ជាតិ
«ប៉ម»សម្រាប់ទស្សនាសត្វស្លាបតំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានដាក់ឱ្យប្រើប្រាស់
11, Apr 2023 , 9:59 pm        
រូបភាព
ប៉មសម្រាប់ទស្សនាសត្វស្លាបនៅតំបន់ការពារទេសភាពអន្លង់ព្រីង។ រូបភាព៖ ក្រសួងបរិស្ថាន
ប៉មសម្រាប់ទស្សនាសត្វស្លាបនៅតំបន់ការពារទេសភាពអន្លង់ព្រីង។ រូបភាព៖ ក្រសួងបរិស្ថាន
ដោយ:
ភ្នំពេញ៖ «ប៉ម»សម្រាប់ទស្សនាសត្វស្លាបនៅតំបន់ការពារទេសភាពអន្លង់ព្រីង បានសម្ពោធដាក់ឱ្យប្រើប្រាស់សម្រាប់ទស្សនាធម្មជាតិផ្សារភ្ជាប់ទឹកដី និងការសិក្សាស្រាវជ្រាវពីប្រភេទសត្វស្លាបនានា។ «ប៉ម»នេះ ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដោយប្រើប្រាស់ថវិកាសាងសងពីការលក់ឥណទានកាបូន។

 
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យ បានថ្លែងក្នុងពិធីសម្ភោធឱ្យប្រើប្រាស់ប៉មសម្រាប់ទស្សនាសត្វស្លាប នៅតំបន់ការពារទេសភាពអន្លង់ព្រីង នៅថ្ងៃទី១១ ខែមេសាថា ប៉មទស្សនាសត្វស្លាបនេះ មានកម្ពស់ ១៦ម៉ែត្រ ដើម្បីងាយស្រួលក្នុងការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងជំរុញឱ្យតំបន់នោះ ក្លាយជាកន្លែងទាក់ទាញទេសចរជិតឆ្ងាយឱ្យមកកម្សាន្ត។ 
 
បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានសាងសង់ប៉ម សម្រាប់មើលសត្វបានចំនួន​ ១០កន្លែងហើយ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ កំពត កែប និងខេត្តកំពង់ចាម។ លោកបន្តថា ប៉មចំនួន៧ ត្រូវបានសាងសង់រួចរាល់ និងបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់។ សម្រាប់ប៉មចំនួន ៣កន្លែងទៀត កំពុងសាងសង់។
 
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា តំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ការពារមួយ ក្នុងចំណោមតំបន់ការពារទាំង៤ ក្នុងភូមិសាស្រ្តខេត្តកំពត ដែលមានផ្ទៃដីសរុបទំហំ ២១៧ហិកតា ស្ថិតក្នុងឃុំសាលាខាងត្បូង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។  លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា តំបន់ការពារទេសភាពអន្លង់ព្រីងនេះ បង្កើតឡើងក្នុងគោលបំណងថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ីវប្បធម៌ និងជីវចម្រុះក្នុងតំបន់។ ពិសេសវាជាទីជម្រក និងកន្លែងរកចំណីរបស់សត្វក្រៀល និងពពួកសត្វស្លាប់ជាច្រើនទៀតសរុបចំនួន ៩៣ប្រភេទ។
 
សត្វក្រៀល ជាប្រភេទសត្វកម្រដែលជិតផុតពូជនៅលើពិភពលោក និងតែងតែមានវត្តមាននៅតំបន់ការពារទេសភាពអន្លង់ព្រីង រៀងរាល់ឆ្នាំក្នុងអំឡុងខែធ្នូ ដល់ខែឧសភា។ ឆ្នាំ២០២៣នេះ សត្វក្រៀលដែលមានវត្តមាន នៅតំបន់ការពារទេសភាពអន្លង់ព្រីង សរុបចំនួន ១០៣ក្បាល ដែលមានការកើនឡើងចំនួន ៦ក្បាល បើធៀបទៅនឹងឆ្នាំ២០២២ គឺមានសត្វក្រៀលចំនួន​ ៩៧ក្បាល។ នេះបើតាមលោក លោក នេត្រ ភក្ត្រា៕
 

Tag:
 ប៉ម
  តំបន់ការពារទេសភាពអន្លង់ព្រីង
© រក្សាសិទ្ធិដោយ thmeythmey.com