ជាតិ
ឥណ្ឌាយល់ព្រមផ្ដល់ពូជខ្លាធំមកកម្ពុជា តែទាមទារឱ្យមានជម្រកសុវត្ថិភាពសិន
11, Apr 2023 , 8:59 pm        
រូបភាព
រូបភាព៖ លោក Allan Michaud
រូបភាព៖ លោក Allan Michaud
ពោធិ៍សាត់៖ «រដ្ឋាភិបាលឥណ្ឌា នឹងព្រមផ្ដល់ពូជខ្លាធំដល់កម្ពុជា នៅពេលណាកម្ពុជាមានជម្រកសុវត្ថិភាព»។ នេះជាការបញ្ជាក់របស់លោក John Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៦​​ ខែមេសា​ នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។



ការនាំចូលពូជសត្វខ្លាធំពីប្រទេសឥណ្ឌា ត្រូវឆ្លងកាត់លក្ខខណ្ឌស្មុគស្មាញច្រើន។ លោក John Willis បានលើកឡើងថា​ ឥណ្ឌា នឹងព្រមផ្ដល់ពូជសត្វខ្លាធំមកកម្ពុជា នៅពេលណាតំបន់ការពារព្រៃធម្មជាតិកម្ពុជា ​មានសុវត្ថិភាពគ្រប់គ្រាន់ តាមការចង់បានរបស់ពួកគេ។ ក្នុងនោះ អន្ទាក់គឺជាបញ្ហាធំមួយ ដែលនាំឱ្យដំណើរការបញ្ជូនសត្វខ្លាធំមកកម្ពុជា ជួបការលំបាក។
  

លោក John Willis (អង្គយកណ្ដាល ពាក់អាវពណ៌ស) នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៦ ខែមេសា នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ រូបភាព៖ លោក នេត្រ ភក្រ្តា
 
ចំពោះមុខ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងតំបន់ព្រៃការពារធម្មជាតិរបស់កម្ពុជា មានសុវត្ថិភាពជាមុនសិន។ ជាមួយគ្នានេះ លោក John Willis សង្ឃឹមថា​ យុទ្ធនាការអន្ទាក់សូន្យ នឹងក្លាយជាចលនា ដ៏សំខាន់មួយក្នុងការលុបបំបាត់អន្ទាក់ចេញពីតំបន់ការពារសត្វព្រៃ ដើម្បីឈានដល់ស្តារវត្តមានសត្វខ្លាធំនៅកម្ពុជាឡើងវិញ។
 
លោក ថ្លែងដូច្នេះថា៖«រដ្ឋាភិបាលឥណ្ឌា គេនឹងយល់ព្រមប្រគល់សត្វខ្លាមកកម្ពុជា នៅពេលណាដែលគេដឹងថា ប្រទេសកម្ពុជា មានសុវត្ថិភាពសម្រាប់សត្វខ្លារបស់ពួកគេ។ រឿងអន្ទាក់ហ្នឹង ក៏អាចប៉ះពាល់ដល់មុខមាត់កម្ពុជាផងដែរ មិនតែត្រឹមសម្លាប់សត្វព្រៃប៉ុណ្ណោះទេ»។
 
ក្រៅពីការសុំអនុញ្ញាតពីរដ្ឋាភិបាលឥណ្ឌា ការលែងសត្វខ្លាធំក្នុងព្រៃធម្មជាតិនេះ ក៏ត្រូវឆ្លងកាត់ការអនុញ្ញាតពីពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះដែរ។ ទន្ទឹមនេះ ក៏ត្រូវគិតគូរដល់របាយសត្វរំពា ដែលជាចំណីរបស់សត្វខ្លា ដូចជា សត្វឈ្លូសជាដើម។ លោក John Willis បន្ថែមដូច្នេះថា៖«​ មិនត្រឹមតែសុំការអនុញ្ញាតពីរដ្ឋាភិបាលប្រទេសឥណ្ឌាទេ គឺយើងត្រូវសុំការអនុញ្ញាតពីប្រជាពលរដ្ឋជុំវិញតំបន់នោះដែរ។ យើងត្រូវធ្វើឱ្យតំបន់ហ្នឹង មានសុវត្ថិភាពជាមុនសិន ហើយយើងក៏ត្រូវគិតពីរបាយនៃសត្វរំពា ដែលជាចំណីខ្លាផងដែរ»។​
 
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា កន្លងទៅ ប្រភេទសត្វខ្លាធំសម្បូរណាស់នៅព្រៃក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារការបរបាញ់ទើបធ្វើឱ្យបាត់បង់។ សត្វខ្លាធំនេះ ត្រូវគេប្រទះឃើញលើកចុងក្រោយនៅឆ្នាំ ២០០៧។
  

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៦ ខែមេសា នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ រូបពី ហ្វេសប៊ុករបស់លោក
 
ការស្ដារសត្វខ្លាធំឡើងវិញ មិនងាយស្រួលនោះទេ ប៉ុន្តែក្រសួងបរិស្ថាន បានតាំងចិត្តនាំយកប្រភេទសត្វកម្រទាំងនោះឱ្យមានវត្តមានឡើងវិញ ដើម្បីជាប្រយោជន៍ជួយដល់ប្រព័ន្ធអេកូឡូស៊ីរបស់ភពផែនដី។ លោក នេត្រ ភក្រ្តា បន្តថា កម្ពុជានៅមានឱកាសក្នុងការការពារ និងអភិរក្ស។ ម្យ៉ាងទៀត ជម្រកនៃតំបន់ការពារធម្មជាតិមានលក្ខណៈល្អ ហើយសុវត្ថិភាពក៏ចាប់ផ្ដើមល្អប្រសើផងដែរ។ លោក បន្ថែមថា៖«យើងអត់ចង់ឱ្យមានតែព្រៃ ហើយអត់សត្វនោះទេ។ អ៊ីចឹង! យើងត្រូវផ្ដល់នូវការការពារ និងសុវត្ថិភាពដល់សត្វព្រៃ»។
 
ខ្លាធំ​ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ និង​មាន​ចុះ​ក្នុង​បញ្ជី​ឧបសម្ព័ន្ធ​ទី ១ នៃ​អនុសញ្ញា​សាយ​តេស។ ខ្លា​ប្រភេទ​នេះ​កំពុង​រងគ្រោះថ្នាក់​ដោយសា​រការ​បរបាញ់ យក​ឆ្អឹង ស្បែក ដើម្បី​ធ្វើ​ពាណិជ្ជកម្ម និង​ការយកទៅ​ប្រើប្រាស់​ធ្វើជា​ឱសថ​បុរាណ។ ខ្លាធំ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ (EN)។
 
បើតាមរបាយការណ៍ក្រសួងបរិស្ថាន នៅឆ្នាំ២០២២ អន្ទាក់ចំនួន ៣៤ ០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិកម្ពុជា។ ចំនួនអន្ទាក់នេះ ថយចុះជិតពាក់កណ្ដាល បើប្រៀបធៀបនឹងឆ្នាំ២០២១ ពោលគឺថយចុះ ២៧ ៦១១អន្ទាក់ ឬជាង ៤៤ ភាគរយ៕
 
 

Tag:
 ក្រសួងបរិស្ថាន
  យុទ្ធនាការអន្ទាក់សូន្យ
  ខ្លាធំ
  អង្គការសម្ព័ន្ធមិត្តសត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com