ​។​

 
​លើសពីនេះទៅទៀត វេជ្ជបណ្ឌិត បេត វ៉ា​យ កា​លេន (Beth Y. Karlan, MD) នាយក​ក្នុង​កម្មវិធីស្រាវជ្រាវ​ជំងឺមហារីក​ស្ត្រី (Women’s Cancer Research Program) នៅ​វិទ្យាស្ថានជំងឺមហារីក Cedars-Sinai’s Samuel Oschin Comprehensive Cancer ក្នុង​រដ្ឋ​ឡូ​សអេ​ជែ​ឡែ​ស និយាយថា នៅ​ពេល​ស្ត្រី​ពិតជា​សង្ស័យ​​អ្វីមួយ​មែន​ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​ទៅ​។​
 
​អ្នកស្រី​បន្ថែមទៀតថា៖ “​រោគសញ្ញា​គំរាម​ដាស់តឿន ​មិនមែន​មានន័យ​ថា​មហារីក​នោះទេ ទោះបីជា​អ្នក​មាន​សញ្ញា​ទាំងនោះ​ទាំងអស់​ក៏ដោយ​។ មាន​សញ្ញា​ធម្មតាៗ ឬ​ការប្រែប្រួល​មិនធម្មតា​ជាច្រើន ​ដែល​សុទ្ធតែ​អាច​បណ្តាលឱ្យមាន​រោគសញ្ញា​ដាស់តឿន​ទាំងអស់​”​។ ឧទាហរណ៍ អ្នក​អាច​មាន​ករណី​ហើម​ពោះ ឈឺ​ចង្កេះ និង​តឹង​ក្នុង​អាង​ត្រគៀក​ដែល​នោះ​គ្រាន់តែ​ជា​ដុំ​សាច់​ធម្មតា​ក្នុង​ស្រទាប​សាច់ដុំ​ស្បូន​ប៉ុណ្ណោះ​។​
 
​ប៉ុន្តែ​ប្រសិនបើ​រោគសញ្ញា​របស់​អ្នក​ចេះ​តែ​កើតមាន​រហូត និង​វិវឌ្ឍន៍​ទៅមុខទៀត ដូចជា​ធ្វើឱ្យ​អ្នក​ក្រោក​ពី​ដេក​រាល់​ព្រឹក និង​ចេះ​តែ​ព្រួយបារម្ភ​រយៈពេល​ពីរ​សប្តាហ៍​ហើយ យក​ល្អ​គួរតែ​ទូរស័ព្ទ​ទំនាក់ទំនង​នឹង​គ្រូពេទ្យ ដើម្បី​ពិនិត្យ​រក​បញ្ហា​។​
 
​កា​លេន បន្ថែមទៀតថា ការ​ពិនិត្យ​ជំងឺ​ជា​ទៀងទាត់ និង​ធ្វើតេស្ត​ដូចជា Pap Smear និង Mammograms ព្រមទាំង​យល់ដឹង​ពី​រាងកាយ​របស់​អ្នក វា​សុទ្ធតែជា​រឿង​សំខាន់​ទាំងអស់​ដើម្បី​ទទួលបាន​សុខភាព​ល្អ​។​
 
​តើ​ការប្រែប្រួល​អ្វីខ្លះ​ដែល​គ្រប់គ្រាន់​ឱ្យ​អ្នក​មក​ជួប​គ្រូពេទ្យ​? ខាងក្រោម​នេះ​គឺជា​សញ្ញា​ជាច្រើន​ដែល​អាច​ឱ្យ​អ្នក​ត្រូវ​មក​​​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​ហើយ​។​
 
១, ប្រែប្រួល​សុដន់​

​វេជ្ជបណ្ឌិត កា​រូ​លីន រា​នូ​វី​ច (Carolyn Runowicz, MD) អ្នក​ជួយ​សង្គ្រោះ​ជំងឺមហារីក​សុដន់ និង​ជា​សាស្ត្រាចារ្យ​ខាង​សម្ភព និង​រោគ​ស្ត្រី​នៅ​ឯ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Herbert Wertheim របស់​សាកលវិទ្យាល័យ​អន្តរជាតិ Florida ព្រមទាំង​ជា​អតីត​នាយក​សហគមន៍​ជំងឺមហារីក​អាមេរិក និយាយថា៖ “​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​មាន​ដុំ​សាច់​មួយ អ្នក​មិនគួរណា​ប្រងើយ​កន្តើ​យ​នឹង​វា​ទេ ទោះបីជា​លទ្ធផល​នៃ​ការថត Mammogram ឃើញ​ធម្មតា​ក៏ដោយ​”​។ ប្រសិនបើ​ក្បាល​សុដន់​របស់​អ្នក​បែក​ស្រ​កា ឬ​របកស្បែក នោះ​វា​អាច​ជា​ជំងឺ Paget’s Disease ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺមហារីក​រហូតដល់ ៩៥%​ឯណោះ​។ លើសពីនេះទៅទៀត ​គួរតែ​រកមើល​កា​រហូត​ទឹករំអិល​ដូច​ទឹកដោះគោរ ឬ​ឈាម​ចេញពី​ក្បាល​សុដន់​។​
 
​ស្បែក​នៅ​សុដន់​ទៅ​ជា​ខួច ជា​ពិសេស​មាន​ពណ៌​ដូច​ទឹក្រូច នោះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​បារម្ភ​ហើយ​។ អ្វី​ដែល​កម្រ ការ​ខួច​លើ​ស្បែក​សុ​ដ​ន់ ​ច្រើន​តែ​ទាក់ទង​នឹង​ជំងឺមហារីក​សុដន់​ដែល​រលាក ហើយ​ករណី​ដែល​ជា​មហារីក​ខ្លាំងក្លា អ្នក​អាច​សម្គាល់​ឃើញ​មាន​ការ​ហើម ក្តៅ និង​ក្រហម​សុដន់​។​
 
​គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​លើ​សុដន់ និង​សួរ​ពី​ប្រវត្តិ​ជំងឺ ថត Mammogram ឬ Sonogram និង​អាច​ធ្វើ​អាណា​ប៉ាត់​ទៀត ដោយ​អាស្រ័យ​ទៅតាម​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ទាំងពី​ខាងលើ​»។​
 
២. ធ្លាក់​ឈាមរដូវ​មិន​ទៀងទាត់​

​ពេល​មួយ​ដែល​អ្នក​រាំង​រដូវ រាល់​ការ​ធ្លាក់ឈាម​ទាំងអស់​សុទ្ធតែ​ជា​សញ្ញា​ដាស់តឿន​ដល់​អ្នក​ហើយ​។ វេជ្ជបណ្ឌិត រា​នូ​វី​ច និយាយថា៖ “​រាល​ការ​ហូរឈាម ឈាម​តិចៗ​លើ​ខោ​ទ្រនាប់ ឬ​កំណក់​ឈាម​ធំ​មួយ សុទ្ធតែ​ជា​រឿង​មិនធម្មតា​ទាំងអស់ ហើយ​គួរតែ​ស្រាវជ្រាវ​ឱ្យ​បាន​ភ្លាមៗ​”​។ ការ​ហូរឈាម​អាច​បញ្ជាក់បាន​ថា​មាន​ដុំ​សាច់ ​មិន​មែន​មហារីក Endometrial Polyp ឬ អ្វីមួយ​ធ្ងង់ធ្ងរ​ជាង​នេះ​ ដូចជា​មហារីក​ស្រទាប់​ខាងក្នុង​របស់​ស្បូន ឬ​មាត់ស្បូន​។​
 
​ជុំវិញ​ការ​រាំ​ង​រដូវ ការ​ហូរ​ឈាម​មិន​ធម្មតា​ច្រើន​តែ​ទាក់ទង​នឹង​ការប្រែប្រួល​អ័រម៉ូន និង​ភាពមិនធម្មតា​ក្នុង​ទ្វា​រមាស ដូច្នេះ​ចូរថត Sonogram ទៅលើ​ទ្រវា​មាស​ផ្ទាល់ និង​អាណា​ប៉ាត់​។​
 
៣, ហូរ​ឈាម​តាម​រន្ធ​គូថ​

​ជំងឺមហារីក​ពោះវៀនធំ​ គឺជា​ជំងឺមហារីក​ដែល​កើត​ច្រើន​ជាង​គេ​បំផុត​លំដាប់​ទី​៣ លើ​មនុស្ស​ស្រី​។ ចំណុច​សំខាន់​មួយ​របស់​វា ​គឺជា​ការ​ហូរ​ឈាម​តាម​រន្ធ​គូថ ដែល​ភាគច្រើន​បំផុត​បណ្តាលមកពី​ជំងឺ​ឫស​ដូង​បាត​។ វេជ្ជបណ្ឌិត កា​លេន និយាយថា៖ “​ប៉ុន្តែ​វា​មិនមែន​បែបនេះ​ទាំងអស់​នោះ​ទេ តែ​លាមក​ដែល​មាន​ពណ៌​ខ្មៅ ឬ​ក្រហម​គ្រប់គ្រាន់​សម្រាប់​អ្នក​ទៅ​ជួប​គ្រូពេទ្យ​ហើយ​”​។​ គ្រូពេទ្យ​ទំនងជា​នឹង​ពិនិត្យ​ដោយ​ការ​លូក​រន្ធ​គូ​ថ និង​ថត Colonoscopy ប្រសិនបើ​អ្នក​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ ឬ​នៅ​ក្មេង​ក៏ដោយ​។​
 
៤, ហូរ​ទឹករំអិល​

​ការហូរ​ទឹករំអិល​តាម​ទ្វារ​មាស​ដែល​មាន​ក្លិនស្អុយ អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​មាត់ស្បូន ហើយ​ទឹករំអិល​នោះ ​ប្រហែលជា​មាន​ឈាម និង​កើតមាន​នៅ​នៅ​ចន្លោះ​ពេល​មក​រដូវ ឬ​ក្រោយ​រាំ​ង​រដូវ​។ យក​ល្អ​កុំ​សាកល្បង​ព្យាបាល​ការហូរ​ទឹករំអិល​នោះ​ដោយ​ខ្លួនឯង​ ជាមួយ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​អី​។​
 
​ការពិនិត្យ​មាន​សារៈសំខាន់​ដើម្បី​កំណត់​ថា ​ការហូរ​ទឹករំអិល​នោះ​បណ្តាលមកពី​ការបង្ក​រោគ ឬ​អ្វី​ផ្សេង​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​។​
 
៥, ហើម​ពោះ​

​វេជ្ជបណ្ឌិត កា​លេន និយាយថា “​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​គឺ​ជា​ឃាតករ​លេខ​មួយ​។ អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឃាតករ​ស្ងាត់ស្ងៀម និង​មាន​រោគសញ្ញា​ច្បាស់លាស់​របស់​វា​ច្បាស់លាស់​ចំនួន​បួន​ នោះ​គឺហើម​ពោះ ផ្លាស់ប្តូរ​ពេលវេលា​បត់ជើងធំ​តូច នោម​ញឹក​ជាធម្មតា និង​ឈឺចង្កេះ ឬ​អាង​ត្រគៀក​។​
 
​ការ​មាន​រោគសញ្ញា​ទាំងនេះ​មួយ ឬ​ពីរ​ម្តង​ម្កាល វា​គឺជា​រឿង​ធម្មតា​ទេ ជា​ពិសេស​ក្រោយពី​ញ៉ាំ​អាហារ​ឆ្អែត​។ ប៉ុន្តែ​ចូរ​ប្រយ័ត្ន​នៅពេល​មាន​សញ្ញា​នេះ​ពីរ ឬ​ច្រើន​កើត​ឡើង​រាល់ថ្ងៃ​ច្រើន​ជាង​ពីរ​សប្តាហ៍ ហើយ​អ្នក​ក៏​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដែរ​ ប្រសិនបើ​វា​ចេះ​តែ​កើត​ឡើង​ជាប់​រហូត និង​វិវឌ្ឍន៍​ទៅមុខទៀត​។​
 
​គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​លើ​អាង​ត្រគៀក ថត Sonogram លើ​ទ្វា​រមាស និង​ធ្វើតេស្ត​ឈាម CA-125 ដើម្បី​រក​មើល​កោសិការ​មហារីក​។
 
៦, ឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​

​វេជ្ជបណ្ឌិត រា​នូ​វី​ច និយាយថា៖ “​ប្រសិនបើ​អ្នក​ឡើង​ទម្ងន់ ២,២​គីឡូក្រាម​ភ្លាមៗ កុំ​បាច់​បារម្ភ​អី​”​។ ប៉ុន្តែ​ពី​មួយ​ខែ​ទៅ​មួយ​ខែ ឃើញ​មាន​ឡើង​ទម្ងន់​ច្រើន ជាពិសេស​នៅពេល​ញ៉ាំ​អាហារ​ដើម្បី​ថែ​រាង​ឱ្យ​ធម្មតា​នោះ បែរ​ឃើញ​រីក​ក្បាលពោះ នោះ​អាច​ជា​សញ្ហា​ជំងឺមហារីក​អូវ៉ែ​ដែរ​។​
 
​ដោយ​យោង​ទៅតាម​សហគមន៍​ជំងឺមហារីក​អារម៉េរិក បានឱ្យដឹងថា ការ​ស្រក​ទម្ងន់​៤,៤​គីឡូក្រាម ឬ​ច្រើន​ជាង​នេះ​ដោយ​មិនដឹង​ខ្លួន ប្រហែល​ជា​សញ្ញា​ដំបូង​នៃ​ជំងឺមហារីក ក្នុងនោះ​មាន​មហារីក​លំពែង ក្រពះ បំពង់ Esophagus ឬ​សួត​។​
 
​ប៉ុន្តែ​វេជ្ជបណ្ឌិត រា​នូ​វី​ច និយាយថា ស្ត្រី​ដែល​ស្រក​ទម្ងន់​ច្រើនតែ​បណ្តាលមកពី​ក្រ​ពេញទី​រ៉ូ​អ៊ីត​ធ្វើការ​ខ្លាំងពេក ដូច្នេះ​គ្រូពេទ្យ​ប្រហែលជា​អាច​ធ្វើ​តេស្ត​មើល​មុខងារ​ក្រ​ពេញទី​រ៉ូ​អ៊ីត​ដំបូង​គេ​។​
 
៧, ក្អក​ជាប់​រហូត​

​ការ​ក្អក​ជាប់​រហូត​ច្រើន​ជាង​ពីរ ទៅ​បី​សប្តាហ៍ និង​មិនមែន​ដោយសារ​ការ​អាឡែ​ហ្ស៊ី ឬ​ជំងឺ​នៅ​ផ្លូវដង្ហើម​ខាងលើ ឬ​មាន​ឈាម​ក្នុង​កំហាក ត្រូវតែ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ​។ ប្រសិនបើ​ការ​ក្អក​របស់​អ្នក បង្ក​ឡើង​ដោយ​ការជក់បារី ឬ​ស្រូប​ផ្សែង​បារី​ពី​គេ ចូរ​ចេញ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​នោះ ឬ​ឈប់​ជក់បារី​។ វេជ្ជបណ្ឌិត កា​លេន និយាយថាឰ “​ការជក់បារី​គឺជា​ឃាតករជំងឺមហារីក​លេខ​មួយ​របស់​ស្ត្រី​”​។ គ្រូពេទ្យ​អាច​នឹង​ថត​កាំរស្មីអ៊ិច និង CT Scan លើ​សួត​របស់​អ្នក​។​
 
៨, ប្រែប្រួល​កូនកណ្តុរ​

​វេជ្ជបណ្ឌិត រា​នូ​វី​ច ឱ្យ​ដំបូន្មាន​ថា “​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា មាន​កូនកណ្តុរ​ដ៏​រឹង​ច្រើន​នៅ​នឹង​ក ឬ​ឃ្លៀក អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ទៅ​”​។ កូនកណ្តុរ​ដែល​ហើម រឹង ច្រើន​តែ​បណ្តាលមកពី​ការបង្ក​រោគ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មហារីក​កូនកណ្តុរ សួត ក្បាល ឬ​ក ដែល​បាន​រីក​រាលដាល​ហើយ​នោះ​ ក៏​អាច​ធ្វើឱ្យ​កូនកណ្តុរ​រីក​ធំ​បាន​ដែរ ហើយ​គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​ទៅ​លើ​រាងកាយ និង​ធ្វើ​អាណា​ប៉ាត់​ទៀត​។​
 
៩, អស់កម្លាំង​

​ទោះបីជា​ការ​អស់កម្លាំង​អាចជា​រឿង​មួយ​ពិបាក​នឹង​ចាត់ទុក​ក៏ដោយ ក៏​សហគមន៍​ជំងឺមហារីក​អាម៉េរិក កំណត់ថា ការ​អស់កម្លាំង​ខ្លាំង​ពេក ​វា​មិន​ធូរស្បើយ​វិញ​ទេ​ ទោះបីជា​សម្រាក​ហើយ​ក៏​ដោយ​។ ប្រសិនបើ​អ្នក​ចេះ​តែ​អស់កម្លាំង​ជាប់​រហូត ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ចុះ​។ ជំងឺមហារីក​ឈាមស ពោះវៀន​ធំ ឬ​ក្រពះ​សុទ្ធតែ​អាច​បណ្តាល​ឱ្យ​អស់កម្លាំង​បាន​ទាំងអស់ ព្រោះ​វា​ធ្វើឱ្យ​បាត់បង់​ឈាម​។​
 
​វេជ្ជបណ្ឌិត រា​នូ​វី​ច និយាយថា “​ការ​អស់កម្លាំង​អាច​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ ហើយ​ងាយ​នឹង​មិន​យកចិត្តទុកដាក់​ណាស់​”​។ គ្រូពេទ្យ​អាច​នឹង​​ពិនិត្យ​លើ​រាងកាយ និង​ធ្វើតេស្ត​ឈាម​ដើម្បី​វាយ​តម្លៃ​ទៅលើ​ក្រពេញ​ទី​រ៉ូ​អ៊ីត​និង​ទាត់ចោល​នូវ​ជំងឺ​ទី​រ៉ូ​អ៊ីត​ផងដែរ​។​
 
១០, ប្រែប្រួល​ស្បែក​

​ចូរ​មើលថែ​ឱ្យ​បាន​ដឹត​ដល់​លើ​ការប្រែប្រួល​ទាំងឡាយ​ណា ​ដែល​មាន​លើ​ស្បែក​របស់​អ្នក​គ្រប់​ទីកន្លែង​ទាំងអស់ និង​ត្រូវ​ទំនាក់ទំនង​គ្រូពេទ្យ​ភ្លាម​ នៅ​ពេល​មាន​អ្វី​ដែល​ធ្វើឱ្យ​អ្នកព្រួយបារម្ភ​។​
 
​ការឈឺចាប់​នៅ​នឹង​មាត់ ដែល​មិន​ចេះ​បាត់ ជា​ពិសេស​ពេល​ជក់បារី ឬ​ផឹកស្រា ប្រហែល​ជា​សញ្ញា​នៃ​ជំងឺមហារីក​មាត់​។​
 
​ជាពិសេស ចូរ​សម្គាល់​រកមើល​ស្បែក​ដែល​ឈឺ ឬ​រលាក​លើ​តំបន់​ទ្វារ​មាស​។ វេជ្ជបណ្ឌិត រា​នូ​វី​ច និយាយថា “​ដំបៅ​លើបបេ​ទ្រវា​មាស​ដែល​មិនចេះ​ជា អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​លើ​បបេ​ទ្វារ​មាស​នោះ​”​។ ការប្រែប្រួល​លើ​ប្រជ្រុយ ឬ​ដំបៅ​មាន​ពណ៌​លើ​បបេ​ទ្វារ​មាស ​ក៏​អាច​ជា​សញ្ញា​របស់​ជំងឺមហារីក​ដែរ​។ វេជ្ជបណ្ឌិត រា​នូ​វី​ច បន្ថែមទៀតថា “​ជំងឺ​ស្បែក​បបេ​ទ្វារ​មាស ​អាច​នឹង​មើលរំលង​ជា​ញឹកញាប់ ព្រម​ទាំង​អាច​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​បាន​ទៀត។ ដូច្នេះ​ការ​ច្រិបសាច់​ទៅ​វិភាគអាណា​ប៉ាត់​អាច​នឹង​ត្រូវ​ធ្វើ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 
 

© រក្សាសិទ្ធិដោយ thmeythmey.com