ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ព្រះសង្ឃវត្តឧត្តមមានជ័យ ធ្វើរូបទន្សាយចំបើងបែបត្លុកចំនួន៥ក្បាល ដើម្បីអបអរបុណ្យចូលឆ្នាំ
12, Apr 2023 , 5:59 pm        
រូបភាព
 រូបភាព៖ វត្តឧត្តមមានជ័យ
រូបភាព៖ វត្តឧត្តមមានជ័យ
ភ្នំពេញ៖ ព្រះសង្ឃគង់នៅវត្តឧត្ដមមានជ័យ ឬហៅថាវត្តពាម ស្ថិតក្នុងភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង បានកែច្នៃចំបើងទៅជារូបទន្សាយបែបត្លុកចំនួន៥ក្បាល ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៤ ១៥ និង១៦ ខែមេសានេះ។



ព្រះតេជគុណ ជិន វាសនា ចៅអធិការវត្តឧត្តមមានជ័យ បានមានសង្ឃដីកាសារព័ត៌មានថ្មីៗ២៥ថា ជារៀងរាល់ឆ្នាំ វត្តឧត្តមមានជ័យតែងតែច្នៃចំបើង ឬឧបករណ៍ផ្សេងៗ ធ្វើជារូបសត្វតំណាងឆ្នាំនីមួយៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ 
  


ដោយឡែក នៅឆ្នាំ២០២៣នេះ វត្តបានធ្វើរូបទន្សាយចំនួន៥ ដែលមានបណ្ដាយ ៥ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ ក្នុងនោះ រូបទន្សោយចំនួន៣ ត្រូវបានយកទៅដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍សង្រ្កានខេត្តព្រៃវែង និង ២ទៀតត្រូវដាក់តាំងក្នុងវត្ត។ រូបទន្សាយមួយក្បាល ត្រូវចំណាយពេលធ្វើប្រហែល ៤ទៅ៥ និងចំណាយថវិការសរុបប្រហែល ២០ម៉ឺនរៀល។ 
 
ព្រះតេជគុណ ជិន វាសនា បញ្ជាក់ថា រូបទន្សាយទាំងនេះ មានលក្ខណៈកំប្លុកកំប្លែង ដើម្បីឱ្យពលរដ្ឋចាប់អាម្មណ៍ និងជួយបង្កើនបរិយាកាសរីករាយនៅឱកាសចូលឆ្នាំខ្មែរ។ ទន្សាយចំបើងទាំងនេះ ត្រូវបានធ្វើឡើងដោយកូននេនតូចៗចំនួន ១០នាក់។ 
  


ព្រះអង្គមានសង្ឃដីកាដូច្នេះថា៖« ដោយសារក្មេងៗក្នុងស្រុកភូមិនេះ មានការចាប់អាម្មណ៍ ចំពោះរូបសត្វដែលធ្វើពីចំបើង​ ហើយមានលក្ខណៈកំប្លុកកំប្លែង។ អ៊ីចឹង បានអាត្មាមានគំនិតថា ធ្វើឱ្យធំ នឹងអាចបានឱ្យក្មេងៗថតរូប សប្បាយផង។ យើងអត់មានជាងណាជួយធ្វើទេ នេះគ្រាន់តែជាគំនិតរបស់អាត្មា និងឱ្យកូនសិស្សតូចៗជួយធ្វើប៉ុណ្ណោះ»។ 
 
ជាមួយគ្នានេះ វត្តឧត្តមមានជ័យ ក៏បានរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយ ដូចជា បោះអង្គញ់ ទាញព្រ័ត្រ និងល្បែងកម្សាន្ត ជាច្រើនទៀត ពិសេសការដាក់តាំងបង្ហាញនូវឧបករណ៍នេសាទ និងសម្ភារប្រើប្រាស់មួយចំនួន ដូចជាកញ្ច្រែង ឈ្នាង អង្រុត ដើម្បីឱ្យក្មេងជំនាន់ក្រោយបានស្គាល់ពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ៕ 
 
សូមលោក អ្នកនាងទស្សនារូបភាពខាងក្រោម៖
 














Tag:
 បុណ្យចូលឆ្នាំ
  វត្តឧត្ដមមានជ័យ
  ទន្សាយចំបើង
© រក្សាសិទ្ធិដោយ thmeythmey.com