កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ ​Real Madrid យកឈ្នះ Chelsea ខណៈ AC Milan ឆ្មក់ជ័យជម្នះលើ ​Napoli
13, Apr 2023 , 1:59 pm        
រូបភាព
ដោយ:
ក្រុម ​Real Madrid បានប្រកួតយកឈ្នះលើក្រុម Chelsea ដែលមានកីឡាករត្រឹម ១០នាក់ក្នុងលទ្ធផល ២-០ នៃជំនួបពានរង្វាន់ UEFA Champions League វគ្គ ៨ក្រុមចុងក្រោយជើងទីមួយ។ ចំណែកការប្រកួតក្រុមជើងខ្លាំងមកពីអ៊ីតាលីចំនួន ២​ ដោយ AC Milan ឆ្មក់បានជ័យជម្នះលើ SSC Napoli លទ្ធផល ១-០។


 
ការស្វាគមន៍ក្រុមតោខៀវនៅទឹកដីទីក្រុងម៉ាឌ្រីដ​ ប្រទេសអេស្ប៉ាញ កីឡាករខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបើកឆាកនាំមុខឱ្យក្រុមម្ចាស់ផ្ទះមុននៅត្រឹមនាទី ២១ ដែលជាការស៊ុតបាល់បន្ថែមក្រោយពីការស៊ុតរបស់ខ្សែប្រយុទ្ធមិត្តរួមក្រុម Vinicius Jr ស៊ុតទៅត្រូវបានអ្នកចាំទី Kepa Arrizabalaga សង្រ្គោះបានម្តង។


 
ស៊ុតបាល់ចូលទល់ Chelsea គ្រាប់បាល់នោះជាគ្រាប់ទី៩០ ប្រចាំនៅក្នុង Champions League សម្រាប់កីឡាករសញ្ជាតិបារាំង និងជាក្រុមទី១១ ដែលរូបគេបានស៊ុតចូលទល់ក្រុមនៅអង់គ្លេស។
 
ក្លិប Chelsea ហាក់ធ្វើមិនសូវបានល្អក្នុងការប្រកួត រហូតនៅក្នុងនាទី ៥៩ កីឡាករខ្សែការពារស្លាបឆ្វេរ Ben Chilwell ទទួលបានកាតក្រហម បន្ទាប់ពីបានបង្កកំហុសប៉ះទង្គិចលើកីឡាករ Rodrygo ដោយការចាប់ទាញអាវ ខណៈពេលកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលកំពុងតែសម្លឹងមើលឱកាសស៊ុតបាល់បញ្ចូលទី។
 
ទោះជាយ៉ាង ការសម្រុកដ៏ខ្លាំងពីសំណាក់ក្រុមម្ចាស់ការពារតំណែងជើងឯក ធ្វើបានលទ្ធផលបន្ថែមនៅនាទី ៧៤ ដោយកីឡាករ Marcos Asensio អាចស៊ុតរកបានគ្រាប់បាល់បន្ថែម ១គ្រាប់ទៀត ដែលជាការបញ្ជូនបានយ៉ាងល្អពីសំណាក់ ​Vinicius Jr។
 
ជ័យជម្នះក្នុងទឹកដី Santiago Bernabeu បានជួយឱ្យក្រុមម្ចាស់ជើងឯក UCL ១៤ សម័យ មានភាគរយខ្ពស់ក្នុងដៃដើម្បីឆ្លងទៅកាន់វគ្គបន្ទាប់ទៀត និងជាឱកាសល្អសម្រាប់ពួកគេក្នុងការប្រកួតនៅជើងទីពីរនាទឹកដី Stamford Bridge នៅថ្ងៃទី១៨ ខែមេសាខាងមុខ។
 
ដោយឡែកសម្រាប់ការប្រកួតគូដទៃទៀត ក្រុមជើងខ្លាំងចំនួន ២ មកពីអ៊ីតាលីដូចគ្នា ក្រុម AC Milan បានយកឈ្នះលើ SSC Napoli ក្នុងលទ្ធផល ១-០។ ការប្រកួតរវាងក្រុមទាំងពីរពោរពេញទៅដោយភាពតានតឹងយ៉ាងខ្លាំង បើទោះកីឡាករ Ismael Bennacer អាចស្វែករកការនាំមុខមុន ១គ្រាប់នៅនាទី៤០ មកក្តី។ 
 
ជាក្រុមមកពីអ៊ីតាលី ហើយប្រជែងគ្នាខ្លាំងទាំងនៅក្នុងលីគ ក្រុមទាំងពីរបញ្ចប់លទ្ធផល ១-០ ទៅដោយភាពចម្រូងចម្រាស់នៃការប៉ះទង្គិចគ្នា ដោយក្នុងការប្រកួតកីឡាករលើទីលានរបស់ក្រុមទាំងពីរទទួលបានកាតលឿងសរុបចំនួន ១១កាត់ និងកាតក្រហម១ ទៅលើកីឡាករក្រុម Napoli៕
 

Tag:
 UEFA Champions League
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com