ជាតិ
សេដ្ឋកិច្ច
កម្ពុជា បានចំណូលពីគយជាង៥០០លានដុល្លារ ក្នុងត្រីមាសទីមួយ
12, Apr 2023 , 7:59 pm        
រូបភាព
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករត្រីមាសទីមួយ នាថ្ងៃទី១១មេសា
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករត្រីមាសទីមួយ នាថ្ងៃទី១១មេសា
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលចូលជាតិបានប្រមាណ ៥៦៤,១លានដុល្លារក្នុងត្រីទីមួយនៃឆ្នាំ២០២៣។ ចំណូលដែលប្រមូលបាននេះ ធ្លាក់ចុះ​ជាង៥ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២២។

 
ចំណូលជាតិនេះត្រូវបានលើកឡើងដោយលោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករត្រីមាសទីមួយ នាថ្ងៃទី១១មេសាឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា លទ្ធផលដែលសម្រេចបាននេះ គឺស្មើ២០,៥ភាគរយនៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
 
របាយការណ៍ដែលបង្ហាញដោយលោក គុណ ញឹម បានបញ្ជាក់ថាក្នុងចំណោម​ចំណូល​គយសរុប ៥៦៤,១លានដុល្លារ គឺមាន ៩៤៩,៨ពាន់លានរៀល បានពីអាករលើតម្លៃ​បន្ថែម​(VAT)​។
អាករពិសេសមាន ៧៥២,២ ពាន់លានរៀល, ពន្ធគយមាន៤៥៩,៥ ពាន់លាន​រៀល​, អាករបន្ថែមលើផលិតផលប្រេងមាន៨៧,៦ពាន់លានរៀល និងអាករនាំចេញ​និង​កម្រៃ​ផ្សេងៗ​មាន៥៣,៨ពាន់លានរៀល ។​
 
ប្រមូលពីពន្ធ យានយន្ត និងគ្រឿងចក្រមានចំនួន ៨៣៥,៦ពាន់លានរៀល​(ប្រមាណ​២០,៥០​​លានដុល្លារ),​  ទំនិញចម្រុះមានចំនួន ៧៥៧,២ពាន់លានរៀល (១៨,៦​លាន​ដុល្លារ), តេលសិលាមានចំនួន ៥៥៣,៥ពាន់លានរៀល, គ្រឿងសំណង់ និងកម្រៃផ្សេងៗមាន១៥៦,៦ ពាន់លានរៀល។​
 
កាលឆ្នាំ​២០២២​ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារកចំណូលបាន​ចំនួន ១០ ៩៩៨,៩ ប៊ី​លាន​រៀល ដែល​ស្មើនឹង​ប្រមាណ ២ ៦៩០,៥ លាន​ដុល្លារ។​ ចំនួនកើនឡើង ១៨,៣​ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​៕​ 
 

Tag:
 ពន្ធគយ
© រក្សាសិទ្ធិដោយ thmeythmey.com