អន្តរជាតិ
លោក Blinken នឹង​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ដើម្បី​ពង្រឹង​ចំណង​ទ្វេ​ភាគី
12, Apr 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើឡើង​ជាផ្នែក​មួយ​នៃ​កិច្ចប្រជុំ​របស់​អង្គការ​អូតង់​នៅ​ទីក្រុង Bucharest ប្រទេស​រ៉ូម៉ានី កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើឡើង​ជាផ្នែក​មួយ​នៃ​កិច្ចប្រជុំ​របស់​អង្គការ​អូតង់​នៅ​ទីក្រុង Bucharest ប្រទេស​រ៉ូម៉ានី កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
ដោយ: VOA
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​និង​ជប៉ុន​ក្នុង​សប្ដាហ៍​នេះ។

 
ទស្សនកិច្ច​លើក​ដំបូង​របស់​លោក Blinken ទៅ​កាន់​វៀតណាម​ក្នុង​នាម​ជា​មន្ត្រី​ការទូត​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​កើត​មាន​ឡើង​នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​នេះ​សម្លឹង​មើល​ឱកាស​សម្រាប់​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​នៃ​ប្រទេស​របស់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​អាច​នឹង​កើត​ឡើង​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិភាគ។ ​
 
ក្រោយពី​ដំណើរ​ទៅ​ប្រទេស​វៀតណាម លោក Blinken នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី ១៦ ​ខែមេសា ដែល​នៅ​ទីនោះ​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​នាំ​មុខ​ហៅ​កាត់ថា G-7 ​នឹង​ជួប​ប្រជុំ​គ្នា​នៅក្នុង​ក្រុង Karuizawa ក្នុង​ខេត្ត​ Nagano ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​សន្ដិសុខ​បន្ទាន់​នានា។
 
ឆ្នាំ​នេះ​គឺ​ជា​ខួប​ទី ១០ នៃ​ទំនាក់ទំនង​ដៃគូ​គ្រប់ជ្រុងជ្រោយ​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាម។ ប្រទេស​ទាំងពីរ​បាន​ពិភាក្សា​គ្នា​អំពី​វិធី​ពង្រឹង​ចំណងទាក់ទង​កាន់​តែ​ខ្លាំងក្លា​ថែម​ទៀត ដែល​នោះ​គឺ​ជា​ដៃគូ​យុទ្ធសាស្ត្រ។
 
«យើង​មាន​ទំនាក់ទំនង​ផ្នែក​សន្ដិសុខ​ដ៏​ល្អ​មួយ»។ នេះ​ជាការ​បញ្ជាក់​របស់​លោក Daniel Kritenbrink ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ីខាង​កើត​និង​ប៉ាស៊ីហ្វិក​ទៅ​កាន់ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​អំឡុងពេលនៃ​ការ​ធ្វើ​សន្និសីទ​តាម​ទូរស័ព្ទ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​លោក​បាន​យោង​ទៅ​លើ​ការ​ចុះ​សំចត​របស់​នាវា​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​និង​ជំនួយ​ផ្នែក​សន្ដិសុខ​ទៅ​កាន់​យោធា​វៀតណាម។
 
សហរដ្ឋ​អាមេរិក​គឺ​ជា​ទីផ្សារ​នាំ​ចេញ​ធំបំផុត​របស់​វៀតណាម។ វៀតណាម​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ខាង​ទំនិញ​ធំ​បំផុត​ទី​៨​របស់​សហរដ្ឋ​អាមេរិក។
ជំនួប​របស់​លោក Blinken ជាមួយ​នឹង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​វៀតណាម​ក្នុង​ទីក្រុង​ហាណូយ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​និង​ប្រធាន​បក្ស​កុម្មុយនីស្ដ​ដែល​កាន់​អំណាច​របស់​វៀតណាម​លោក Nguyen Phu Trong កាល​ពី​ថ្ងៃទី ២៩ ខែមីនា នៅ​ពេល​ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​បាន​ព្រមព្រៀង​គ្នា​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី​បន្ថែម​ទៀត។
 
វៀតណាម​រក្សា​ទំនាក់ទំនង​ការទូត​ដែល​មាន​ ៣ ​កម្រិត​ជាមួយ​នឹង​ប្រទេស​ដទៃទៀត​ដែល​រួម​មាន​ ដៃគូ​គ្រប់ជ្រុងជ្រោយ ​ដៃគូ​យុទ្ធសាស្ត្រ ​និង​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ។ សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​នេះ​គឺ​ជា​ដៃ​កម្រិត​ទី ៣ ​សម្រាប់​វៀតណាម។ ចិន​និង​រុស្ស៊ី​គឺ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​រក្សា​ចំណងទាក់ទង​កម្រិត​កំពូល​ជាមួយ​នឹង​វៀតណាម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com