អន្តរជាតិ
ចិនបង្ហាញនាវាមុជដឹកយន្តហោះក្នុងសមយុទ្ធក្បែរតៃវ៉ាន់ ឯអាម៉េរិកបញ្ជូននាវាចម្បាំងទៅសមុទ្រចិនខាងត្បូង
10, Apr 2023 , 7:29 pm        
រូបភាព
នាវាដឹកយន្តហោះចិន Shandong ដែលត្រូវបា​នពង្រាយនៅក្បែរតៃវ៉ាន់ ក៏មានវត្តមានក្នុងសមយុទ្ធដែលកំំពុងធ្វើនៅជុំវិញកោះនេះដែរ។ ស្របគ្នានេះ អាម៉េរិកក៏បញ្ជូននាវាចម្បាំងមួយគ្រឿងទៅសមុទ្រចិនខាងត្បូង។ ឯរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១០ ខែមេសា បានអះអាងថា ខ្លួនកំពុងតាមដានសមយុទ្ធយោធាចិននៅជុំវិញតៃវ៉ាន់។

 
ក្នុងសមយុទ្ធយោធាថ្ងៃទី៣ នៅថ្ងៃទី១០ ខែមេសា ចិនបានបង្ហាញសាច់ដុំរបស់ខ្លួន តាមរយៈការល្បាតនាវាដឹកយន្តហោះចម្បាំងនៅច្រកសមុទ្រតៃវ៉ាន់, វត្តមានយន្តហោះទម្លាក់គ្រាប់បែក H-6 យន្តហោះចម្បាំង រួមទាំងការបាញ់មីស៊ីលគ្រាប់ពិតថែមទៀត។ សមយុទ្ធ ដែលផ្តើមចាប់តាំងពីថ្ងៃទី៨ ខែមេសានេះ ជាការឆ្លើយតបនឹងជំនួបរវាងមេដឹកនាំតៃវ៉ាន់ និងប្រធានសភាតំណាងអាម៉េរិក នៅរដ្ឋកាលីហ្វ័រញ៉ា។ 
 
តាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន នៅច្រកសមុទ្រតៃវ៉ាន់ ដែនទឹកភាគខាងកើតតៃវ៉ាន់ ភាគនិរតី និងភាគពាយព្យតៃវ៉ាន់ កម្លាំងយោធាចិន បានអនុវត្តលំហាត់វាយប្រហារ ក្តាប់យកទីតាំងអំណោយផល និងពង្លឿនការវាយប្រហារ ដើម្បីប្រឆាំងគោលដៅសត្រូវ។ 
 
នៅក្នុងសមយុទ្ធយោធានេះ តៃវ៉ាន់ចាប់បានសញ្ញាយន្តហោះចម្បាំង និងនាវាជាច្រើនគ្រឿង នៅជុំវិញកោះរបស់ខ្លួន។ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី១០ ខែមេសា បានចេញផ្សាយផែនទីមួយ ទាក់ទិននឹងសកម្មភាពកម្លាំងទ័ពអាកាសចិន។ បន្ថែមពីនេះ រដ្ឋាភិបាលក្រុងតៃប៉ិ បានអះអាងថា ខ្លួនចាប់បានសញ្ញាយន្តហោះចម្បាំង៥៩គ្រឿង និងនាវា ១១គ្រឿង។
 
ជុំវិញសមយុទ្ធយោធានេះ រដ្ឋាភិបាលក្រុងតូក្យូ នៅថ្ងៃទី១០ ខែមេសា បានអះអាងថា ខ្លួនបានតាមដានយ៉ាងដិតដល់ជាមួយផលប្រយោជន៍ដ៏សំខាន់។
 
«ភាពចាំបាច់នៃសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺមិនត្រឹមតែសំខាន់សម្រាប់ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែវាមានស្ថិរភាពសម្រាប់សហគមន៍អន្តរជាតិទាំងមូល»។​ ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន​ លោក  Hirokazu Matsuno បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន។ 
 
ស្របពេលចិនធ្វើសមយុទ្ធនៅជុំវិញតៃវ៉ាន់ អាម៉េរិកឯណោះវិញ បានបង្ហាញសាច់ដុំយោធារបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។ តាមការបញ្ជាក់របស់កម្លាំងកងទ័ពជើងទឹកអាម៉េរិក USS Milius បានប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង ក្បែរប្រជុំកោះSpratly ដោយផ្អែកលើសេរីភាពនៃនាវាចរណ៍ និងច្បាប់សមុទ្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
សូមបញ្ជាក់ថា នេះមិនមែនជាសមយុទ្ធយោធាលើកទីមួយឡើយសម្រាប់ចិននៅជុំវិញកោះតៃវ៉ាន់។ ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក នៅក្នុងឆ្នាំ២០២២ កន្លងទៅ យោធាចិន បានធ្វើសមយុទ្ធជាច្រើនថ្ងៃ ដោយក្នុងនោះរួមទាំងបាញ់មីស៊ីលគ្រាប់ពិតផង៕ 
 

Tag:
 ចិន
  ជប៉ុន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com