អន្តរជាតិ
ប្រមុខការទូតតៃវ៉ាន់៖ សមយុទ្ធចិនបង្ហាញពីការត្រៀមខ្លួនក្នុងការចាប់ផ្តើមសង្រ្គាមលើតៃវ៉ាន់
12, Apr 2023 , 9:42 am        
រូបភាព
លោក Joseph Wu រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់។ រូបភាព AFP
លោក Joseph Wu រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់។ រូបភាព AFP
ប្រមុខការទូតតៃវ៉ាន់ លោក Joseph Wu បានរិះគន់ពីសកម្មភាពយោធារបស់ក្រុងប៉េកាំង នៅជុំវិញដែនកោះខ្លួន នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា។ បើតាមរដ្ឋមន្រ្តីការបរទេសរូបនេះ សមយុទ្ធយោធាចិន បង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់ចិន ក្នុងការចាប់ផ្តើមសង្រ្គាមមកលើដែនកោះខ្លួន។



ក្រោយជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen និង លោក Kevin McCarthy ប្រធានសភាតំណាង ចិន បានធ្វើសមយុទ្ធយោធា «Joint Sword» រយៈពេល ៣ថ្ងៃ ដែលមាននាវាដឹកយន្តហោះចម្បាំងចូលរួមផងនៅជុំវិញដែនកោះតៃវ៉ាន់។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CNN លោក Joseph Wu រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ បានរិះគន់ពីសមយុទ្ធយោធាមួយនេះ និងជំរុញឱ្យតៃវ៉ាន់ ត្រូវត្រៀមខ្លួនជាស្រេចចំពោះសង្រ្គាមជាមួយចិន។ 
 
«ពិនិត្យមើលសមយុទ្ធយោធា និងសកម្មភាពម្តងហើយម្តងទៀតរបស់ពួកគេ។ ពួកគេ (ចិន) ហាក់ដូចជាព្យាយាមធ្វើខ្លួនឱ្យរួចរាល់ ក្នុងការចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងតៃវ៉ាន់»។ ប្រមុខការទូតតៃវ៉ាន់ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា តៃវ៉ាន់ មិនអាចទទួលយកបានឡើយ ចំពោះសកម្មភាពគំរាមកំហែងរបស់យោធាចិន។ 
 
ទន្ទឹមនេះ លោក Wu បានអំពាវនាវឱ្យតៃវ៉ាន់ ចាំបាច់ត្រូវតែត្រៀមខ្លួនឱ្យរួចរាល់ ចំពោះការវាយប្រហាររបស់ចិន ខណៈប្រធានាធិបតីចិន លោកស៊ី ជិនភីង អាចពិចារណាយ៉ាងម៉ត់ចត់លើសកម្មភាពយោធារបស់ខ្លួនប្រឆាំងក្រុងតៃប៉ិ។ 
 
ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី១១ ខែមេសា បានអះអាងថា យន្តហោះយោធា និងនាវាចម្បាំងចិន នៅតែបន្តបង្ហាញវត្តមាន នៅជុំវិញដែនកោះរបស់ខ្លួន បើទោះសមយុទ្ធយោធា «Joint Sword» បានបិទបញ្ចប់នៅថ្ងៃទី១០ ខែមេសាក៏ដោយ។
 
ជុំវិញសមយុទ្ធយោធាចិននេះ ប្រធានាធិបតីតៃវ៉ាន់ កន្លងមក បានរិះគន់ថា បង្កឱ្យមានអស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់ រួមទាំងចាត់ទុកកាយវិការរបស់ចិន ជាការមិនទទួលខុសត្រូវ  ក្នុងនាមជាមហាអំណាចនៅក្នុងតំបន់។
 
ចំណែកក្រុងប៉េកាំង កន្លងមក ក៏បានរិះគន់ជំនួបលោកស្រី Tsai និងលោក McCarthy ដែរ និងជំរុញឱ្យអាម៉េរិក គោរពគោលការណ៍ចិនតែមួយ និងកិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរមានជាមួយគ្នា ទាក់ទិននឹងតៃវ៉ាន់។ លើសពីនេះ ចិន បានចាត់ទុកការប្រកាសឯករាជ្យរបស់តៃវ៉ាន់ ជាការបង្កឱ្យមានការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់៕ 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com