ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ មានជើងហោះហើរត្រង់ជាមួយឥណ្ឌូណេស៊ី​ ដោយហោះ៤ថ្ងៃក្នុងមួយសប្តាហ៍
11, Apr 2023 , 3:49 pm        
រូបភាព
(ពីឆ្វេង) លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍,លោក ជា អូន អ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លោកស្រីអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍Air Asia  និងលោកស្រីអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ីប្រចាំកម្ពុជា
(ពីឆ្វេង) លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍,លោក ជា អូន អ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លោកស្រីអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍Air Asia និងលោកស្រីអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ីប្រចាំកម្ពុជា
ក្រុមហ៊ុន​អាកាស​​ចរណ៍​ឯកជន Air Asia នឹងធ្វើ​ការហោះហើរ​ត្រង់​រវាង​ទីក្រុង​ហ្សា​កាតានៃប្រទេសឥណ្ឌូណេស៊ី មក​រាជធានី​ភ្នំពេញចំនួន៤ថ្ងៃក្នុងមួយសប្តាហ៍​​ ដែលចាប់ពីថ្ងៃទី១៩មេសា​តទៅ។ ការតភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​-​ឥណ្ឌូណេស៊ីនេះ​ នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជា តា​មរយៈ​ចរន្ត​ភ្ញៀវ​ទេស​​ចរ និង​វិនិយោគ ខណៈ​ឥណ្ឌូ​ណេ​ស៊ី គឺជា​ប្រទេស​ដែលមាន​ទំហំ​សេដ្ឋកិច្ច និង​ប្រជាជន​ច្រើនជាងគេ​ ក្នុងតំបន់អាស៊ាន។​

 
ក្រុមហ៊ុន​អាកាស​​ចរណ៍​Air Asia បានសម្ពោធជើងហោះហើរត្រង់រវាងទីក្រុងហ្សាកាតានិងរាជធានីភ្នំពេញ នៅស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នាថ្ងៃទី១០មេសា​  ឆ្នាំ២០២៣។ បើតាម លោក ជា អូន អ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល Air Asia គឺជាក្រុមហ៊ុនដែលមានការតភ្ជាប់ជើងហោះហើរ ក្នុងនិងក្រៅតំបន់។  ជាពិសេសក្រុមហ៊ុន​ផ្តល់ឱកាសដល់អ្នកដែលមានចំណូលតិចតួច ​ក៏អាចហោះហើរបាន ចាប់ពីតម្លៃ៣០ដុល្លារឡើងទៅ ជាមួយការធ្វើដំណើរដ៏សប្បាយរីករាយ និងសុវត្ថិភាព។ 
 
ក្នុងពិធីសម្ពោធជើងហោះហើរនេះ លោក ជា អូន បានលើកឡើងថា ការបង្កើតជើងហោះហើរត្រង់រវាងហ្សាកាតា​និងភ្នំពេញនេះ​ គឺជួយកាត់បន្ថយពេលវេលារបស់អ្នកដំណើរពី៦ម៉ោង ឱ្យមកនៅត្រឹម៣ម៉ោងវិញ ​រួមទាំងការចំណាយថវិកាអស់តិចថែមទៀត។ជាពិសេសនឹងជួយបង្កើនភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ 
 
លោកបន្តរៀបរាប់ដូច្នេះ៖ «ក្រុមហ៊ុននេះ Air Asia ជាក្រុមហ៊ុនមានបច្ចេកវិទ្យាខ្ពស់​ មានស្តង់ដារច្បាស់លាល់​ហើយ ការលក់សំបុត្រយន្តហោះក៏មានភាពងាយស្រួលផងដែរ»។​ 
 
សម្រាប់លោកស្រី ឆាយ ស៊ីវលីង ប្រធានសមាគមទេសចរណ៍កម្ពុជា ​ការបង្កើតជើងហោះហើរត្រង់រវាងហ្សាកាតា និងភ្នំពេញរបស់ក្រុមហ៊ុន​ Air Asia ដែលមានសំបុត្រយន្តហោះក្នុងតម្លៃទាប មានបច្ចេកទេសទំនើប និងសុវត្ថិភាពបែបនេះ វានឹងជួយសម្រួលដល់ការដឹកជញ្ជូនអ្នកដំណើរ ដែលចង់យកកម្ពុជា ជាគោលដៅទេសចរណ៍។ លោកស្រីលើកឡើងដូច្នេះ​ក៏ព្រោះតែ​ឥណ្ឌូណេស៊ី ជាទីផ្សារទេសចរណ៍មួយធំរបស់កម្ពុជា ដែលក្នុងឆ្នាំ២០២២កន្លងមក កម្ពុជាទទួលភ្ញៀវទេសចរជនជាតិឥណ្ឌូណេស៊ីបានប្រមាណ ៧,៥ម៉ឺននាក់។ 
 
​«ការមានជើងហោះហើរត្រង់រវាងហ្សាកាតានិងភ្នំពេញនេះ គឺជា​ឱកាសសម្រាប់កម្ពុជា ដែលយើងនឹងបាន​ការកើននូវភ្ញៀវទេសចរចូលមកម្ពុជា  ដែលអាចជួយជំរុញវិស័យទេសចរណ៍កម្ពុជាហ្នឹងឱ្យយើងឆាប់ស្តារបានមកវិញក្រោយពីវិបត្តិកូវីដ-១៩»។ លោកស្រី ឆាយ ស៊ីវលីង ថ្លែងបែបនេះកាន់សារព័ត៌មានថ្មីៗ ដោយបញ្ជាក់ថា៖ «យើង នឹងមានការបំពេញបន្ថែមនូវចំនួនភ្ញៀវទេសចរដែលចូលមកទស្សនាកម្ពុជា»។​
 
ការបង្កើតជើងហោះហើរត្រង់រវាងទីក្រុងហ្សាកាតា-ភ្នំពេញ គឺជាផ្នែកមួយនៃការអនុវត្តកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជានិងឥណ្ឌូណេស៊ី។ លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានលើកឡើងថា ក្រៅពី Air Asia លោកក៏ចង់ឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ីផ្សេងទៀតដូចជា៖ ក្រុមហ៊ុន Citilink និង Garuda Airlines បង្កើតជើងហោះហើរត្រង់មកកម្ពុជា ដើម្បីភ្ជាប់ឡើងវិញនូវគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា​។
 
បើតាមលោក​ថោង រដ្ឋសក្តិ ការតភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​-​ឥណ្ឌូណេស៊ីនេះ​ ​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​។ លោកបានរំឭកថា ក្នុងឆ្នាំ ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២,២៨លាននាក់​ ដោយក្នុងនោះមានទេសចរជនជាតិឥណ្ឌូណេស៊ីចំនួន ៧៥ ០០០នាក់។ ចំនួនភ្ញៀវទេសចរអន្តរជាតិទាំងនេះ ផ្តល់ចំណូលប្រមាណ ១ ៤១៥លានដុល្លារ ដែលមានចាក់ចំណូលក្នុងចរន្តសេដ្ឋកិច្ចជាតិ។ 
 
ដោយឡែក រយៈពេល២ខែដើមឆ្នាំ២០២៣កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិបាន៨៣,៧ម៉ឺននាក់  ដោយក្នុងនោះមានអ្នកទេសចរជនជាតិឥណ្ឌូណេស៊ីមាន២ម៉ឺននាក់។  សម្រាប់ពេញមួយឆ្នាំ២០២៣នេះ​កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រហែល៤,៥លាននាក់។ ក្នុងនោះ ទេសចរជនជាតិឥណ្ឌូណេស៊ីជាង១៥ម៉ឺននាក់ ខណៈភ្ញៀវទេសចរផ្ទៃក្នុងក៏ត្រូវរំពឹងទទួល១៧លាននាក់ ផងដែរ៕  
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com