អន្តរជាតិ
អ.ស.ប ថា ជនស៊ីវិលអ៊ុយក្រែនស្លាប់ជិត៨.៥០០នាក់
13, Apr 2023 , 8:39 am        
រូបភាព
រូបឯកសារ៖ បុគ្គលិកពេទ្យបានផ្ទេរអ្នកដែលរងរបួសពីរថភ្លើងទៅកាន់រថយន្តសង្គ្រោះនៅពេលមកដល់ពីទីក្រុង Lviv នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
រូបឯកសារ៖ បុគ្គលិកពេទ្យបានផ្ទេរអ្នកដែលរងរបួសពីរថភ្លើងទៅកាន់រថយន្តសង្គ្រោះនៅពេលមកដល់ពីទីក្រុង Lviv នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
ដោយ: VOA
អ.ស.ប.និយាយនៅថ្ងៃអង្គារនេះថា ចំនួនជនស៊ីវិលត្រូវបានសម្លាប់ក្នុងប្រទេសអ៊ុយក្រែនតាំងពីរុស្ស៊ីលុកលុយពេញទំហឹងមានជិត៨.៥០០នាក់ ដោយតួលេខពិតប្រាកដទំនងជាច្រើនជាងនេះ។
 
ការិយាល័យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ថែមលើចំនួនមនុស្សត្រូវសម្លាប់ ការិយាល័យនេះក៏បានបញ្ជាក់ថា ជនស៊ីវិលជាង១៤.០០០នាក់ទៀតបានត្រូវរបួស។
 
ទីភ្នាក់ងារនេះបាននិយាយថា «ការិយាល័យ OHCHR មានជំនឿថា តួលេខពិតប្រាកដមានច្រើនជាងនេះ ពីព្រោះព័ត៌មានមកពីកន្លែងខ្លះ ដែលមានការប្រយុទ្ធគ្នាខ្លាំងបានមកដល់យឺត ហើយរបាយការណ៍ជាច្រើនរង់ចាំការបញ្ជាក់ការពិត។ កង្វល់ទាំងនេះមាននៅទីក្រុង Mariupol ក្នុងតំបន់ Donetsk ទីក្រុង Lysychansk Popasna និង Sievierodonetsk ក្នុងតំបន់ Luhansk ដែលនៅទីទាំងនោះមានការចោទថាមានជនស៊ីវិលច្រើននាក់បានស្លាប់។
 
អ.ស.ប.បានថ្លែងថា នៅពេល៩ថ្ងៃដំបូងនៃខែមេសាខ្លួនបានបញ្ជាក់ថា មានជនស៊ីវិល៤៤នាក់ លើកលែងតែម្នាក់ បានស្លាប់ដោយសារ«អាវុធផ្ទុះនាំឱ្យមានផលប៉ះពាល់លើតំបន់ធំធេង‍»។
 
ពួកមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីនិងអ៊ុយក្រែនបានប្តូរទាហានគ្នាជាង២០០នាក់ នៅក្នុងការប្តូរអ្នកទោសថ្មីៗបំផុតរបស់ពួកគេ។
 
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទាហានខ្លួន១០៦នាក់ត្រូវបានដោះលែងពីការឃុំឃាំងរបស់អ៊ុយក្រែន ចំណែកឯលោក Andriy Yermak នាយកខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងថារុស្ស៊ីបានដោះលែងអ្នកទោសអ៊ុយក្រែន១០០នាក់។
 
គ្មានសេចក្តីប្រកាសណាមួយប្រាប់សេចក្តីលម្អិតអំពីថា តើការប្តូរអ្នកទោសទាំងនេះត្រូវបានធ្វើដោយបែបណាទេ។ លោក Yermak បាននិយាយនៅក្នុងTelegram ថា ទាហានអ៊ុយក្រែនខ្លះមានរបួសធ្ងន់ និងមានជំងឺផងដែរ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com