ជាតិ
សង្គមជាតិ
បញ្ហាមួយក្នុងប្រព័ន្ធអប់រំកម្ពុជា គឺកុមារចូលរៀនលើសអាយុ ដោយសារលូតលាស់យឺត
11, Apr 2023 , 7:59 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រសួងអប់រំ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ រូបពីក្រសួងអប់រំ
លោក ហង់ជួន ណារ៉ុន ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រសួងអប់រំ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ រូបពីក្រសួងអប់រំ
បញ្ហា១ក្នុងចំណោមញ្ហាផ្សេងទៀតនៃប្រព័ន្ធអប់រំនៅកម្ពុជា គឺកុមារដល់អាយុចូលរៀនហើយ នៅមិនទាន់បានចូលរៀន ដោយសាររូបរាងកាយពួកគេលូតលាស់យឺត ដែលបណ្តាលមកពីកង្វះអាហារូបត្ថម្ភ។ នេះជាការអះអាងរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា។



ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រសួងអប់រំ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ លោក ហង់ជួន ណារ៉ុន ថ្លែងដូច្នេះថា៖«បើសិស្សពូកែ អាចថា អាយុ៥ឆ្នាំចូលរៀនថ្នាក់ទី១ តែតិចតួចទេ ភាគច្រើន គឺយឺតពី១ឆ្នាំ ទៅ២ឆ្នាំ ឬ៣ឆ្នាំ»។ 
 
តាមស្តង់ដារអប់រំនៅកម្ពុជា កុមារ ត្រូវចូលរៀនថ្នាក់ទី១ នៅអាយុ៦ឆ្នាំ ហើយនឹងត្រូវប្រឡងបញ្ចប់ថ្នាក់ទី១២ នៅអាយុ១៧ឆ្នាំ ប៉ុន្តែសិស្សខ្លះ ពុំទទួលបានការអប់រំត្រូវតាមការកំណត់បែបនេះឡើយ។ លោករដ្ឋមន្រ្តី លើកពីករណីជាក់ស្តែងថា សិស្សខ្លះ ត្រូវរៀនដល់ថ្នាក់ទី១០ នៅអាយុ១៥ឆ្នាំ តែបែរជាទើបរៀននៅថ្នាក់ទី៨។ 
 
លោករដ្ឋមន្រ្តី បន្តថា កង្វះអាហារូបត្ថម្ភ និងកង្វះអនាម័យ ធ្វើឲ្យកុមារឈឺច្រើន ហើយបណ្តាលឲ្យប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយពួកគេ។ លោក បន្ថែមថា មិនមែនឪពុកម្តាយចង់ឲ្យកូនចូលរៀនយឺត (ឬលើសអាយុ) នោះទេ តែដោយសារកូនខ្លួនមើលទៅតូច ទើបដល់អាយុ៦ឆ្នាំហើយ មិនទាន់ឲ្យចូលរៀន។ បើតាមលោករដ្ឋមន្រ្តីដដែល ភាពក្រីក្រ ក៏ជាមូលហេតុដែលធ្វើឲ្យកុមារចូលរៀនយឺតផងដែរ។
 
លោក ហង់ជួន ណារ៉ុន លើកពីដំណោះស្រាយថា ដើម្បីឲ្យកុមារតូចៗលូតលាស់បានល្អ គឺត្រូវផ្តោតលើការអប់រំមាតាបិតា។ លោក មានប្រសាសន៍ថា ក្នុងការបំបៅកូន ម្តាយ ត្រូវទទួលទានអាហារដែលមានជីវជាតិ ទើបកូនមានការលូតលាស់ល្អ។ លោក មានប្រសាសន៍ទៀតថា ពេលកុមារលូតលាស់ល្អ ពួកគេ នឹងអាចចូលរៀនថ្នាក់មតេយ្យនៅអាយុ៤ឆ្នាំឬ៥ឆ្នាំ ហើយពួកគេ ច្បាស់ជាបានចូលរៀនថ្នាក់ទី១ នៅអាយុ៦ឆ្នាំ៕ 
 

Tag:
 ហង់ជួន ណារ៉ុន
  អប់រំ
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com