ជាតិ
ស្ពានហាលអង្គរវត្ត បើកប្រើប្រាស់បណ្ដោះអាសន្ន នាពេលចូលឆ្នាំ
11, Apr 2023 , 9:53 am        
រូបភាព
ស្ពានហាលប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ស្ពានហាលប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ អាជ្ញាធរជាតិអប្សរា ប្រកាសពីការបើកឱ្យប្រើប្រាស់បណ្ដោះអាសន្នស្ពានហាលខាងមុខ ប្រាសាទអង្គរវត្ត ដែលកំពុងជួសជុលក្នុងដំណាក់កាលចុងក្រោយ។

 
ស្ពានហាលនេះនឹងបើកឱ្យភ្ញៀវទេសចរបានឆ្លងកាត់ជាប្រក្រតីវិញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ មេសា។ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងនាថ្ងៃទី១១ មេសា ថា ការបើកឱ្យឆ្លងជាបណ្ដោះអាសន្ននៅពេលនេះ ស្របពេលដែលខេត្តសៀមរាបប្រារព្ធពិធីព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលជាខួប១០ឆ្នាំ និងក្នុងន័យធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ។
 
សូមបញ្ជាក់ថា ស្ពានហាលប្រាសាទអង្គរវត្តត្រូវបានបិទដើម្បីជួសជុលនៅឆ្នាំ២០១៦។ នេះជាគម្រោង កិច្ចសហប្រតិបត្តិការជួសជុលដំណាក់កាលទី២ រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន ដែលមានប្រវែងជិត១០០ម៉ែត្រ។ គម្រោងនេះគ្រោងសម្រេចជួសជុលរួចជាស្ថាពរនៅឆ្នាំ ២០២០ ដែលត្រូវបានពន្យារពេលរហូតដល់បច្ចុប្បន្ន ដោយសារបញ្ហាហរិញ្ញវត្ថុ ពិសេសជំងឺកូវីដ១៩។ កំឡុងពេលបិទស្ពានហាលនេះ អាជ្ញាធរបានរៀបចំស្ពានបណ្ដែតទឹកជំនួសចរាចរណ៍លើស្ពានថ្មដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ៕
 

Tag:
 ស្ពានហាលអង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com